ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

បណ្តា‌ជន​តម​អាហារ និង​សារភាព​អំពើ​បាប​របស់​ខ្លួន

1. ដុះ​ដល់​ថ្ងៃ​២៤ ក្នុង​ខែ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​មូល​គ្នា​កាន់​ត្រណម ដោយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដី​នៅ​ខ្លួន

2. ឯ​ពូជ​អ៊ីស្រា‌អែល​ក៏​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង​លន់‌តួ​អំពើ​បាប​របស់​ខ្លួន ព្រម​ទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​អយ្យកោ​ផង

3. រួច​គេ​ឈរ​នៅ​កន្លែង​គេ​រៀង​ខ្លួន ហើយ​ពេល​ថ្ងៃ​នោះ​១​ភាគ​ក្នុង​៤ មាន​ម្នាក់​អាន​មើល​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន រួច​ពេល​១​ភាគ​ក្នុង​៤​ទៀត​ក៏​លន់‌តួ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន

4. ខណៈ​នោះ យេសួរ បានី អ័ឌីអែល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ជា​ពួក​លេវី ក៏​ឈរ​លើ​ថ្នាក់​ជណ្តើរ បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន។

5. រួច​យេសួរ កាឌមាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ជា​ពួក​លេវី គេ​ប្រកាស​ថា ចូរ​ឈរ​ឡើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​អស់‌កល្ប រៀង​ទៅ​ដល់​អស់‌កល្ប‌ជានិច្ច បាន​ប្រកប​ដោយ​ព្រះ‌ពរ ត្រូវ​តែ​សូម​ឲ្យ​ព្រះ‌នាម​របស់​ទ្រង់ ជា​ព្រះ‌នាម​ដ៏​រុងរឿង បាន​ពរ​ដែរ ជា​ពរ​ដែល​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​សេចក្តី​សរសើរ​ផង

6. គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះ‌ឯក‌អង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​លើ​នោះ និង​ផែនដី ហើយ​សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​ទប់‌ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃ ក៏​ថ្វាយ‌បង្គំ​ដល់​ទ្រង់

7. ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ទ្រង់​ហើយ ដែល​បាន​រើស​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​ឈ្មោះ​ជា​អ័ប្រា‌ហាំ​វិញ

8. ទ្រង់​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ទ្រង់ រួច​តាំង​សញ្ញា​នឹង​លោក​ថា នឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស និង​សាសន៍​គើកាស៊ី ដល់​ពូជ​របស់​លោក ទ្រង់​ក៏​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ហើយ ដ្បិត​ទ្រង់​សុចរិត។

9. ទ្រង់​បាន​ទត​ឃើញ​សេចក្តី​វេទនា​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សំរែក ដែល​គេ​ស្រែក​នៅ​ត្រង់​សមុទ្រ​ក្រហម

10. ក៏​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និង​បណ្តា‌ជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដោយ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​ពួក​អយ្យកោ​ទាំង​នោះ ដោយ​ចិត្ត​ព្រហើន ហើយ​ទ្រង់​បាន​ល្បី​ព្រះ‌នាម ដូច​មាន​សព្វ​ថ្ងៃ​នេះ

11. ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្តាល​សមុទ្រ ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម ចោល​ទៅ​ក្នុង​ទី​ជំរៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កំឡាំង

12. មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​អយ្យកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ

13. ទ្រង់​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ពី​លើ​មេឃ​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​ច្បាប់​យុត្តិ‌ធម៌​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ហើយ​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ដ៏​ល្អ​ដល់​គេ

14. ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថ្ងៃ​ឈប់​សំរាក​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ក្រឹត្យ‌ក្រម បញ្ញត្ត និង​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់

15. ទ្រង់​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចំអែត​ដល់​គេ ហើយ​បណ្តាល​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក ឲ្យ​គេ​ផឹក ក៏​បាន​បង្គាប់ ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ។

16. ប៉ុន្តែ គេ និង​ពួក​អយ្យកោ​របស់​យើង​ខ្ញុំ​ត​រៀង​មក បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ព្រហើន ព្រម​ទាំង​តាំង​ក​រឹង ឥត​ស្តាប់​តាម​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ទេ

17. គេ​មិន​ព្រម​ធ្វើ​តាម​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​ពួក​គេ​ផង គឺ​គេ​បាន​តាំង​ក​រឹង​វិញ ក្នុង​គ្រា​បះ‌បោរ​នោះ គេ​បាន​ដំរូវ​ម្នាក់​ឲ្យ​ធ្វើ​ជា​មេ ដើម្បី​នឹង​នាំ​វិល​ទៅ​ឯ​សណ្ឋាន​ជា​បាវ​បំរើ​វិញ

18. ទោះ​ទាំង​កាល​ដែល​គេ​បាន​បណ្តាល​ទំនាស់​ទ្រង់​ជា​ខ្លាំង ដោយ​សិត​ធ្វើ​រូប​កូន​គោ ហើយ​និយាយ​ថា នេះ​ជា​ព្រះ​របស់​យើង​ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ មក​ដូច្នេះ​ក្តី

19. គង់​តែ​ទ្រង់​មិន​បាន​បោះ‌បង់​ចោល​គេ នៅ​ទី​រហោ‌ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​ក្រៃលែង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​គេ​នៅ​វេលា​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​គេ​នៅ​វេលា​យប់ ដើម្បី​នឹង​បង្ហាញ​ផ្លូវ ដែល​គេ​ត្រូវ​ដើរ​ដែរ

20. ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ មក​បង្ហាត់​បង្រៀន​គេ ទ្រង់​មិន​ដែល​បង្អត់​នំ​ម៉ាន៉ា​ចំពោះ​គេ​ទេ ហើយ​បាន​ប្រទាន​ទឹក ឲ្យ​គេ​ផឹក​ផង

21. គឺ​ទ្រង់​បាន​ចិញ្ចឹម​គេ នៅ​ទី​រហោ‌ស្ថាន អស់​៤០​ឆ្នាំ គេ​ឥត​មាន​ខ្វះ​ខាត​អ្វី​ឡើយ សំលៀក‌បំពាក់​របស់​គេ​ក៏​មិន​ដែល​សឹក ហើយ​ជើង​គេ​មិន​ពុរពង​ដែរ

22. មួយ​ទៀត​ទ្រង់​បាន​ប្រទាន​នគរ និង​សាសន៍​ផ្សេងៗ ហើយ​ចែក​ស្រុក​ទាំង​នោះ​ដល់​គេ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ស្រុក​របស់​ស៊ីហុន ជា​ស្រុក​របស់​ស្តេច​ក្រុង​ហែសបូន និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន

23. ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​កើត​កូន​ចំរើន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​ទ្រង់​ប្រាប់​ដល់​ពួក​អយ្យកោ​ថា ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​នេះ

24. ដូច្នេះ ពួក​កូន​ចៅ​គេ​ក៏​ចូល​ទៅ​ចាប់​យក​ស្រុក ហើយ​ទ្រង់​បាន​បង្ក្រាប​សាសន៍​កាណាន ជា​ពួក​អ្នក​ស្រុក​នេះ នៅ​មុខ​គេ ព្រម​ទាំង​ប្រគល់​ពួក​នោះ និង​ស្តេច ហើយ​បណ្តា‌ជន​ទាំង‌ឡាយ មក​ក្នុង​កណ្តាប់​ដៃ​គេ ឲ្យ​បាន​ប្រព្រឹត្ត​នឹង​សាសន៍​នោះ តាម​អំពើ​ចិត្ត

25. គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ និង​ស្រុក​មាន​ជី‌ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ជីក​ស្រាប់ ចំការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្តី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់។

26. ប៉ុន្តែ គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ

27. ហេតុ​នោះ​ទ្រង់​បាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​គេ​កើត​មាន​សេចក្តី​វេទនា ហើយ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ ហើយ​បាន​ប្រទាន​ឲ្យ​គេ​មាន​ពួក​អ្នក​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ​នោះ ដោយ​សេចក្តី​មេត្តា‌ករុណា​ដ៏​ក្រៃលែង​របស់​ផង​ទ្រង់

28. តែ​កាល​គេ​មាន​សេចក្តី​ស្រាក‌ស្រាន្ត​បន្តិច នោះ​គេ​បាន​ប្រព្រឹត្ត​សេចក្តី​អាក្រក់ នៅ​ចំពោះ​ទ្រង់​វិញ​ទៀត បាន​ជា​ទ្រង់​ទុក​គេ នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឲ្យ​ពួក​នោះ​មាន​អំណាច​លើ​គេ ប៉ុន្តែ កាល​គេ​បាន​វិល​មក​អំពាវ‌នាវ​រក​ទ្រង់​ទៀត នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ​ដែរ ហើយ​បាន​ប្រោស​ឲ្យ​គេ​រួច​ជា​ច្រើន​ដង តាម​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់

29. ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​គេ ដើម្បី​នឹង​នាំ​គេ​មក​ឯ​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ឥត​ព្រម​ស្តាប់​តាម​ក្រឹត្យ‌ក្រម​នៃ​ទ្រង់​ដែរ គឺ​បាន​ធ្វើ​បាប​ទទឹង​ច្បាប់​យុត្តិ‌ធម៌​របស់​ទ្រង់ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្តី​នោះ​ឯង) ហើយ​គេ​ដក​ស្មា​ចេញ តាំង​ក​រឹង​មិន​ព្រម​ស្តាប់​តាម​ឡើយ

30. ប៉ុន្តែ​ទ្រង់​បាន​អត់​ទ្រាំ​នឹង​គេ​ជា​យូរ​ឆ្នាំ ព្រម​ទាំង​ធ្វើ​បន្ទាល់​ដល់​គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​លើ​ពួក​ហោរា ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​មិន​ផ្ទៀង​ត្រចៀក​ស្តាប់​ដែរ បាន​ជា​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អស់​ទាំង​សាសន៍​របស់​ស្រុក​ដទៃ

31. ប៉ុន្តែ ដោយ​ព្រោះ​សេចក្តី​មេត្តា‌ករុណា ដ៏​ក្រៃលែង​របស់​ទ្រង់ បាន​ជា​ទ្រង់​មិន​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឬ​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ហឫ‌ទ័យ​សន្តោស ហើយ​មេត្តា‌ករុណា។

32. ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឥទ្ធា‌នុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ដែល​រក្សា​សេចក្តី​សញ្ញា និង​សេចក្តី​សប្បុរស​អើយ ឯ​សេចក្តី​ទេវនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​អយ្យកោ​យើង​ខ្ញុំ និង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា ជា​ការ​តិច‌តួច​ឡើយ

33. ប៉ុន្តែ​ក្នុង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ នោះ​ទ្រង់​សុចរិត​ទេ ដ្បិត​ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​លាមក​អាក្រក់​វិញ

34. ទោះ​ទាំង​ស្តេច​នៃ​យើង​ខ្ញុំ ឬ​ពួក​មេ​ពួក​សង្ឃ និង​ពួក​អយ្យកោ របស់​យើង​ខ្ញុំ​ក៏​មិន​បាន​រក្សា​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌ក្រម និង​សេចក្តី​បន្ទាល់​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ចំពោះ​គេ​ដែរ

35. ពី​ព្រោះ​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នៅ​ក្នុង​នគរ​នៃ​ខ្លួន នៅ​កណ្តាល​អស់​ទាំង​សេចក្តី​ល្អ​ក្រៃលែង ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ នៅ​ក្នុង​ស្រុក​ធំ​ទូលាយ​មាន​ជី‌ជាតិ ដែល​ទ្រង់​បាន​ដាក់​នៅ​មុខ​គេ​នោះ​ឡើយ គេ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ

36. មើល យើង​ខ្ញុំ​រាល់​គ្នា​ជា​បាវ​បំរើ​របស់​គេ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​បាវ​បំរើ នៅ​ក្នុង​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន ដល់​ពួក​អយ្យកោ​យើង​ខ្ញុំ ឲ្យ​បាន​បរិភោគ​ផល និង​សេចក្តី​ល្អ​នោះ​ផង

37. ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន ដល់​ពួក​ស្តេច ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ ស្តេច​ទាំង​នោះ​មាន​អំណាច លើ​ទាំង​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផង តាម​តែ​ព្រះ‌ទ័យ ហើយ​យើង​ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង។

បណ្តា‌ជន​សន្យា​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់

38. ទោះ​បើ​មាន​សេចក្តី​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​រាល់​គ្នា​ចុះ​សញ្ញា​មាំ‌មួន ហើយ​ក៏​កត់​ទុក​ផង មាន​ទាំង​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​ចំពោះ​សេចក្តី​សញ្ញា​នោះ។