គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 4:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ខ្ញុំ​ក៏​ត្រួត​មើល រួច​ចូល​ទៅ​ជិត ប្រាប់​ដល់​ពួក​អ្នក​ធំ និង​ពួក​មេ ព្រម​ទាំង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ចូរ​នឹក​រឭក​ដល់​ព្រះ‌អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច​វិញ រួច​តស៊ូ​ការ‌ពារ​ពួក​បង​ប្អូន​កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធ និង​ផ្ទះ‌សំបែង​របស់​អ្នក​រាល់​គ្នា​ចុះ។

15. កាល​ពួក​ខ្មាំង​សត្រូវ​បាន​ឮ​ថា យើង​រាល់​គ្នា​ដឹង​ក្នុង​គំនិត​គេ ហើយ​ថា ព្រះ​បាន​នាំ​ឲ្យ​សេចក្តី​ប្រឹក្សា​របស់​គេ​ខូច​បង់​ទៅ​ដូច្នោះ នោះ​យើង​ទាំង​អស់​គ្នា ក៏​វិល​ទៅ​ធ្វើ​កំផែង តាម​ការ​យើង​រៀង​ខ្លួន

16. ដូច្នេះ ចាប់​តាំង​ពី​វេលា​នោះ​ទៅ ពួក​របស់​ខ្ញុំ​ពាក់​កណ្តាល​ក៏​ធ្វើ​ការ ហើយ​ពាក់​កណ្តាល​ទៀត ក៏​កាន់​លំពែង ខែល ធ្នូ និង​អាវ​ក្រោះ ឯ​ពួក​មេ ក៏​ជួយ​ទប់‌ទល់​ពួក​វង្ស​របស់​យូដា​ទាំង​ប៉ុន្មាន​ដែរ

17. ចំណែក​ពួក​អ្នក ដែល​ធ្វើ​កំផែង និង​ពួក​អ្នក ដែល​លី‌សែង ហើយ​ពួក​អ្នក​ដែល​ជញ្ជូន​ដាក់ គេ​ធ្វើ​ការ​ដោយ​ដៃ​ម្ខាង ហើយ​ដៃ​ម្ខាង​ទៀត​កាន់​គ្រឿង​សស្ត្រា‌វុធ

18. ពួក​ជាង​ថ្ម​គេ​ក្រវាត់​ដាវ​នៅ​ចង្កេះ ហើយ​ក៏​ធ្វើ​ការ​ទាំង​ដូច្នោះ ឯ​អ្នក​ដែល​ផ្លុំ​ត្រែ នោះ​ក៏​នៅ​ជិត​ខ្ញុំ

19. ហើយ​ខ្ញុំ​ប្រាប់​ដល់​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​បណ្តា‌ជន​ទាំង​ពួង​ថា ការ​នេះ​ជា​ការ​ធំ​វែង​ពេក​ណាស់ យើង​រាល់​គ្នា​ឃ្លាត​ឆ្ងាយ​ពី​គ្នា នៅ​លើ​កំផែង​ផង

20. ដូច្នេះ នៅ​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មូល​មក​ឯ​យើង​នៅ​ទី​នោះ ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​តស៊ូ​ជំនួស​យើង។

21. យ៉ាង​នោះ យើង​រាល់​គ្នា​ចេះ​តែ​ធ្វើ​ការ​ទៅ មនុស្ស​ពាក់​កណ្តាល​បាន​កាន់​លំពែង​ចាប់​តាំង​ពី​ថ្ងៃ​រះ ដរាប​ដល់​ផ្កាយ​លេច​ចេញ​មក

22. នៅ​គ្រា​នោះ ខ្ញុំ​ក៏​ប្រាប់​ពួក​ជន​ថា ត្រូវ​ឲ្យ​គ្រប់​គ្នា ព្រម​ទាំង​ពួក​អ្នក​បំរើ​ខ្លួន ដេក​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​ជួយ​ការ‌ពារ​យើង​រាល់​គ្នា នៅ​ពេល​យប់ ហើយ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ

23. ដូច្នេះ ទោះ​ខ្ញុំ​ឬ​បង​ប្អូន ពួក​អ្នក​បំរើ​ខ្ញុំ ឬ​ពួក​ចាំ​យាម​ដែល​តាម​ខ្ញុំ​ក្តី គ្មាន​អ្នក​ណា​បាន​ដោះ​សំលៀក‌បំពាក់​ចេញ​ឡើយ លើក​តែ​មាន​ការ​បោក​ទឹក​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ នេហេមា 4