គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 6:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​សាន‌បា‌ឡាត និង​ថូប៊ីយ៉ា ព្រម​ទាំង​កេសែម ជា​សាសន៍​អារ៉ាប់ និង​ពួក​ខ្មាំង​សត្រូវ​យើង​ឯ​ទៀត​ថា ខ្ញុំ​បាន​ធ្វើ​កំផែង​រួច​ជា​ស្រេច ឥត​មាន​ទី​បាក់​បែក​ណា​នៅ​សល់​ទៀត​ឡើយ ទោះ​បើ​គ្រា​នោះ​មិន​ទាន់​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង ក្នុង​អស់​ទាំង​ទ្វារ​នៅ​ឡើយ​ក៏​ដោយ

2. នោះ​សាន‌បា‌ឡាត និង​កេសែម​ចាត់​គេ​មក​ឯ​ខ្ញុំ​និយាយ​ថា អញ្ជើញ​មក យើង​នឹង​ពិគ្រោះ​គ្នា​នៅ​ភូមិ​ណា​មួយ​ក្នុង​ច្រក​ភ្នំ​អូណូរ គឺ​គេ​គិត​ប្រទូស្ត​ដល់​ខ្ញុំ​ទេ

3. តែ​ខ្ញុំ​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រាប់​វិញ​ថា ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ ខ្ញុំ​នឹង​ចុះ​មក​មិន​បាន និង​ឲ្យ​ខ្ញុំ​លះ​ចោល​ការ​នេះ​ឲ្យ​ឈប់​នៅ ដើម្បី​នឹង​ចុះ​ទៅ​ឯ​អ្នក​ធ្វើ​អី

4. គេ​ក៏​ចាត់​មនុស្ស​មក​និយាយ​នឹង​ខ្ញុំ​យ៉ាង​នោះ​អស់​វារៈ​៤​ដង ហើយ​ខ្ញុំ​ក៏​ឆ្លើយ​ពាក្យ​ដដែល​ដល់​គេ

5. រួច​មក​សាន‌បា‌ឡាត​ចាត់​អ្នក​បំរើ​ម្នាក់​មក​ឯ​ខ្ញុំ តាម​បែប​ដដែល នោះ​ជា​គំរប់​៥​ដង មាន​ទាំង​សំបុត្រ​បើក​ចំហ​នៅ​ដៃ​ផង

6. ក្នុង​សំបុត្រ​នោះ​មាន​សេចក្តី​ថា មាន​ឮ​ដំណឹង​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​លោក​កេសែម​ជា​សាក្សី​ថា អ្នក​ហើយ​នឹង​ពួក​យូដា​គិត​បះ‌បោរ បាន​ជា​សង់​កំផែង​នេះ​ឡើង គឺ​ថា អ្នក​ចង់​ធ្វើ​ជា​ស្តេច​គេ តាម​ដែល​ឮ​និយាយ​នោះ

7. អ្នក​ក៏​បាន​ដំរូវ​ឲ្យ​មាន​ពួក​ហោរា​ប្រកាស​ប្រាប់​ពី​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ថា មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​យូដា​ហើយ ពាក្យ​យ៉ាង​នោះ​យើង​នឹង​បញ្ជូន​ដល់​ស្តេច​ឥឡូវ ដូច្នេះ ចូរ​មក​ឲ្យ​យើង​បាន​ពិគ្រោះ​គ្នា​សិន

សូមអានជំពូកពេញលេញ នេហេមា 6