គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 10:29-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. គេ​ក៏​កាន់​ខ្ជាប់​តាម​បង​ប្អូន និង​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ក្នុង​ពួក​គេ​ដែរ គេ​តាំង​សេចក្តី​ផ្តាសា​ដល់​ខ្លួន ដោយ​ស្បថ​ថា នឹង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់ ហើយ​ឲ្យ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ព្រម​ទាំង​ច្បាប់​យុត្តិ‌ធម៌ និង​បញ្ញត្ត​ទ្រង់​ផង

30. ហើយ​ថា​យើង​មិន​ឲ្យ​កូន​ស្រី​យើង​ទៅ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​យើង​ឡើយ

31. ហើយ​បើ​សាសន៍​ដទៃ ដែល​នៅ​ក្នុង​ស្រុក គេ​យក​ទំនិញ ឬ​ស្រូវ​អង្ករ​អ្វី​មក​លក់ នៅ​ថ្ងៃ​ឈប់​សំរាក នោះ​យើង​មិន​ព្រម​ទិញ​ពី​គេ​នៅ​ថ្ងៃ​នោះ ឬ​នៅ​ថ្ងៃ​បរិសុទ្ធ​ណា​ឡើយ ហើយ​ថា​យើង​រាល់​គ្នា​នឹង​ផ្អាក​ទុក​ឆ្នាំ​ទី​៧ ព្រម​ទាំង​លើក​លែង​ទារ​បំណុល​ទាំង​អស់​ផង។

32. មួយ​ទៀត យើង​រាល់​គ្នា​ក៏​តាំង​ច្បាប់ ឲ្យ​ត្រូវ​បង់​១​ភាគ​ក្នុង​៣ ក្នុង​១​រៀល​រាល់​តែ​ឆ្នាំ សំរាប់​ការ‌ងារ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា

33. ជា​ដំឡៃ​នៃ​នំបុ័ង​តាំង​ទុក​ដង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​ដង្វាយ​ដុត​ជានិច្ច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​បរិសុទ្ធ ដង្វាយ​លោះ​បាប ដែល​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​ពួក​អ៊ីស្រា‌អែល និង​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ទាំង​អស់​ផង

34. យើង​រាល់​គ្នា ជា​ពួក​សង្ឃ ពួក​លេវី និង​ពួក​បណ្តា‌ជន​ក៏​ចាប់​ឆ្នោត​ពី​ដំណើរ​ដង្វាយ​ឧស ដើម្បី​នឹង​យក​មក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង តាម​វង្ស​របស់​ឪពុក​យើង តាម​ពេល​កំណត់​រាល់​តែ​ឆ្នាំ សំរាប់​នឹង​ដុត​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​យើង ដូច​មាន​សេចក្តី​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ

35. ហើយ​ឲ្យ​យក​ផល​ដំបូង ពី​ស្រែ​ចំការ​របស់​យើង និង​ផល​ដំបូង​ពី​ឈើ​គ្រប់​មុខ មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​រាល់ៗ​ឆ្នាំ

36. ព្រម​ទាំង​កូន​ច្បង​របស់​ខ្លួន​យើង និង​របស់​សត្វ​យើង​ផង ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ហើយ និង​កូន​ច្បង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង មក​ឯ​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ឲ្យ​ដល់​ពួក​សង្ឃ​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង

សូមអានជំពូកពេញលេញ នេហេមា 10