គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បរិទេវ 1:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទី​ក្រុង​ដែល​ពី​ដើម​មាន​ពេញ​ដោយ​មនុស្ស ឥឡូវ​បាន​ត្រមោច​នៅ​យ៉ាង​ណា​ហ្ន៎ នាង​ដែល​ពី​ដើម​ជា​ប្រធាន​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ឥឡូវ​នេះ​បាន​ត្រឡប់​ជា​មេម៉ាយ​វិញ​យ៉ាង​ណា​ហ្ន៎ ពី​ដើម​ជា​បុត្រី​នៅ​កណ្តាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ​បាន​ទៅ​ចំណុះ​គេ​វិញ​យ៉ាង​ណា​ហ្ន៎

2. នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​ណា​មួយ​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​ភឿន‌មិត្រ​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​បាន​ត្រឡប់​ទៅ​ជា​ខ្មាំង​សត្រូវ​វិញ

3. ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏​ត្រូវ​រង​ទុក្ខ ហើយ​បំរើ​យ៉ាង​ធ្ងន់ នាង​អាស្រ័យ​នៅ​កណ្តាល​អស់​ទាំង​សាសន៍​ឥត​មាន​សេចក្តី​សំរាក​ឡើយ ពួក​អ្នក​ដែល​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ នៅ​ច្រក​ចង្អៀត

4. អស់​ទាំង​ផ្លូវ​នៃ​ក្រុង​ស៊ីយ៉ូន​កំពុង​តែ​យំ​ទួញ ពី​ព្រោះ​គ្មាន​អ្នក​ណា​មក​ឯ​ជំនុំ​មុត‌មាំ​សោះ អស់​ទាំង​ទ្វារ​ទី​ក្រុង​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​សេចក្តី​ទុក្ខ ហើយ​តួ​ទី​ក្រុង​ក៏​មាន​សេចក្តី​ជូរ​ចត់​ដែរ

5. ពួក​អ្នក​ដែល​តតាំង​នឹង​នាង​បាន​ឡើង​ជា​កំពូល ហើយ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្តី​ចំរើន ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ធ្វើ​ទុក្ខ​នាង ដោយ​ព្រោះ​អំពើ​រំលង​ដ៏​បរិបូរ ពួក​ក្មេងៗ​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ នៅ​ពី​មុខ​ពួក​ដែល​តតាំង

6. គ្រប់​ទាំង​សេចក្តី​លំអ​បាន​បាត់​ពី​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ចេញ ពួក​ចៅ‌ហ្វាយ​របស់​នាង​បាន​ត្រឡប់​ដូច​ជា​ប្រើស ដែល​រក​ទី​ស្មៅ​មិន​បាន ហើយ​គេ​រត់​ពី​មុខ​អ្នក​ដែល​ដេញ​តាម​ដោយ​ល្វើយ​កំឡាំង។

7. នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក នោះ​ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្តី​ដ៏​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​ពី​កាល​ដើម ក្នុង​កាល​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង​ឈប់​ផ្អាក​នៅ

8. ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់ ហេតុ​នោះ​បាន​ជា​ត្រូវ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក អស់​អ្នក​ដែល​ធ្លាប់​លើក​មុខ​នាង ឥឡូវ​គេ​មើល‌ងាយ​វិញ ពី​ព្រោះ​គេ​បាន​ឃើញ​កេរ‌ខ្មាស​នាង​ហើយ អើ នាង​កំពុង​តែ​ថ្ងូរ ហើយ​បែរ​ថយ​ក្រោយ

9. សេចក្តី​ស្មោក‌គ្រោក​របស់​នាង​នៅ​ត្រង់​ជាយ​សំពត់ នាង​មិន​នឹក​ពី​ចុង​បំផុត​របស់​ខ្លួន​សោះ ហេតុ​នោះ​បាន​ជា​នាង​ត្រូវ​ចុះ​មក​យ៉ាង​អស្ចារ្យ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ទត​សេចក្តី​វេទនា​របស់​ខ្ញុំ​ម្ចាស់​ចុះ ដ្បិត​ខ្មាំង​សត្រូវ​មាន​សេចក្តី​ឆ្មើង‌ឆ្មៃ

10. ពួក​សង្កត់‌សង្កិន​បាន​លូក​ដៃ​មក​លើ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​នាង នាង​បាន​ឃើញ​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​នាង ជា​ពួក​មនុស្ស​ដែល​ទ្រង់​បាន​ផ្តាំ​ទុក មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ជំនុំ​របស់​ទ្រង់​ឡើយ

11. បណ្តា‌ជន​របស់​នាង​កំពុង​តែ​ថ្ងូរ គេ​រក​អាហារ គេ​បាន​ឲ្យ​របស់​ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ផ្តូរ​នឹង​អាហារ សំរាប់​ចំរើន​កំឡាំង​ឡើង​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។

12. ឱ​អ្នក​រាល់​គ្នា ដែល​ដើរ​បង្ហួស​អើយ តើ​មិន​អំពល់​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ សូម​ពិចារណា​មើល បើ​មាន​សេចក្តី​ទុក្ខ​ព្រួយ​ណា ដូច​យ៉ាង​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​នាំ​មក​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ នៅ​ថ្ងៃ​នៃ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

13. ទ្រង់​បាន​ចាត់​ភ្លើង​ឲ្យ​មក​ពី​ស្ថាន​ដ៏​ខ្ពស់​ចូល​ក្នុង​ឆ្អឹង​ខ្ញុំ ភ្លើង​នោះ​ក៏​ឈ្នះ​ផង ទ្រង់​បាន​ដាក់​មង​សំរាប់​ចាប់​ជើង​ខ្ញុំ ទ្រង់​បាន​បង្វែរ​ខ្ញុំ​ឲ្យ​ថយ​ទៅ​ក្រោយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ស្ងាត់ ហើយ​ល្វើយ​ជានិច្ច

14. ឯ​នឹម​នៃ​អំពើ​រំលង​របស់​ខ្ញុំ នោះ​គឺ​ព្រះ‌ហស្ត​ទ្រង់​បាន​ចង​ជាប់​ហើយ ឯ​អំពើ​ទាំង​នោះ​បាន​ជំពាក់​ជាប់​គ្នា ក៏​បាន​ឡើង​មក​ពាក់​លើ​ក​ខ្ញុំ ទ្រង់​បាន​ឲ្យ​កំឡាំង​ខ្ញុំ​ស្បើយ​ទៅ ព្រះ‌អម្ចាស់​ទ្រង់​បាន​ប្រគល់​ខ្ញុំ​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ ជា​ពួក​អ្នក​ដែល​ខ្ញុំ​ពុំ​អាច​នឹង​ទទឹង​ទាស់​បាន​ឡើយ

សូមអានជំពូកពេញលេញ បរិទេវ 1