ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

បទចំរៀង 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​ជា​ផ្កា​កុឡាប​ដែល​ដុះ​នៅ​វាល​សារ៉ុនជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។

2. ៙ មាស​សំឡាញ់​របស់​អញ​នៅ​កណ្តាល​ពួក​កូន​ស្រីៗប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា។

3. ស្ងួន​សំឡាញ់​របស់​ខ្ញុំ​នៅ​កណ្តាល​ពួក​កូន​ប្រុសៗនោះ​ប្រៀប​ដូច​ជា​ដើម​សារី នា​កណ្តាល​ពួក​ឈើ​នៅ​ព្រៃខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​នៃ​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំងហើយ​ផ្លែ​របស់​ទ្រង់​ក៏​មាន​រស​ផ្អែម​ដល់​អណ្តាត​ខ្ញុំ

4. ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ឯ​ផ្ទះ​ស៊ី‌លៀងហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំគឺ​ជា​សេចក្តី​ស្រឡាញ់

5. សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរហើយ​ចំរើន​កំឡាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផងដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់

6. ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ

7. ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើសនិង​ពួក​ក្តាន់​នៅ​វាល​ថានាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់របស់​ខ្ញុំ​ឡើយចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ទ័យ។

8. ៙ នុ៎ះន៏ សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំមើល ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំហើយ​លោត​សំទុះ​ក្អែក នៅ​លើ​ទួល

9. ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវមើល ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយទ្រង់​អើត​មើល​តាម​បង្អួចហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។

10. ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ថាមាស​សំឡាញ់​អើយ ចូរ​ក្រោក​ឡើងស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក

11. ដ្បិត​មើល រដូវ​រងា​កន្លង​ទៅ​ហើយភ្លៀង​ក៏​រាំង​ស្រឡះ​ហើយ​ដែរ

12. ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដីពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ

13. ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ផ្កាក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេងដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចូរ​ចេញ​មក

14. ឱ​ព្រាប​អញ​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្មឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អីសូម​ឲ្យ​អញ​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផងដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។

15. ៙ ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មានដែល​បំផ្លាញ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​តែ​ផ្កា​ហើយ

16. ស្ងួន​សំឡាញ់​ខ្ញុំ​ជា​របស់​ផង​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ផង​ទ្រង់​ដែរទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង

17. ឱ​ស្ងួន​សំឡាញ់​អើយ សូម​វិល​ទៅ​វិញធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​បេធើរចាំ​ដល់​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។