11. ព្រះយេហូវ៉ាទ្រង់បានសំរេចសេចក្តីក្រោធរបស់ទ្រង់ ក៏បានចាក់សេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់ចេញហើយ ទ្រង់បានបង្កាត់ភ្លើង នៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះដល់ទាំងឫសជញ្ជាំងផង
12. ពួកស្តេចនៅផែនដី ហើយមនុស្សទាំងឡាយដែលនៅលោកីយ៍ គេមិនបានជឿថា ពួកតតាំង និងពួកខ្មាំងសត្រូវ នឹងអាចចូលតាមទ្វារក្រុងយេរូសាឡិមបានទេ
13. នេះគឺដោយព្រោះតែអំពើបាបរបស់ពួកហោរា និងអំពើទុច្ចរិតរបស់ពួកសង្ឃ ជាពួកអ្នកដែលគេបានកំចាយឈាមរបស់មនុស្សសុចរិត នៅកណ្តាលទីក្រុងទេ
14. គេដើរវីមវាម ដូចជាមនុស្សខ្វាក់នៅតាមផ្លូវ គេសុទ្ធតែប្រឡាក់ដោយឈាម ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពាល់សំលៀកបំពាក់ របស់គេបានឡើយ
15. មនុស្សទាំងឡាយស្រែកដល់គេថា ចូរទៅចុះ អាគំរក់ ចូរចេញទៅ ទៅៗ កុំមកពាល់អ្វីឡើយ កាលគេបានរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្តាលអស់ទាំងសាសន៍បានថា គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ
16. សេចក្តីខ្ញាល់របស់ព្រះយេហូវ៉ា បានកំចាត់កំចាយគេទៅ ទ្រង់មិនព្រមទតមើលគេទៀតទេ គេមិនបានគោរពប្រតិបត្តិដល់ពួកសង្ឃ ក៏មិនបានរាប់អានពួកចាស់ទុំដែរ។
17. ភ្នែកយើងរាល់គ្នាស្រវាំងទៅ ដោយចាំមើលឲ្យបានជំនួយ ដែលឥតប្រយោជន៍មកជួយយើង ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍១ ដែលជួយសង្គ្រោះមិនបាន
18. គេដេញតាមជំហានយើងដល់ម៉្លេះបានជាយើងចេញទៅឯផ្លូវមិនបាន ឯចុងបំផុតរបស់យើងកាន់តែជិតដល់ កំណត់យើងក៏សំរេច ដ្បិតចុងបំផុតរបស់យើងបានមកដល់ហើយ
19. ពួកអ្នកដែលដេញតាមយើង គេរហ័សជាងឥន្ទ្រីនៅលើអាកាស គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន
20. ព្រះអម្ចាស់ជីវិតរបស់យើង គឺជាស្តេចដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ទ្រង់ត្រូវគេចាប់ក្នុងអង្គប់របស់គេ គឺពីទ្រង់ហើយ ដែលយើងបានថា យើងរាល់គ្នានឹងជ្រកក្រោមម្លប់របស់ទ្រង់ នៅកណ្តាលពួកសាសន៍ដទៃ។
21. ឱកូនស្រីនៃស្រុកអេដំម ជាអ្នកដែលអាស្រ័យនៅស្រុកអ៊ូសអើយ ចូរមានចិត្តរីករាយ ហើយសប្បាយឡើង ពែងនេះនឹងឆ្លងដល់នាងដែរ នាងនឹងស្រវឹង ហើយនឹងសំរាតខ្លួន
22. ឲ្យកូនស្រីនៃក្រុងស៊ីយ៉ូនអើយ ទោសនៃអំពើទុច្ចរិតរបស់នាងបានគ្រប់ចំនួនហើយ ទ្រង់នឹងមិនឲ្យនាងទៅជាឈ្លើយទៀតឡើយ ឱកូនស្រីស្រុកអេដំមអើយ ទ្រង់នឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់នាង ទ្រង់នឹងបើកអំពើបាបរបស់នាងឲ្យឃើញច្បាស់។