គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 13:19-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ក្រោយ​នោះ​មក កាល​ណា​អស់​ទាំង​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ងងឹត ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ នោះ​ខ្ញុំ​ក៏​បង្គាប់​ឲ្យ​បិទ​ទ្វារ ហើយ​ហាម​មិន​ឲ្យ​បើក​ដរាប​ដល់​ផុត​ថ្ងៃ​ឈប់​សំរាក​នោះ ខ្ញុំ​ក៏​ដាក់​ពួក​អ្នក​បំរើ​របស់​ខ្ញុំ​ខ្លះ ឲ្យ​ត្រួត​លើ​ទ្វារ​ទាំង​ប៉ុន្មាន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​យក​បន្ទុក​អ្វី ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

20. នោះ​ពួក​ឈ្មួញ និង​ពួក​អ្នក​ដែល​លក់​ដូរ​ផ្សេងៗ ក៏​ដេក​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ពីរ​ដែរ

21. រួច​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​គេ​ថា អ្នក​រាល់​គ្នា​ដេក​នៅ​ក្បែរ​កំផែង​នេះ​ធ្វើ​អី បើ​នៅ​តែ​ធ្វើ​ដូច្នេះ​ទៀត នោះ​ខ្ញុំ​នឹង​ចាប់​អ្នក​រាល់​គ្នា​ហើយ តាំង​ពី​នោះ​ត​ទៅ គេ​ក៏​លែង​មក​នៅ​ថ្ងៃ​ឈប់​សំរាក​ទៀត

22. ខ្ញុំ​ក៏​បង្គាប់​ដល់​ពួក​លេវី ឲ្យ​គេ​បាន​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាម នៅ​អស់​ទាំង​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​ឈប់​សំរាក​ចេញ​ជា​បរិសុទ្ធ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ ដោយ​សេចក្តី​សប្បុរស​ទ្រង់​ដ៏​ធំ។

23. នៅ​គ្រា​នោះ ខ្ញុំ​ក៏​ឃើញ​ពួក​យូដា​ខ្លះ ដែល​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​អាសដូឌ អាំម៉ូន និង​ម៉ូអាប់

24. ហើយ​កូន​គេ​ពាក់​កណ្តាល​និយាយ​ជា​ភាសា​អាសដូឌ ឥត​ចេះ​និយាយ​ភាសា​របស់​ពួក​យូដា​ឡើយ គឺ​គេ​និយាយ​តាម​តែ​ភាសា​របស់​សាសន៍​គេ​រៀង​ខ្លួន

25. ខ្ញុំ​ក៏​តវ៉ា​នឹង​គេ ព្រម​ទាំង​ដាក់​បណ្តាសា ក៏​វាយ​គេ​ខ្លះ ហើយ​បោច​សក់​គេ​ផង ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ឲ្យ​កូន​ស្រី​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​ឬ​សំរាប់​ខ្លួន​នោះ​ឡើយ

26. តើ​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល មិន​បាន​ធ្វើ​បាប ដោយ​អំពើ​យ៉ាង​នោះ​ឯង​ទេ​ឬ​អី នៅ​ក្នុង​អស់​ទាំង​សាសន៍​ដទៃ គ្មាន​ស្តេច​ណា​១​ដូច​ទ្រង់​ឡើយ ហើយ​ព្រះ​នៃ​ទ្រង់​ក៏​បាន​ស្រឡាញ់​ទ្រង់ ព្រម​ទាំង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ផង ប៉ុន្តែ ស្ត្រី​សាសន៍​ដទៃ​បាន​នាំ​ឲ្យ​ទ្រង់​ធ្វើ​បាប​ដែរ

27. ដូច្នេះ តើ​គួរ​ឲ្យ​យើង​ស្តាប់​តាម​អ្នក​រាល់​គ្នា និង​ប្រព្រឹត្ត​សេចក្តី​អាក្រក់​ជា​ធំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​នៃ​យើង ដោយ​យក​ប្រពន្ធ ជា​សាសន៍​ដទៃ​ឬ​អី។

28. ឯ​យ៉ូយ៉ាដា ជា​កូន​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ លោក​មាន​កូន​ប្រុស​១ ដែល​ជា​កូន​ប្រសា​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នោះ​ខ្ញុំ​ក៏​បណ្តេញ​វា​ចេញ​ពី​ខ្ញុំ​ទៅ

សូមអានជំពូកពេញលេញ នេហេមា 13