គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 4:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាស​បាន​ទៅ​ជា​ស្រអាប់​យ៉ាង​ណា​ហ្ន៎ ឯ​មាស​សុទ្ធ នោះ​បាន​ផ្លាស់​ប្រែ​យ៉ាង​ណា​ហ្ន៎ ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធ​បាន​ចាក់​ចោល នៅ​ត្រង់​ក្បាល​គ្រប់​ទាំង​ផ្លូវ

2. ឯ​ពួក​កូន​ប្រុសៗ​របស់​ក្រុង​ស៊ីយ៉ូន ដែល​មាន​ដំឡៃ​ដូច​ជា​មាស​យ៉ាង​សំរាំង នោះ​បាន​រាប់​ទុក​ដូច​ជា​ភាជនៈ​ដី​វិញ ជា​ការ​ដែល​ដៃ​ជាង​ស្មូន​ធ្វើ​យ៉ាង​ណា​ហ្ន៎

3. ទោះ​ទាំង​មេ​ស្វាន​ក៏​បើក​ដោះ​ឲ្យ​កូន​បៅ​ដែរ តែ​ឯ​កូន​ស្រី​របស់​សាសន៍​ខ្ញុំ​វិញ នោះ​មាន​ចិត្ត​ខ្មៅ ដូច​ជា​សត្វ​អូសទ្រីច​នៅ​ទី​រហោ‌ស្ថាន

4. អណ្តាត​របស់​កូន ដែល​នៅ​បៅ បាន​ជាប់​នៅ​ក្រអូម‌មាត់​ដោយ​ស្រេក កូន​តូចៗ​វា​សូម​នំបុ័ង តែ​គ្មាន​អ្នក​ណា​កាច់​ហុច​ឲ្យ​វា​ឡើយ

5. ពួក​អ្នក​ដែល​ធ្លាប់​បរិភោគ​តាម​របៀប​រុងរឿង គេ​ស្រងល់‌ស្រងាក​នៅ​កណ្តាល​ផ្លូវ ពួក​អ្នក​ដែល​ធ្លាប់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ គេ​នៅ​ក្បែរ​គំនរ​អាចម៍​សត្វ​វិញ

6. ដ្បិត​សេចក្តី​ទុច្ចរិត​របស់​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ​បាន​ធ្ងន់​ជាង​អំពើ​បាប​របស់​ក្រុង​សូដុំម​ទៅ​ទៀត ជា​ទី​ក្រុង​ដែល​ត្រូវ​បំផ្លាញ​ក្នុង​១​រំពេច ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ឡើយ

7. ពួក​អ្នក​មាន​ត្រកូល​ខ្ពស់ នៅ​ក្នុង​ទី​ក្រុង គេ​បរិសុទ្ធ​ជាង​ហិមៈ គេ​ស​ស្អាត​ជាង​ទឹក​ដោះ​គោ សម្បុរ​គេ​ឡើង​ក្រហម​ជាង​ត្បូង​ទទឹម​ទៅ​ទៀត ហើយ​រាង​កាយ​គេ​ក៏​ភ្លឺ​ដូច​ជា​ត្បូង‌កណ្តៀង

8. ឥឡូវ​នេះ​មុខ​គេ​ខ្មៅ​ជាង​ធ្យូង​វិញ គ្មាន​អ្នក​ណា​ស្គាល់​គេ​តាម​ផ្លូវ​ទេ ស្បែក​គេ​ជាប់​នឹង​ឆ្អឹង ក៏​ស្វិត​ក្រៀម​ដូច​ជា​រំកាច់​ឈើ

9. ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ នោះ​វិសេស​ជា​ជាង​ពួក​អ្នក ដែល​ស្លាប់​ដោយ​ស្រេក​ឃ្លាន​ដ្បិត​ពួក​១​នេះ គេ​ហេវ​ទៅ ហើយ​ត្រូវ​ស្លាប់ ដោយ​ខ្វះ​ខាត​ស្បៀង​អាហារ

10. ពួក​ស្រីៗ​ដែល​មាន​ចិត្ត​ទន់​សន្តោស​បាន​ស្ងោរ​កូន​ខ្លួន​ស៊ី ដោយ​ដៃ​ខ្លួន​ឯង កូន​ទាំង​នោះ​ជា​អាហារ​ដល់​គេ ក្នុង​គ្រា​បំផ្លាញ​កូន​ស្រី​នៃ​សាសន៍​ខ្ញុំ

11. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំរេច​សេចក្តី​ក្រោធ​របស់​ទ្រង់ ក៏​បាន​ចាក់​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់​ចេញ​ហើយ ទ្រង់​បាន​បង្កាត់​ភ្លើង នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​ភ្លើង​ដែល​ឆេះ​ដល់​ទាំង​ឫស​ជញ្ជាំង​ផង

12. ពួក​ស្តេច​នៅ​ផែនដី ហើយ​មនុស្ស​ទាំង‌ឡាយ​ដែល​នៅ​លោកីយ៍ គេ​មិន​បាន​ជឿ​ថា ពួក​ត​តាំង និង​ពួក​ខ្មាំង​សត្រូវ នឹង​អាច​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​បាន​ទេ

13. នេះ​គឺ​ដោយ​ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ហោរា និង​អំពើ​ទុច្ចរិត​របស់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​គេ​បាន​កំចាយ​ឈាម​របស់​មនុស្ស​សុចរិត នៅ​កណ្តាល​ទី​ក្រុង​ទេ

14. គេ​ដើរ​វីម‌វាម ដូច​ជា​មនុស្ស​ខ្វាក់​នៅ​តាម​ផ្លូវ គេ​សុទ្ធ​តែ​ប្រឡាក់​ដោយ​ឈាម ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពាល់​សំលៀក‌បំពាក់ របស់​គេ​បាន​ឡើយ

15. មនុស្ស​ទាំង‌ឡាយ​ស្រែក​ដល់​គេ​ថា ចូរ​ទៅ​ចុះ អា​គំរក់ ចូរ​ចេញ​ទៅ ទៅៗ កុំ​មក​ពាល់​អ្វី​ឡើយ កាល​គេ​បាន​រត់​ទៅ ហើយ​ដើរ​សាត់​ព្រាត់​ទៀត នោះ​មនុស្ស​នៅ​កណ្តាល​អស់​ទាំង​សាសន៍​បាន​ថា គេ​នឹង​មិន​អាស្រ័យ​នៅ​ទី​នេះ​ទៀត​ឡើយ

សូមអានជំពូកពេញលេញ បរិទេវ 4