ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អ្នក​ធំ​ប្រើ​អំណាច​ជិះ‌ជាន់​ជន​តូច‌តាច

1. វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង នោះ​គេ​ធ្វើ​ការ​នោះ​ទៅ ពី​ព្រោះ​គេ​មាន​កំឡាំង​ដៃ​នឹង​ធ្វើ​បាន

2. គេ​លោភ​ចង់​បាន​ស្រែ​ចំការ ក៏​ដណ្តើម​យក​បាន ព្រម​ទាំង​ផ្ទះ​ផង ហើយ​រឹប​យក​ទៅ គេ​សង្កត់‌សង្កិន​ទាំង​មនុស្ស និង​ផ្ទះ​របស់​គេ គឺ​ជា​មនុស្ស និង​មរដក​របស់​គេ​ដែរ

3. ហេតុ​នោះ ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​ក៏​គិត‌គូរ​បង្កើត​ការ​អាក្រក់​ទាស់​នឹង​គ្រួសារ​នេះ​ដែរ ជា​ការ​ដែល​ឯង​រាល់​គ្នា​នឹង​មិន​ដែល​ដក​ក​ចេញ​បាន​ឡើយ ឯង​រាល់​គ្នា​ក៏​នឹង​មិន​ដើរ ដោយ​វាយ‌ឫក​ទៀត​ដែរ ដ្បិត​គ្រា​នោះ​នឹង​បាន​ជា​គ្រា​អាក្រក់

4. នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​តាំង​ប្រើ​ពាក្យ​ប្រៀប‌ធៀប​ចាក់​ដោត​ឯង ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល​ដោយ​ពាក្យ​ថា យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​ទ្រង់​បាន​ផ្លាស់​មរដក​របស់​សាសន៍​ខ្ញុំ អើ ទ្រង់​បាន​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ចែក​ស្រែ​ចំការ​របស់​យើង ឲ្យ​ដល់​ពួក​អ្នក​បះ‌បោរ​វិញ

5. ដូច្នេះ ឯង​នឹង​មិន​មាន​អ្នក​ណា​សំរាប់​កាន់​ខ្សែ​វាស់​តាម​ឆ្នោត នៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។

6. គេ​ថា កុំ​ឲ្យ​ទាយ​ឲ្យ​សោះ អើ ពួក​ហោរា​នឹង​លែង​ទាយ​ដល់​ពួក​យ៉ាង​នេះ​ហើយ តែ​សេចក្តី​ដំនៀល​នឹង​មិន​ផុត​ឡើយ

7. ឱ​ពួក​វង្ស​យ៉ាកុប​អើយ តើ​ហ៊ាន​និយាយ​យ៉ាង​នោះ​ឬ ឯ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា តើ​ទ្រង់​ត្រូវ​ទុញ‌ទាល់​ឬ តើ​ទ្រង់​ឬ​អី ដែល​ធ្វើ​ការ​ទាំង​នោះ តើ​ពាក្យ​អញ​មិន​ធ្វើ​ល្អ ដល់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់​ទេ​ឬ​អី

8. ពី​មុន​មក រាស្ត្រ​អញ​បាន​លើក​គ្នា ដូច​ជា​ខ្មាំង​សត្រូវ​វិញ ឯ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ ដោយ​សុខ‌សាន្ត នោះ​ឯង​រាល់​គ្នា​តែង‌តែ​កន្ត្រាក់​យក​អាវ​វែង​ចេញ ទុក​នៅ​តែ​អាវ​ខ្លី គឺ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ដែល​ត្រឡប់​មក​ពី​ចំបាំង​វិញ

9. ឯង​រាល់​គ្នា​ក៏​បណ្តេញ​ពួក​ស្រីៗ​ក្នុង​រាស្ត្រ​អញ ចេញ​ពី​ផ្ទះ​ដ៏​គាប់​ចិត្ត​របស់​គេ ហើយ​ដក​សិរី‌ល្អ​របស់​អញ ចេញ​ពី​ពួក​កូន​តូចៗ​របស់​គេ​នៅ​ជានិច្ច​ដែរ

10. ចូរ​ក្រោក​ឡើង ហើយ​ចេញ​ទៅ​ចុះ ដ្បិត​នេះ​មិន​មែន​ជា​ទី​ឲ្យ​ឯង​រាល់​គ្នា​បាន​សំរាក​នៅ​ទេ ដោយ​ព្រោះ​សេចក្តី​ស្មោក‌គ្រោក​ដែល​បំផ្លាញ ដោយ​ការ​បំផ្លាញ​យ៉ាង​អាក្រក់

11. បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​និស្ស័យ​កំភូត មក​កុហក​ថា ខ្ញុំ​នឹង​ទាយ​ប្រាប់​អ្នក​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ពី​គ្រឿង​ស្រវឹង គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន‌ជាតិ​នេះ។

ព្រះ‌អម្ចាស់​ប្រមូល​ផ្តុំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់

12. ឱ​យ៉ាកុប​អើយ អញ​នឹង​កៀរ​ប្រមូល​ឯង​ទាំង​អស់​គ្នា​មក​ជា​ពិត អញ​នឹង​នាំ​សំណល់​ពួក​អ៊ីស្រា‌អែល​មក​ប្រជុំ​គ្នា អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា ដូច​ជា​ហ្វូង​ចៀម​ពី​ស្រុក​បុសរ៉ា គឺ​ដូច​ជា​សត្វ​១​ហ្វូង​នៅ​កណ្តាល​វាល​ស្មៅ គេ​នឹង​បព្ចោញ​សូរ​អ៊ូអរ​ជា​ខ្លាំង​ដោយ​មាន​គ្នា​ច្រើន

13. ពួក​អ្នក​ដែល​សំរាប់​បុក​ទំលាយ បាន​ឡើង​នាំ​មុខ​គេ​ទៅ គេ​បាន​បំបាក់​បំបែក​ឲ្យ​មាន​ចន្លោះ​ហើយ រួច​រំលង​ទៅ​ដល់​ទ្វារ​ក្រុង ហើយ​បាន​ចេញ​ទៅ​តាម​ទី​នោះ ស្តេច​គេ​បាន​យាង​នាំ​មុខ​គេ ហើយ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ពី​មុខ​គេ​បង្អស់។