គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 8:2-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រួច​នៅ​ថ្ងៃ​ដំបូង​ខែ​អស្សុជ នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​យក​ក្រឹត្យ‌វិន័យ​មក នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ទាំង​ប្រុស​ទាំង​ស្រី និង​អស់​អ្នក​ដែល​ល្មម​នឹង​ស្តាប់​បាន

3. ហើយ​ចាប់​តាំង​ពី​ព្រលឹម ដរាប​ដល់​ថ្ងៃ​ត្រង់ នោះ​លោក​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ នៅ​មុខ​គេ​ទាំង​អស់​គ្នា ត្រង់​ទី‌ធ្លា​ដែល​នៅ​មុខ​ទ្វារ​ទឹក ឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​ផ្ទៀង​ត្រចៀក​ស្តាប់ ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ

4. ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សំរាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរីយ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាស‌បា‌ដាន៉ា សាការី និង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក

5. អែសរ៉ា​ក៏​បើក​គម្ពីរ នៅ​មុខ​បណ្តា‌ជន​ទាំង‌ឡាយ ដ្បិត​លោក​នៅ​ខ្ពស់​ជាង​គេ​ទាំង​អស់ កាល​លោក​បាន​បើក​គម្ពីរ​ឡើង នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​ក្រោក​ឈរ

6. រួច​អែសរ៉ា​លោក​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ បាន​ប្រកប​ដោយ​ព្រះ‌ពរ ពួក​បណ្តា‌ជន​ក៏​ទទួល​ថា អាម៉ែនៗ ដោយ​ប្រទូល​ដៃ​ឡើង រួច​ឱន​ក្បាល ហើយ​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

7. ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា និង​ពួក​លេវី គេ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ពួក​ជន កំពុង​ដែល​ពួក​ជន​ឈរ​នឹង នៅ​កន្លែង​របស់​គេ

8. ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្តី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ។

9. ឯ​នេហេមា ដែល​ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​ស្មៀន​អែសរ៉ា ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​លេវី​ដែល​បង្ហាត់​បង្រៀន​ដល់​ពួក​ជន គេ​ក៏​និយាយ​នឹង​ពួក​ជន​ទាំង‌ឡាយ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា កុំ​ឲ្យ​សុប‌សៅ ឬ​យំ‌យែក​អ្វី​ឡើយ នេះ​ដ្បិត​ជន​ទាំង‌ឡាយ​បាន​យំ ដោយ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នោះ

សូមអានជំពូកពេញលេញ នេហេមា 8