គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 5:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹង​នឹក​ចាំ​ពី​ការ​ដែល​កើត​ដល់​យើង​ខ្ញុំ​រាល់​គ្នា សូម​ទ្រង់​ទត​មក​ឲ្យ​ឃើញ​សេចក្តី​ដែល​គេ​ត្មះតិ‌ដៀល​ដល់​យើង​ខ្ញុំ

2. ចំណែក​មរដក​របស់​យើង​ខ្ញុំ​បាន​បែរ​ទៅ​ជា​របស់​ពួក​អ្នក​ដទៃ ឯ​ផ្ទះ‌សំបែង​របស់​យើង​ខ្ញុំ ក៏​បាន​ទៅ​ជា​របស់​សាសន៍​ក្រៅ​ហើយ

3. យើង​ខ្ញុំ​ជា​កូន​កំព្រា ឥត​មាន​ឪពុក ម្តាយ​យើង​ខ្ញុំ​បាន​ទៅ​ជា​មេម៉ាយ

4. យើង​ខ្ញុំ​ផឹក​ទឹក​របស់​ខ្លួន ដោយ​បង់​ប្រាក់ ឯ​ឱស​របស់​យើង​ខ្ញុំ គេ​ក៏​លក់​ដល់​យើង​ខ្ញុំ​ដែរ

5. ពួក​អ្នក​ដែល​ដេញ​តាម គេ​ជិះ​ក​យើង​ខ្ញុំ យើង​ខ្ញុំ​ក៏​អស់​កំឡាំង​ឥត​មាន​ពេល​សំរាក​ឡើយ

6. យើង​ខ្ញុំ​បាន​ហុច​ដៃ​ទៅ​ឯ​ពួក​សាសន៍​អេស៊ីព្ទ និង​ពួក​សាសន៍​អាស‌ស៊ើរ​ផង ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ

7. ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ធ្វើ​បាប​ហើយ​ក៏​វិនាស​អស់​ទៅ ឯ​យើង​ខ្ញុំ​ក៏​បាន​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​គាត់​ដែរ

8. មាន​ពួក​អ្នក​បំរើ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​ខ្ញុំ ឥត​មាន​អ្នក​ណា​នឹង​ដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​គេ​ឡើយ

9. យើង​ខ្ញុំ​បាន​អាហារ​មក ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន

10. ស្បែក​យើង​ខ្ញុំ​ក្តៅ​ដូច​ជា​ជើង‌ក្រាន ដោយ​ព្រោះ​កំដៅ​នៃ​ការ​អត់‌ឃ្លាន

11. គេ​បាន​ចាប់​កំហែង​ពួក​ស្រី​នៅ​ក្រុង​ស៊ីយ៉ូន និង​ពួក​ក្រមុំៗ​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា

12. ឯ​ពួក​ចៅ‌ហ្វាយ បាន​ត្រូវ​គេ​ចង​ដៃ​ព្យួរ ហើយ​គេ​មិន​ខ្លាច​មុខ​ពួក​ចាស់‌ទុំ​ទេ

13. ពួក​កំឡោះៗ បាន​ត្រូវ​សែង​ត្បាល់‌កិន ហើយ​កូន​ក្មេង​ដើរ​ព័ន្ធ​ជើង​ទ្រេត‌ទ្រោត​ក្រោម​បាច់​ឱស

សូមអានជំពូកពេញលេញ បរិទេវ 5