គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ​បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎

2. នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​ណា​មួយ​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​ភឿន‌មិត្រ​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​បាន​ត្រឡប់​ទៅ​ជា​ខ្មាំង​សត្រូវ​វិញ

3. ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏​ត្រូវ​រង​ទុក្ខ ហើយ​បំរើ​យ៉ាង​ធ្ងន់ នាង​អាស្រ័យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ឥត​មាន​សេចក្តី​សំរាក​ឡើយ ពួក​អ្នក​ដែល​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ នៅ​ច្រក​ចង្អៀត

4. អស់​ទាំង​ផ្លូវ​នៃ​ក្រុង​ស៊ីយ៉ូន​កំពុង​តែ​យំ​ទួញ ពី​ព្រោះ​គ្មាន​អ្នក​ណា​មក​ឯ​ជំនុំ​មុត‌មាំ​សោះ អស់​ទាំង​ទ្វារ​ទី​ក្រុង​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​សេចក្តី​ទុក្ខ ហើយ​តួ​ទី​ក្រុង​ក៏​មាន​សេចក្តី​ជូរ​ចត់​ដែរ

5. ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល ហើយ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្តី​ចំរើន ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ នៅ​ពី​មុខ​ពួក​ដែល​តតាំង

6. គ្រប់​ទាំង​សេចក្តី​លំអ​បាន​បាត់​ពី​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ចេញ ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រឡប់​ដូច​ជា​ប្រើស ដែល​រក​ទី​ស្មៅ​មិន​បាន ហើយ​គេ​រត់​ពី​មុខ​អ្នក​ដែល​ដេញ​តាម​ដោយ​ល្វើយ​កំឡាំង។

7. នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក នោះ​ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្តី​ដ៏​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​ពី​កាល​ដើម ក្នុង​កាល​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង​ឈប់​ផ្អាក​នៅ

សូមអានជំពូកពេញលេញ បរិទេវ 1