គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 9:6-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. លុះ​ដល់​ថ្ងៃ​ស្អែក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ដូច្នោះ ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ក៏​ស្លាប់​ទាំង​អស់ តែ​គ្មាន​ស្លាប់​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

7. ផារ៉ោន​ទ្រង់​ចាត់​គេ​ទៅ​ស៊ើប​មើល ក៏​ឃើញ​ថា គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​ស្លាប់​សោះ ប៉ុន្តែ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ចចេស​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ទៅ​ទេ។

8. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា ចូរ​ឯង​កើប​យក​ផេះ​ពី​គុក​ភ្លើង​ពេញ​ក្នុង​ក្តាប់​ដៃ រួច​ឲ្យ​ម៉ូសេ​បាច​ទៅ​លើ​មេឃ​នៅ​មុខ​ផារ៉ោន​ទៅ

9. ផេះ​នោះ​នឹង​ត្រឡប់​ក្លាយ​ជា​ធូលី​យ៉ាង​ម៉ដ្ត នៅ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ហើយ​នឹង​បង្កើត​ជា​បូស​ធ្លាយ​ចេញ​ជា​ដំបៅ​នៅ​ខ្លួន​មនុស្ស ព្រម​ទាំង​សត្វ​នៅ​ពេញ​ក្នុង​ស្រុក​ដែរ

10. ម៉ូសេ​ក៏​យក​ផេះ ពី​គុក​ភ្លើង ទៅ​ឈរ​នៅ​មុខ​ផារ៉ោន ហើយ​លោក​បាច​ទៅ​លើ​មេឃ រួច​ផេះ​នោះ​បង្កើត​ជា​បូស​ក្លាយ​ធ្លាយ​ចេញ​ជា​ដំបៅ ក៏​កើត​ឡើង​នៅ​សព្វ​ខ្លួន​របស់​មនុស្ស ហើយ​នឹង​ពួក​សត្វ​ផង

11. ឯ​ពួក​គ្រូ​គេ​ឈរ​នៅ​មុខ​ម៉ូសេ​មិន​បាន​ទេ ដោយ​ព្រោះ​បូស​នោះ ពី​ព្រោះ​បូស​ក៏​កើត​ឡើង​នៅ​ខ្លួន​គេ​ដែរ ដូច​ជា​នៅ​ខ្លួន​នៃ​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា​ផង

12. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល​ឲ្យ​ព្រះ‌ទ័យ​ផារ៉ោន​បាន​រឹង‌ទទឹង ទ្រង់​មិន​ព្រម​ស្តាប់​តាម​លោក​សោះ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ស្រាប់។

13. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ឈរ​នៅ​មុខ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​ដល់​អញ

14. ដ្បិត​ម្តង​នេះ អញ​នឹង​ដាក់​សេចក្ដី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង និង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ

15. ដ្បិត​បើ​អញ​បាន​លើក​ដៃ​អញ​ធ្វើ​ឲ្យ​ឯង ហើយ​នឹង​រាស្ត្រ​ឯង កើត​មាន​ជំងឺ​អាសន្ន‌រោគ ក្នុង​ពេល​ឥឡូវ នោះ​ឯង​រាល់​គ្នា​នឹង​បាន​វិនាស​បាត់​ពី​លើ​ផែនដី​ទៅ​អស់​រលីង​ហើយ

16. ប៉ុន្តែ​អញ​បាន​ទុក​ឲ្យ​ឯង​រស់​នៅ​វិញ ដើម្បី​ឲ្យ​ឯង​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​អញ ហើយ​ឲ្យ​គេ​បាន​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​គ្រប់​លើ​ផែនដី

17. តើ​ឯង​នៅ​តែ​ដំកើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​អញ ព្រម​ទាំង​ឃាត់​មិន​ឲ្យ​គេ​ទៅ​ទៀត​ឬ

18. មើល ដល់​ថ្ងៃ​ស្អែក​វេលា​ថ្មើរ​ណេះ នោះ​អញ​នឹង​បង្អុរ​ឲ្យ​ធ្លាក់​ព្រិល​ជា​យ៉ាង​វេទនា​មក​ដល់‌ម៉្លេះ​បាន​ជា​តាំង​ពី​កំណើត​ស្រុក ដរាប​ដល់​ឥឡូវ​នេះ នោះ​មិន​ដែល​មាន​ឲ្យ​ដូច​ក្នុង​ស្រុក​អេស៊ីព្ទ​ឡើយ

19. ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​នាំ​អស់​ទាំង​ហ្វូង​សត្វ និង​របស់​ឯង​ទាំង​ប៉ុន្មាន​ដែល​នៅ​ឯ​វាល​ចូល​មក​ជា​ប្រញាប់ ដ្បិត​អស់​ទាំង​មនុស្ស និង​សត្វ​ទាំង​ប៉ុន្មាន​នៅ​វាល ដែល​មិន​បាន​ប្រមូល​មក​ក្នុង​ផ្ទះ នោះ​នឹង​ត្រូវ​ព្រិល​ធ្លាក់​មក​លើ ស្លាប់​ទាំង​អស់

សូមអានជំពូកពេញលេញ និក្ខមនំ 9