គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 13:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ខ្ញុំ​ក៏​បង្គាប់​ឲ្យ​គេ​សំអាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ ព្រម​ទាំង​ដង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​ទុក​ក្នុង​នោះ​វិញ។

10. ខ្ញុំ​ក៏​យល់​ឃើញ​ថា​គេ​មិន​បាន​ចែក​ចំណែក​ឲ្យ​ដល់​ពួក​លេវី​ទេ បាន​ជា​ពួក​លេវី និង​ពួក​ចំរៀង ដែល​ធ្វើ​ការ‌ងារ គេ​បាន​រត់​ទៅ​ឯ​ស្រែ​ចំការ​របស់​ខ្លួន​វិញ

11. ដូច្នេះ ខ្ញុំ​បាន​តវ៉ា​ដល់​ពួក​មេ​ថា ហេតុ​អ្វី​បាន​ជា​បោះ‌បង់​ចោល​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នេះ រួច​ខ្ញុំ​ក៏​ប្រមូល​ពួក​លេវី មក​តាំង​ទុក​នៅ​ដំណែង​របស់​គេ​វិញ

12. ហើយ​ពួក​យូដា​ទាំង​អស់​គ្នា គេ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​ឃ្លាំង

13. ហើយ​ខ្ញុំ​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ឃ្លាំង​ទាំង​នោះ គឺ​សេលេមា​ដ៏​ជា​សង្ឃ ស្មៀន​សាដុក ហើយ​ពេដាយ៉ា ជា​ពួក​លេវី បន្ទាប់​មក​មាន​ហាណាន ជា​កូន​សាគើរ ដែល​ជា​កូន​ម៉ាថានា ដ្បិត​អ្នក​ទាំង​នោះ​បាន​រាប់​ជា​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ការ‌ងារ​របស់​គេ គឺ​ជា​អ្នក​ចែក​ចំណែក​ដល់​បង​ប្អូន​ខ្លួន

14. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​រឭក​ដល់​ទូល‌បង្គំ ពី​ដំណើរ​ការ‌ងារ​នេះ​ផង សូម​កុំ​លុប​អំពើ​ល្អ​ដែល​ទូល‌បង្គំ​បាន​ធ្វើ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ទូល‌បង្គំ និង​សំរាប់​ការ​ដែល​ត្រូវ​ធ្វើ​ក្នុង​ទី​នោះ​ចេញ​ឡើយ។

15. នៅ​គ្រា​នោះ ខ្ញុំ​បាន​ឃើញ​មនុស្ស​ខ្លះ​នៅ​ស្រុក​យូដា​កំពុង​តែ​ជាន់​ធុង​ផ្លែ​ទំពាំង‌បាយ‌ជូរ នៅ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ដឹក​កណ្តាប់​ស្រូវ​ចូល​មក និង​ផ្ទុក​សត្វ​លា ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ផ្លែ​ទំពាំង‌បាយ‌ជូរ ផ្លែ​ល្វា និង​បន្ទុក​គ្រប់​មុខ​ដែល​គេ​ដឹក​មក​ក្នុង​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ឈប់​សំរាក ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ នៅ​ថ្ងៃ​ដែល​គេ​លក់​ស្បៀង​អាហារ

16. ក៏​មាន​មនុស្ស​ពី​ក្រុង​ទីរ៉ុស នៅ​ក្នុង​ទី​ក្រុង​ដែរ គេ​តែង​យក​ត្រី និង​ទំនិញ​គ្រប់​មុខ មក​លក់​ឲ្យ​ពួក​កូន​ចៅ​យូដា នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​ឈប់​សំរាក

17. នោះ​ខ្ញុំ​តវ៉ា​ដល់​ពួក​អ្នក​ធំ​នៃ​សាសន៍​យូដា​ថា ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក

18. ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​នេះ​ធ្វើ​អី ឯ​ពួក​អយ្យកោ​របស់​អ្នក​រាល់​គ្នា តើ​មិន​បាន​ធ្វើ​ដូច្នេះ​ទេ​ឬ​អី ហេតុ​នោះ​បាន​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​នាំ​អស់​ទាំង​សេចក្តី​អាក្រក់​នេះ មក​លើ​យើង​នឹង​លើ​ទី​ក្រុង​នេះ​ផង ប៉ុន្តែ អ្នក​រាល់​គ្នា​នាំ​ឲ្យ​មាន​សេចក្តី​ក្រោធ មក​លើ​ពួក​អ៊ីស្រា‌អែល​ថែម​ទៀត ដោយ​បង្អាប់​ដល់​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ។

19. ក្រោយ​នោះ​មក កាល​ណា​អស់​ទាំង​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ងងឹត ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ខ្ញុំ​ក៏​បង្គាប់​ឲ្យ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​បើក​ដរាប​ដល់​ផុត​ថ្ងៃ​ឈប់​សំរាក​នោះ ខ្ញុំ​ក៏​ដាក់​ពួក​អ្នក​បំរើ​របស់​ខ្ញុំ​ខ្លះ ឲ្យ​ត្រួត​លើ​ទ្វារ​ទាំង​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​យក​បន្ទុក​អ្វី ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

20. នោះ​ពួក​ឈ្មួញ និង​ពួក​អ្នក​ដែល​លក់​ដូរ​ផ្សេងៗ ក៏​ដេក​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ពីរ​ដែរ

21. រួច​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ​ថា អ្នក​រាល់​គ្នា​ដេក​នៅ​ក្បែរ​កំផែង​នេះ​ធ្វើ​អី បើ​នៅ​តែ​ធ្វើ​ដូច្នេះ​ទៀត នោះ​ខ្ញុំ​នឹង​ចាប់​អ្នក​រាល់​គ្នា​ហើយ តាំង​ពី​នោះ​ត​ទៅ គេ​ក៏​លែង​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ទៀត

សូមអានជំពូកពេញលេញ នេហេមា 13