ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​បែង‌ចែក​កន្លែង​ឲ្យ​សាសន៍​យូដា​តាំង​ទី​លំនៅ​សា​ជា​ថ្មី នៅ​ក្រុង​យេរូ‌សាឡិម និង​ក្រុង​ឯ​ទៀតៗ

1. ឯ​ពួក​ប្រធាន​ក្នុង​បណ្តា‌ជន នោះ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ពួក​បណ្តា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​១​នាក់​ក្នុង​១០ ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ​ដែរ ហើយ​៩​នាក់ ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ឯ​ទៀត

2. ពួក​បណ្តា‌ជន​ក៏​ឲ្យ​ពរ​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ប្រគល់​ខ្លួន ឲ្យ​មក​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ស្ម័គ្រ​ពី​ចិត្ត។

3. នេះ​ជា​ពួក​នាយ​ក្នុង​ខេត្ត ដែល​អាស្រ័យ​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ទី​ក្រុង​នៃ​ស្រុក​យូដា​ឯ​ទៀត នោះ​គ្រប់​គ្នា​ក៏​នៅ​ក្នុង​កេរ‌អាករ ត្រង់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​នេធីនិម និង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​របស់​សាឡូ‌ម៉ូន​ផង

4. ឯ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម នោះ​មាន​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន​ខ្លះ​ដែរ ខាង​កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូស៊ីយ៉ា ដែល​ជា​កូន​សាការីៗ​ជា​កូន​អ័ម៉ារាៗ​ជា​កូន​សេផាធាៗ​ជា​កូន​ម៉ាលេ‌លាល នេះ​ក្នុង​ពួក​កូន​ចៅ​ពេរេស

5. និង​ម្អាសេយ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេៗ​ជា​កូន​ហា‌សា‌យ៉ាៗ​ជា​កូន​អ័ដា‌យ៉ាៗ​ជា​កូន​យ៉ូយ៉ា‌រីបៗ​ជា​កូន​សាការីៗ​ជា​កូន​ស៊ី‌ឡូនី

6. អស់​ទាំង​កូន​ចៅ​របស់​ពេរេស​ដែល​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មាន​មនុស្ស​ក្លាហាន​ចំនួន​៤៦៨​នាក់។

7. ឯ​ពួក​កូន​ចៅ​របស់​បេន‌យ៉ា‌មីន គឺ​សាលូវ ជា​កូន​មស៊ូឡាម ដែល​ជា​កូន​យ៉ូអេឌៗ​ជា​កូន​ពេដាយ៉ាៗ​ជា​កូន​កូឡាយ៉ាៗ​ជា​កូន​ម្អាសេយ៉ាៗ​ជា​កូន​អីធាលៗ​ជា​កូន​យេសាយ៉ា

8. ហើយ​បន្ទាប់​នឹង​គាត់ នោះ​មាន​កាបាយ និង​សាឡាយ រួម​ទាំង​អស់​មាន​៩២៨​នាក់

9. ហើយ​យ៉ូអែល ជា​កូន​ស៊ីកគ្រី លោក​ជា​អ្នក​ត្រួត​លើ​គេ និង​យូដា​ជា​កូន​សេនួរ លោក​ជា​ភូឈួយ​នៃ​ទី​ក្រុង។

10. ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា ជា​កូន​យ៉ូយ៉ា‌រីប និង​យ៉ាគិន

11. សេរ៉ាយ៉ា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​មស៊ូឡាមៗ​ជា​កូន​សាដុកៗ​ជា​កូន​មេរ៉ាយ៉ូតៗ​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​មេ​ត្រួត​លើ​ព្រះ‌វិហារ​នៃ​ព្រះ

12. ព្រម​ទាំង​ពួក​បង​ប្អូន​គេ ដែល​ធ្វើ​ការ​នៅ​ព្រះ‌វិហារ ទាំង​អស់​មាន​៨២២​នាក់ ហើយ​មាន​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ពេឡា‌លាៗ ជា​កូន​អាំស៊ីៗ ជា​កូន​សាការីៗ ជា​កូន​ផាស‌ហ៊ើរៗ​ជា​កូន​ម៉ាលគា

13. ហើយ​ពួក​បង​ប្អូន​លោក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ រួម​ទាំង​អស់ មាន​២៤២​នាក់ ហើយ​មាន​អ័ម៉ា‌សាយ ជា​កូន​អ័សារាល​ដែល​ជា​កូន​របស់​អ័ហា‌សាយៗ​ជា​កូន​មស៊ី‌លេម៉ូតៗ​ជា​កូន​អ៊ីមមើរ

14. ហើយ​ពួក​បង​ប្អូន​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន រួម​ទាំង​អស់​មាន​១២៨​នាក់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​សាប‌ឌាល ជា​កូន​កេដូ‌លីម។

15. ក្នុង​ពួក​លេវី មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​របស់​អាស‌រី‌កាមៗ​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ប៊ូននី

16. ព្រម​ទាំង​សាបថាយ និង​យ៉ូសា‌បាឌ ជា​ពួក​មេ​ក្នុង​ពួក​លេវី ដែល​ត្រួត‌ត្រា​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌វិហារ​នៃ​ព្រះ

17. ហើយ​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌីៗ​ជា​កូន​អេសាភៗ​ជា​មេ​នាំ​គេ ក្នុង​ការ​អរ​ព្រះ‌គុណ​កំពុង​ដែល​អធិស្ឋាន និង​បាក‌ប៊ូគា ជា​អ្នក​បន្ទាប់​ក្នុង​ពួក​បង​ប្អូន​ខ្លួន ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន

18. ឯ​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បរិសុទ្ធ នោះ​មាន​២៨៤​នាក់។

19. ឯ​ពួក​ឆ្មាំ​ទ្វារ នោះ​មាន​អ័កគូប ថាលម៉ូន និង​បង​ប្អូន​គេ ដែល​ចាំ​យាម​នៅ​មាត់​ទ្វារ​ផ្សេងៗ ទាំង​អស់​មាន​១៧២​នាក់

20. ឯ​ពួក​អ៊ីស្រា‌អែល ខាង​ពួក​សង្ឃ និង​ពួក​លេវី​ដែល​សល់ គេ​នៅ​អស់​ទាំង​ទី​ក្រុង​ក្នុង​ស្រុក​យូដា​គ្រប់​គ្នា​តាម​មរដក​គេ​រៀង​ខ្លួន

21. តែ​ពួក​នេធីនិម គេ​នៅ​ត្រង់​អូផែល មាន​ស៊ីហា និង​គីសប៉ា ជា​អ្នក​ត្រួត​លើ​គេ។

22. ឯ​អ្នក​ដែល​ត្រួត​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម នោះ​គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ម៉ាថានាៗ​ជា​កូន​មីកា ក្នុង​ពួក​កូន​ចៅ​អេសាភ ដែល​ជា​ពួក​ចំរៀង ជា​អ្នក​ត្រួត‌ត្រា​លើ​កិច្ច‌ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

23. ដ្បិត​មាន​ច្បាប់​ដែល​ស្តេច​បាន​តាំង​ពី​ដំណើរ​ពួក​នោះ ជា​ច្បាប់​យ៉ាង​តឹង‌រ៉ឹង ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ពួក​ចំរៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់ៗ​ថ្ងៃ

24. ហើយ​មាន​ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពួក​កូន​ចៅ​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​ស្តេច ក្នុង​គ្រប់​ការ​ចំពោះ​ពួក​រាស្ត្រ។

25. ត្រង់​ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន និង​ស្រែ​ចំការ​ជុំវិញ នោះ​មាន​ពួក​យូដា​ខ្លះ នៅ​ត្រង់​គារយ៉ាត់-អើបា និង​តំបន់​នៅ​ជុំវិញ នៅ​ឌីបូន និង​តំបន់​នៅ​ជុំវិញ នៅ​យេកាប‌សៀល និង​តំបន់​នៅ​ជុំវិញ

26. នៅ​ត្រង់​យេសួរ ម៉ូឡាដា បេត-ផាលែត

27. ហាសា-ស៊ូអាល បៀរ-សេបា និង​តំបន់​នៅ​ជុំវិញ

28. នៅ​ស៊ីក‌ឡាក់ មេកូណា និង​តំបន់​នៅ​ជុំវិញ

29. នៅ​អេន-រីម៉ូន សូរ៉ាស់ យ៉ារមុត

30. សាណូអា អាឌូឡាម និង​តំបន់​នៃ​ក្រុង​ទាំង​នោះ ឡាគីស និង​ស្រែ​ចំការ​នៅ​ជុំវិញ អាសេកា និង​តំបន់​នៅ​ជុំវិញ ដូច្នេះ គេ​បាន​តាំង​ទី​លំនៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ច្រក​ភ្នំ​ហ៊ីនណំម

31. ហើយ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​នៅ​ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីក‌ម៉ាស អៃយ បេត-អែល និង​តំបន់​នៅ​ជុំវិញ

32. និង​នៅ​អាន៉ា‌ថោត ណូប ហា‌ណា‌នា

33. ហាសោរ រ៉ាម៉ា គីថែម

34. ហាឌីឌ សេបោម នេបា‌ឡាត

35. ឡូឌ អូណូរ ហើយ​នៅ​ក្នុង​ច្រក​ភ្នំ​ពួក​ជាង​រចនា

36. ចំណែក​ខាង​ពួក​លេវី នោះ​មាន​ខ្លះ​ដែល​ត្រូវ​ខាង​ស្រុក​យូដា គេ​បាន​ទៅ​នៅ​ខាង​ស្រុក​បេន‌យ៉ា‌មីន​វិញ។