គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 5:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅ​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​អញ អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​បាន​ចាប់​តាំង​ពី​បុរាណ គឺ​ពី​អស់‌កល្ប​រៀង​មក

2. ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ​ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល​បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

3. អ្នក​នោះ​នឹង​ឈរ​ឡើង​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន ដោយ‌សារ​ឥទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌យេហូវ៉ា និង​ឫទ្ធា‌នុភាព​របស់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន នោះ​គេ​នឹង​ស្ថិត‌ស្ថេរ​នៅ ដ្បិត​អ្នក​នោះ​នឹង​បាន​ជា​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត

4. អ្នក​នោះ​នឹង​បាន​ជា​ទី​ក្សេម‌ក្សាន្ត​ដល់​យើង ដូច្នេះ​កាល​ណា​ពួក​អាស‌ស៊ើរ​លុក‌លុយ ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ចូល​មក​ក្នុង​ដំណាក់​យើង នោះ​យើង​នឹង​លើក​ពួក​អ្នក​គង្វាល​៧​នាក់ និង​ពួក​ជា​ប្រធាន​៨​នាក់​ឲ្យ​ទាស់​នឹង​គេ

5. ពួក​នោះ​នឹង​បំផ្លាញ​ស្រុក​អាស‌ស៊ើរ​ដោយ​ដាវ និង​ស្រុក​នីមរ៉ូឌ​ត្រង់​ទ្វារ​ស្រុក​គេ​ផង អ្នក​នោះ​នឹង​ដោះ​ឲ្យ​យើង​រួច​ពី​ពួក​សាសន៍​អាស‌ស៊ើរ ក្នុង​កាល​ដែល​គេ​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង មក​ក្នុង​ព្រំ​ស្រុក​របស់​យើង​ដែរ

6. គ្រា​នោះ សំណល់​នៃ​ពួក​យ៉ាកុប នឹង​នៅ​កណ្តាល​សាសន៍​ជា​ច្រើន ទុក​ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ដូច​ទឹក​ភ្លៀង​រ៉ុយៗ​នៅ​លើ​ស្មៅ ដែល​មិន​រង់‌ចាំ​មនុស្ស​ទេ ក៏​មិន​សង្ឃឹម​ដល់​មនុស្ស​ជាតិ​ដែរ

7. ហើយ​សំណល់​នៃ​ពួក​យ៉ាកុប​នឹង​នៅ​កណ្តាល​ប្រទេស​ដទៃ គឺ​នៅ​ក្នុង​សាសន៍​ផ្សេងៗ​ជា​ច្រើន ដូច​ជា​សិង្ហ​នៅ​កណ្តាល​ពួក​សត្វ​ព្រៃ គឺ​ដូច​ជា​សិង្ហ​ស្ទាវ នៅ​កណ្តាល​ហ្វូង​ចៀម​ជា​សត្វ​ដែល​កាល​ណា​ដើរ​កាត់​កណ្តាល​ហ្វូង នោះ​ក៏​ជាន់​ឈ្លី ហើយ​ហែក‌ហួរ ឥត​មាន​អ្នក​ណា​សំរាប់​នឹង​ជួយ​ឲ្យ​រួច​ឡើយ

8. យ៉ាង​នោះ​ដៃ​ឯង​នឹង​បាន​លើក​ឡើង​លើ​ពួក​ដែល​តតាំង​នឹង​ឯង ហើយ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​នឹង​ត្រូវ​កាត់​ចេញ​ទៅ។

9. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​កាត់​អស់​ទាំង​សេះ​របស់​ឯង​ពី​ពួក​ឯង​ចេញ ហើយ​នឹង​បំផ្លាញ​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន​របស់​ឯង​ដែរ

10. អញ​នឹង​កាត់​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ឯង​ចេញ ហើយ​នឹង​រំលំ​គ្រប់​ទាំង​ទី​មាំ‌មួន​របស់​ឯង​បង់

11. អញ​នឹង​កំចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ នោះ​ឯង​នឹង​គ្មាន​គ្រូ​នក្ខត្ត‌ឫក្ស​ទៀត​ត​ទៅ

12. អញ​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្តាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៅ

13. អញ​នឹង​រំលើង​រូប​ព្រះ​របស់​ឯង ចេញ​ពី​កណ្តាល​ឯង​បង់ ហើយ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង

សូមអានជំពូកពេញលេញ មីកា 5