14. ដ្បិតម្តងនេះ អញនឹងដាក់សេចក្ដីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង និងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ
15. ដ្បិតបើអញបានលើកដៃអញធ្វើឲ្យឯង ហើយនឹងរាស្ត្រឯង កើតមានជំងឺអាសន្នរោគ ក្នុងពេលឥឡូវ នោះឯងរាល់គ្នានឹងបានវិនាសបាត់ពីលើផែនដីទៅអស់រលីងហើយ
16. ប៉ុន្តែអញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី
17. តើឯងនៅតែដំកើងខ្លួនទាស់នឹងរាស្ត្រអញ ព្រមទាំងឃាត់មិនឲ្យគេទៅទៀតឬ
18. មើល ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះអញនឹងបង្អុរឲ្យធ្លាក់ព្រិលជាយ៉ាងវេទនាមកដល់ម៉្លេះបានជាតាំងពីកំណើតស្រុក ដរាបដល់ឥឡូវនេះ នោះមិនដែលមានឲ្យដូចក្នុងស្រុកអេស៊ីព្ទឡើយ
19. ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ និងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស និងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់