9. ឯនេហេមា ដែលជាចៅហ្វាយទីក្រុង និងស្មៀនអែសរ៉ា ដ៏ជាសង្ឃ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនដល់ពួកជន គេក៏និយាយនឹងពួកជនទាំងឡាយថា ថ្ងៃនេះជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា កុំឲ្យសុបសៅ ឬយំយែកអ្វីឡើយ នេះដ្បិតជនទាំងឡាយបានយំ ដោយឮពាក្យក្នុងក្រឹត្យវិន័យនោះ
10. លោកក៏ប្រាប់ដល់គេថា ចូរទៅចុះ ចូរបរិភោគរបស់ចំងាញ់ និងគ្រឿងបង្អែមទៅ ហើយជូនខ្លះដល់អ្នកណាដែលគ្មានអ្វីរៀបឲ្យផង ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ ដល់ព្រះអម្ចាស់នៃយើងរាល់គ្នា ក៏កុំឲ្យមានចិត្តព្រួយឡើយ ពីព្រោះសេចក្តីអំណររបស់ព្រះយេហូវ៉ាជាកំឡាំងនៃអ្នករាល់គ្នា
11. យ៉ាងនោះពួកលេវីបានលួងលោម ឲ្យបណ្តាជននៅស្ងៀម ដោយពាក្យថា ចូរអ្នករាល់គ្នាស្ងៀមទៅ ដ្បិតថ្ងៃនេះជាថ្ងៃបរិសុទ្ធ កុំឲ្យព្រួយចិត្តឡើយ
12. ដូច្នេះ ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន។
13. លុះដល់ថ្ងៃទី២ នោះពួកអ្នកជាកំពូលលើវង្សរបស់ឪពុកក្នុងពួកជន ព្រមទាំងពួកសង្ឃ និងពួកលេវី ក៏មូលគ្នាមកឯស្មៀនអែសរ៉ា ដើម្បីផ្ចង់ចិត្តស្តាប់ពាក្យក្នុងក្រឹត្យវិន័យ
14. ហើយគេឃើញមានសេចក្តីកត់ទុកក្នុងក្រឹត្យវិន័យ ជាសេចក្តីដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដោយសារលោកម៉ូសេថា ពួកកូនចៅអ៊ីស្រាអែលត្រូវនៅក្នុងបារាំនៅវេលាបុណ្យខែអស្សុជ
15. ហើយត្រូវប្រកាសប្រាប់នៅអស់ទាំងទីក្រុងគេ និងនៅក្រុងយេរូសាឡិមថា ចូរចេញទៅឯភ្នំ កាប់យកមែកដើមអូលីវស្រុក និងដើមអូលីវព្រៃ មែកយីថោ ធាងចាក និងមែកឈើញឹកស្និទ្ធមកធ្វើបារាំ តាមសេចក្តីដែលបានចែងទុកមក
16. ដូច្នេះ ពួកជនក៏ចេញទៅកាប់យកមែកទាំងនោះមកធ្វើបារាំ នៅលើដំបូលផ្ទះគេរៀងខ្លួន នៅទីធ្លាផ្ទះគេ នៅទីលានព្រះវិហារនៃព្រះ នៅទីធ្លាត្រង់ទ្វារទឹក និងនៅទីធ្លាត្រង់ទ្វារអេប្រាអិម
17. ពួកជំនុំទាំងអស់ដែលបានវិលពីសណ្ឋានជាឈ្លើយមកវិញ ក៏ធ្វើបារាំគ្រប់ៗគ្នា ហើយគេអាស្រ័យនៅក្នុងបារាំទាំងនោះ ដ្បិតចាប់តាំងពីគ្រាយ៉ូស្វេ ជាកូននុន ដរាបដល់វេលានោះ ពួកកូនចៅអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ ដូច្នេះ មានសេចក្តីរីករាយកើតឡើងជាខ្លាំង
18. ហើយរាល់ៗថ្ងៃ ចាប់តាំងពីថ្ងៃដំបូង ដរាបដល់ថ្ងៃចុងបំផុត នោះលោកក៏អានមើលក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ គេធ្វើបុណ្យនោះអស់៧ថ្ងៃ រួចដល់ថ្ងៃទី៨ នោះក៏ប្រជុំជំនុំមុតមាំតាមរបៀប។