គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 8:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ទើប​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេឲ្យ​ចូល​ទៅ​ឯ​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​បើក​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ‌បង្គំ​អញ

2. បើ​មិន​ព្រម​ឲ្យ​គេ​ទៅ​ទេ នោះ​មើល អញ​នឹង​ធ្វើ​ឲ្យ​កើត​មាន​កង្កែប នៅ​ពេញ‌ពាស​ក្នុង​អស់​ទាំង​ព្រំ​ស្រុក​របស់​ឯង

3. នោះ​ទន្លេ​នឹង​មាន​ពេញ​សុទ្ធ​តែ​កង្កែប​វារ​រវើក​ឡើង វា​នឹង​លោត​ចូល​ទៅ​ក្នុង​ផ្ទះ​ឯង គឺ​នៅ​ក្នុង​បន្ទប់​ដេក​លើ​គ្រែ ហើយ​ក្នុង​ផ្ទះ​ពួក​បំរើ និង​ពួក​រាស្ត្រ​ឯង ព្រម​ទាំង​នៅ​ក្នុង​ជើង‌ក្រាន និង​ស្នាច​លាយ​ម្សៅ​របស់​ឯង​ផង

4. កង្កែប​ទាំង​នោះ​នឹង​លោត​លើ​ឯង លើ​រាស្ត្រ ហើយ​លើ​ពួក​បំរើ​របស់​ឯង​ទាំង​អស់​គ្នា​ដែរ។

5. នោះ​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ម៉ូសេ​ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​ឲ្យ​បង​កាន់​ដំបង​លើក​ទៅ​លើ​អស់​ទាំង​ទន្លេ ព្រែក ហើយ​នឹង​បឹង ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ

6. អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៃ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​កង្កែប​ឡើង​មក​គ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

7. ឯ​ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដោយ​របៀន​របស់​គេ​ដែរ គេ​បាន​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។

8. នោះ​ផារ៉ោន​ទ្រង់​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បន្ថយ​កង្កែប​ចេញ​ពី​អញ ហើយ​ពី​រាស្ត្រ​អញ​ទៅ នោះ​អញ​នឹង​ឲ្យ​ពួក​ឯង​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

9. ម៉ូសេ​ក៏​ទូល​ផារ៉ោន​ថា ទ្រង់​មាន​អំណាច​ស្រាប់​ហើយ ដូច្នេះ​សូម​បង្គាប់​ទូល‌បង្គំ​ចុះ តើ​ចង់​ឲ្យ​ទូល‌បង្គំ​អង្វរ​ជំនួស​ទ្រង់ និង​ពួក​មហា‌តលិក ហើយ​នឹង​រាស្ត្រ​ទ្រង់​ក្នុង​ពេល​ណា ដើម្បី​ឲ្យ​កង្កែប​បាន​ត្រូវ​វិនាស​ចេញ​ពី​ចំពោះ​ទ្រង់ និង​ពួក​ដំណាក់​ទ្រង់​ទៅ ឲ្យ​មាន​តែ​នៅ​ក្នុង​ទន្លេ​វិញ

10. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ថ្ងៃ​ស្អែក​ចុះ រួច​លោក​ទូល​ថា សូម​តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដើម្បី​ឲ្យ​ទ្រង់​បាន​ជ្រាប​ថា គ្មាន​អ្នក​ឯ​ណា​ឡើយ ដែល​ស្មើ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

11. នោះ​កង្កែប​នឹង​ថយ​ចេញ​ពី​ទ្រង់ ពី​ដំណាក់​ទ្រង់ ពី​ពួក​មហា‌តលិក ហើយ​ពី​រាស្ត្រ​ទ្រង់​ទៅ និង​មាន​សល់​នៅ​តែ​ក្នុង​ទន្លេ​ប៉ុណ្ណោះ

12. ម៉ូសេ និង​អើរ៉ុន​ក៏​ចេញ​ពី​ផារ៉ោន​ទៅ រួច​ម៉ូសេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អំពី​រឿង​កង្កែប ដែល​ទ្រង់​បាន​នាំ​មក​លើ​ផារ៉ោន​នោះ

13. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​សំរេច​តាម​ពាក្យ​លោក​ម៉ូសេ នោះ​កង្កែប​ក៏​ស្លាប់​អន្តរ‌ធាន​នៅ​ក្នុង​ផ្ទះ និង​ក្នុង​ភូមិ ហើយ​នៅ​ចំការ​ផង

14. គេ​ប្រមូល​គរ​ឡើង​ជា​គំនរ រួច​ក្នុង​ស្រុក​ក៏​ធុំ​ក្លិន​ស្អុយ​ពេញ

15. តែ​កាល​ផារ៉ោន​ឃើញ​ថា​បាន​ធូរ​ស្បើយ​ហើយ នោះ​ទ្រង់​តាំង​ព្រះ‌ទ័យ​រឹង‌ទទឹង​ទៀត ហើយ​មិន​ព្រម​ស្តាប់​តាម​ម៉ូសេ និង​អើរ៉ុន​ឡើយ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក។

16. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​អើរ៉ុន​ថា ចូរ​បង​លើក​ដំបង​វាយ​ធូលី​ដី​ទៅ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ចៃ នៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

17. នោះ​ក៏​ធ្វើ​ដូច្នោះ អើរ៉ុន​កាន់​ដំបង​លើក​វាយ​ធូលី​ដី ហើយ​កើត​មាន​ចៃ​នៅ​លើ​មនុស្ស​ហើយ​នឹង​សត្វ ធូលី​ដី​ទាំង​អស់​ក៏​ទៅ​ជា​ចៃ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ

សូមអានជំពូកពេញលេញ និក្ខមនំ 8