គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 10:32-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. មួយ​ទៀត យើង​រាល់​គ្នា​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​១​ភាគ​ក្នុង​៣ ក្នុង​១​រៀល​រាល់​តែ​ឆ្នាំ សំរាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា

33. ជា​ដំឡៃ​នៃ​នំបុ័ង​តាំង​ទុក​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​ដង្វាយ​ដុត​ជានិច្ច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​បរិសុទ្ធ ដង្វាយ​លោះ​បាប ដែល​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ពួក​អ៊ីស្រា‌អែល និង​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ទាំង​អស់​ផង

34. យើង​រាល់​គ្នា ជា​ពួក​សង្ឃ ពួក​លេវី និង​ពួក​បណ្តា‌ជន​ក៏​ចាប់​ឆ្នោត​ពី​ដំណើរ​ដង្វាយ​ឧស ដើម្បី​នឹង​យក​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់​រាល់​តែ​ឆ្នាំ សំរាប់​នឹង​ដុត​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​យើង ដូច​មាន​សេចក្តី​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ

35. ហើយ​ឲ្យ​យក​ផល​ដំបូង ពី​ស្រែ​ចំការ​របស់​យើង និង​ផល​ដំបូង​ពី​ឈើ​គ្រប់​មុខ មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​រាល់ៗ​ឆ្នាំ

36. ព្រម​ទាំង​កូន​ច្បង​របស់​ខ្លួន​យើង និង​របស់​សត្វ​យើង​ផង ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ហើយ និង​កូន​ច្បង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ឲ្យ​ដល់​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង

37. ហើយ​ឲ្យ​យក​ផល​នៃ​ម្សៅ​លាយ​ដំបូង ដង្វាយ​លើក​ចុះ​ឡើង ផ្លែ​ឈើ​គ្រប់​មុខ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង មក​ឲ្យ​ពួក​សង្ឃ នៅ​ក្នុង​បន្ទប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​ដង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​ដី​យើង មក​ឲ្យ​ពួក​លេវី​ផង ដ្បិត​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន នោះ​គឺ​ជា​ពួក​លេវី ដែល​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ពី​ផល​នៃ​ស្រែ​ចំការ​យើង

38. ហើយ​ពួក​កូន​ចៅ​អើរ៉ុន​ដ៏​ជា​សង្ឃ ក៏​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​លេវី ក្នុង​កាល​ដែល​គេ​ទទួល​យក​ដង្វាយ​១​ភាគ​ក្នុង​១០​នោះ​ដែរ រួច​ពួក​លេវី​ត្រូវ​យក​១​ភាគ​ក្នុង​១០ ពី​ដង្វាយ​១​ភាគ​ក្នុង​១០​នោះ ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដាក់​ក្នុង​បន្ទប់ ជា​ឃ្លាំង​នៃ​ព្រះ‌វិហារ​ដែរ

39. ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ព្រម​ទាំង​ពួក​កូន​ចៅ​លេវី ត្រូវ​យក​ដង្វាយ​លើក​ចុះ​ឡើង ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង​មក​ដាក់​ក្នុង​បន្ទប់ ជា​កន្លែង​ដែល​ទុក​គ្រឿង​ប្រដាប់​របស់​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ហើយ​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ ពួក​ឆ្មាំ​ទ្វារ និង​ពួក​ចំរៀង​ក៏​នៅ​ទី​នោះ​ដែរ យើង​រាល់​គ្នា​មិន​ព្រម​បោះ‌បង់​ចោល​ព្រះ‌វិហារ របស់​ព្រះ​នៃ​យើង​ឡើយ។

សូមអានជំពូកពេញលេញ នេហេមា 10