គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 9:25-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. នៅ​គ្រប់​ក្នុង​ស្រុក​អេស៊ីព្ទ ព្រិល​នោះ​បាន​ធ្លាក់​មក​ត្រូវ​របស់​ទាំង​អស់​នៅ​ទី​វាល តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ ក៏​ធ្លាក់​មក​បំផ្លាញ​អស់​ទាំង​ដំណាំ​នៅ​វាល​ដែរ ហើយ​បំបាក់​អស់​ទាំង​ដើម​ឈើ​នៅ​ចំការ​ផង

26. ឯ​ទី​ដែល​គ្មាន​ព្រិល នោះ​មាន​តែ​នៅ​ស្រុក​កូសែន ដែល​ជា​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប៉ុណ្ណោះ។

27. នោះ​ផារ៉ោន ទ្រង់​ចាត់​ឲ្យ​ទៅ​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ថា ម្តង​នេះ​អញ​ជា​អ្នក​មាន​បាប គឺ​ជា​ព្រះ‌យេហូវ៉ា​ដែល​សុចរិត ឯ​អញ និង​រាស្ត្រ​អញ យើង​ជា​ពួក​អាក្រក់​វិញ

28. ដូច្នេះ​សូម​ឲ្យ​ឯង​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដ្បិត​មាន​ផ្គរ​ជា​យ៉ាង​ខ្លាំង ហើយ​នឹង​ព្រិល​នេះ​ជា​ការ​ល្មម​ហើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ ឥត​មាន​ឃាត់‌ឃាំង​ទៀត​ឡើយ

29. ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូល‌បង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់​ហើយ​នឹង​គ្មាន​ព្រិល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា

30. ប៉ុន្តែ​ទូល‌បង្គំ​ដឹង​ថា ទ្រង់ និង​ពួក​មហា‌តលិក​មិន​ទាន់​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​ឡើយ​ទេ

31. ឯ​ដើម​ខ្លូត‌ទេស និង​ស្រូវ​ឱក នោះ​ហិន‌ហោច​អស់ ដ្បិត​ស្រូវ​ឱក​កំពុង​តែ​បែក​គួរ ហើយ​ដើម​ខ្លូត‌ទេស​ចេញ​ផ្កា​ហើយ

32. តែ​ស្រូវ‌សាលី និង​ស្រូវ​អេប៉ូត​មិន​បាន​ខូច​ទេ ពី​ព្រោះ​មិន​ទាន់​ដុះ​នៅ​ឡើយ

33. ម៉ូសេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​ទៅ​ក្រៅ​ទី​ក្រុង លើក​ដៃ​ប្រទូល​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ‌លាន់​ក៏​ស្ងប់‌ស្ងាត់ ព្រិល​ក៏​បាត់​ទៅ ហើយ​ភ្លៀង​ក៏​រាំង មិន​ធ្លាក់​មក​លើ​ដី​ទៀត

34. រួច​កាល​ផារ៉ោន​ឃើញ​ថា ភ្លៀង និង​ព្រិល ហើយ​នឹង​ផ្គរ‌លាន់​បាន​ស្ងប់​បាត់​អស់​ហើយ នោះ​ទ្រង់​នៅ​តែ​ធ្វើ​បាប​ទៀត គឺ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង ព្រម​ទាំង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា​ផង

35. ដូច្នេះ​ផារ៉ោន​មាន​ព្រះ‌ទ័យ​រឹង‌ទទឹង មិន​ព្រម​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទេ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ម៉ូសេ។

សូមអានជំពូកពេញលេញ និក្ខមនំ 9