គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 6:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ឥឡូវ​នេះ ឯង​នឹង​ឃើញ​ការ​ដែល​អញ​ធ្វើ​ដល់​ផារ៉ោន ដ្បិត​ដោយ​ដៃ​ខ្លាំង​ពូកែ នោះ​អញ​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ហើយ​ដោយ​ដៃ​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ​ផង។

2. ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ទៀត​ថា អញ​ជា​ព្រះ‌យេហូវ៉ា

3. អញ​បាន​លេច​មក​ឯ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​យ៉ាកុប​សំដែង​ចេញ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ​គេ​មិន​បាន​ស្គាល់​អញ​ដោយ​នាម​ជា «យេហូវ៉ា» របស់​អញ​នោះ​ទេ

4. អញ​ក៏​បាន​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​គេ​ថា នឹង​ឲ្យ​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ទុក​ដូច​ជា​អ្នក​ដទៃ

5. អញ​បាន​ឮ​ដំងូរ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ពួក​សាសន៍​អេស៊ីព្ទ​ចាប់​ជា​បាវ​បំរើ ហើយ​អញ​បាន​រឭក​ដល់​សេចក្ដី​សញ្ញា​របស់​អញ​នោះ

6. ដូច្នេះ​ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អញ​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បំរើ​គេ អញ​នឹង​លើក​ដៃ​អញ​ឡើង​លោះ​ឯង​រាល់​គ្នា ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ

7. អញ​នឹង​យក​ឯង​រាល់​គ្នា​ទុក​ជា​រាស្ត្រ​របស់​អញ ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​នឹង​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា គឺ​ជា​ព្រះ​នៃ​ឯង ដែល​នាំ​ឯង​ចេញ​ផុត​ពី​បន្ទុក​របស់​ពួក​សាសន៍​អេស៊ីព្ទ

8. អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​លើក​ដៃ​ស្បថ​ថា នឹង​ឲ្យ​ទៅ​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​កេរ‌អាករ​វិញ គឺ​អញ​នេះ​ហើយ​ជា​ព្រះ‌យេហូវ៉ា

9. រួច​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្តែ​ដោយ​ព្រោះ​សេចក្ដី​វេទនា​នឹង​ការ​បំរើ​យ៉ាង​សហ័ស បាន​ជា​គេ​មិន​ព្រម​ស្តាប់​តាម​លោក​ទេ។

10. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

11. ឲ្យ​ចូល​ទៅ​ទូល​ផារ៉ោន​ជា​ស្តេច​អេស៊ីព្ទ​ថា ចូរ​បើក​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ទៅ

12. តែ​ម៉ូសេ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា មើល សូម្បី​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្តាប់​តាម​ទូល‌បង្គំ​ទៅ ហើយ​ចំណង់​បើ​ផារ៉ោន​ធ្វើ​ដូច​ម្តេច​ឲ្យ​ស្តាប់​តាម​ទូល‌បង្គំ​បាន បើ​ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​ចេះ​វោហារ​ដូច្នេះ​ផង

13. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ម៉ូសេ និង​អើរ៉ុន ជា​សេចក្ដី​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ប្រយោជន៍​ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ។

14. នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន

15. ពួក​កូន​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្ត្រី​សាសន៍​កាណាន​ម្នាក់ នេះ​ឯង​ជា​គ្រួ​ស៊ីម្មាន​ទាំង​ប៉ុន្មាន

សូមអានជំពូកពេញលេញ និក្ខមនំ 6