គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 4:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដូច្នោះ យើង​ខ្ញុំ​បាន​សង់​កំផែង​ឡើង ដរាប​ដល់​បាន​ជាប់​ជុំវិញ​ត្រឹម​កំពស់​ពាក់​កណ្តាល​ធម្មតា ដ្បិត​ពួក​បណ្តា‌ជន​គេ​មាន​ចិត្ត​ឧស្សាហ៍។

7. កាល​សាន‌បា‌ឡាត និង​ថូប៊ីយ៉ា ព្រម​ទាំង​ពួក​អារ៉ាប់ និង​ពួក​អាំម៉ូន ហើយ​ពួក​អាសដូឌ​បាន​ឮ​ថា​ការ​ជួស‌ជុល​កំផែង​ក្រុង​យេរូ‌សាឡិម​ចេះ​តែ​បាន​ចំរើន​ឡើង ហើយ​ថា​កន្លែង​បាក់​បែក​បាន​ចាប់​តាំង​បិត‌ភ្ជិត​ទៅ​វិញ នោះ​គេ​ក៏​មាន​សេចក្តី​ក្រោធ​ជា​ខ្លាំង

8. ហើយ​គេ​ប្រឹក្សា​ព្រម​គ្នា​នឹង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ឲ្យ​បង្កើត​ការ​ច្របល់​ឡើង

9. ហើយ​ដោយ​ព្រោះ​គេ បាន​ជា​យើង​ខ្ញុំ​អធិស្ឋាន ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​តាំង​ពួក​ចាំ​យាម ឲ្យ​រវាំង​ទាំង​យប់​ទាំង​ថ្ងៃ

10. ឯ​ពួក​យូដា​គេ​និយាយ​ថា កំឡាំង​របស់​ពួក​អ្នក​លី‌សែង​បាន​អន់​ថយ​ទៅ​ហើយ សំរាម​ក៏​មាន​យ៉ាង​សន្ធឹក ដល់​ម៉្លេះ​បាន​ជា​យើង​នឹង​សង់​កំផែង​ឡើង​វិញ​ពុំ​បាន

11. មួយ​ទៀត ពួក​ខ្មាំង​សត្រូវ​របស់​យើង គេ​និយាយ​ថា យើង​នឹង​លោ​ចូល​ទៅ​ដល់​កណ្តាល​គេ រួច​សំឡាប់​គេ​បង់ ហើយ​បញ្ឈប់​ការ​នោះ មុន​ដែល​គេ​ដឹង​ខ្លួន ឬ​ឃើញ​អ្វី​ផង

12. ឯ​ពួក​សាសន៍​យូដា ដែល​មាន​ទី​លំនៅ​នៅ​ជិត​គេ នោះ​ក៏​មក​ពី​គ្រប់​ទី​កន្លែង​របស់​ខ្លួន ប្រាប់​យើង​រាល់​គ្នា​ដល់​ទាំង​១០​ដង​ថា គេ​នឹង​សង្ឃក​មក​លើ​យើង

13. ដូច្នេះ ខ្ញុំ​ក៏​ដាក់​ពួក​បណ្តា‌ជន ឲ្យ​កាន់​ដាវ​លំពែង និង​ធ្នូ​របស់​គេ ឈរ​នៅ​ត្រង់​កន្លែង​កំផែង​ទាបៗ ហើយ​នៅ​ខាង​លើ​ផង តាម​វង្ស​របស់​គេ

14. ខ្ញុំ​ក៏​ត្រួត​មើល រួច​ចូល​ទៅ​ជិត ប្រាប់​ដល់​ពួក​អ្នក​ធំ និង​ពួក​មេ ព្រម​ទាំង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ចូរ​នឹក​រឭក​ដល់​ព្រះ‌អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច​វិញ រួច​តស៊ូ​ការ‌ពារ​ពួក​បង​ប្អូន​កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធ និង​ផ្ទះ‌សំបែង​របស់​អ្នក​រាល់​គ្នា​ចុះ។

15. កាល​ពួក​ខ្មាំង​សត្រូវ​បាន​ឮ​ថា យើង​រាល់​គ្នា​ដឹង​ក្នុង​គំនិត​គេ ហើយ​ថា ព្រះ​បាន​នាំ​ឲ្យ​សេចក្តី​ប្រឹក្សា​របស់​គេ​ខូច​បង់​ទៅ​ដូច្នោះ នោះ​យើង​ទាំង​អស់​គ្នា ក៏​វិល​ទៅ​ធ្វើ​កំផែង តាម​ការ​យើង​រៀង​ខ្លួន

16. ដូច្នេះ ចាប់​តាំង​ពី​វេលា​នោះ​ទៅ ពួក​របស់​ខ្ញុំ​ពាក់​កណ្តាល​ក៏​ធ្វើ​ការ ហើយ​ពាក់​កណ្តាល​ទៀត ក៏​កាន់​លំពែង ខែល ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេ ក៏​ជួយ​ទប់‌ទល់​ពួក​វង្ស​របស់​យូដា​ទាំង​ប៉ុន្មាន​ដែរ

សូមអានជំពូកពេញលេញ នេហេមា 4