គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 1:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​មីកា​ជា​ពួក​ម៉ូរ៉ាស៊ីត នៅ​ក្នុង​រាជ្យ​នៃ​យ៉ូថាម អេហាស និង​ហេសេគា ជា​ស្តេច​យូដា ជា​សេចក្តី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ក្រុង​សាម៉ារី ហើយ​នឹង​ក្រុង​យេរូ‌សាឡិម។

2. ម្នាល​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ទាំង​អស់​គ្នា​ចុះ ឱ​ផែនដី និង​សព្វ​សារពើ​ដែល​នៅ​ផែនដី​អើយ ចូរ​ប្រុង​ស្តាប់​ចុះ ហើយ​បើក​ឱកាស​ឲ្យ​ព្រះ‌អម្ចាស់​យេហូវ៉ា ធ្វើ​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា គឺ​ឲ្យ​ព្រះ‌អម្ចាស់​ធ្វើ​បន្ទាល់​ពី​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់

3. ដ្បិត​មើល ព្រះ‌យេហូវ៉ា ទ្រង់​កំពុង​យាង​ចេញ​ពី​ទី​កន្លែង​របស់​ទ្រង់ ក៏​នឹង​យាង​ចុះ​មក​ជាន់​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ផែនដី​ដែរ

4. អស់​ទាំង​ភ្នំ​នឹង​រលាយ​ពី​ក្រោម​ទ្រង់​ទៅ ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត

5. នេះ​គឺ​ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​យ៉ាកុប និង​អំពើ​បាប​របស់​ពួក​វង្ស​អ៊ីស្រា‌អែល អំពើ​រំលង​របស់​ពួក​យ៉ាកុប​នោះ​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​សាម៉ារី​ទេ​ឬ​អ្វី ហើយ​អស់​ទាំង​ទី​ខ្ពស់​របស់​ពួក​យូដា​ជា​អ្វី តើ​មិន​មែន​ជា​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី

6. ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​សាម៉ារី​បាន​ដូច​ជា​គំនរ​នៅ​ទី​វាល ជា​កន្លែង​សំរាប់​ធ្វើ​ចំការ​ទំពាំង‌បាយ‌ជូរ អញ​នឹង​ចាក់​ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​ក្រុង​ទៅ​ក្នុង​ច្រក​ភ្នំ ហើយ​នឹង​បើក​ឲ្យ​ឃើញ​ឫស​ជញ្ជាំង

7. នោះ​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី​ទៅ ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ដោយ​ភ្លើង អញ​នឹង​បំផ្លាញ​អស់​ទាំង​របស់​គេ​បង់ ពី​ព្រោះ​គេ​បាន​សន្សំ​អស់​ទាំង​រូប​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង ហើយ​វា​នឹង​ត្រូវ​ត្រឡប់​ជា​រង្វាន់​ឈ្នួល​របស់​ស្រី​សំផឹង​វិញ​ទៀត។

8. ដោយ​ហេតុ​នេះ​បាន​ជា​ខ្ញុំ​នឹង​សោយ​សោក ហើយ​ទ្រហោ​យំ ខ្ញុំ​នឹង​ដើរ​ដោយ​ជើង​ទទេ ហើយ​កាយ​អាក្រាត ខ្ញុំ​នឹង​ស្រែក​លូ​ដូច​ជា​ស្វាន ហើយ​នឹង​យំ​រងំ​ដូច​ជា​អូសទ្រីច

9. ដ្បិត​របួស​នៃ​ក្រុង​សាម៉ារី​នឹង​មើល​មិន​ជា​ឡើយ ពី​ព្រោះ​បាន​រាល​រហូត​ដល់​ស្រុក​យូដា​ផង ក៏​ដល់​ទ្វារ​ក្រុង​សាសន៍​ខ្ញុំ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមអានជំពូកពេញលេញ មីកា 1