គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 4:9-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. តែ​បើ​គេ​មិន​ជឿ​ទី​សំគាល់​ទាំង​២​នេះ​ទេ ហើយ​មិន​ព្រម​ស្តាប់​តាម​ឯង​ផង នោះ​ត្រូវ​ឲ្យ​យក​ទឹក​ទន្លេ​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​ឯង​យក​ពី​ទន្លេ​មក នោះ​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​វិញ។

10. ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង

11. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ

12. ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង

13. នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ

14. នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ម៉ូសេ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អើរ៉ុន ជា​ពួក​លេវី មិន​មែន​ជា​បង​ឯង​ទេ​ឬ​អី អញ​ដឹង​ថា គាត់​ចេះ​វោហារ​ស្រួល​ណាស់ ហើយ​មើល គាត់​ក៏​ចេញ​មក​រក​ឯង​ដែរ កាល​ណា​ឃើញ​ឯង​ហើយ នោះ​គាត់​នឹង​មាន​ចិត្ត​អំណរ​អរ

15. ឯង​ត្រូវ​ជំនុំ​នឹង​គាត់ ហើយ​បញ្ចេះ​ពាក្យ​សំដី​ឲ្យ​គាត់​បាន​និយាយ ឯ​អញៗ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ហើយ​នឹង​មាត់​គាត់​ដែរ ព្រម​ទាំង​បង្រៀន​ការ​ដែល​ឯង​ត្រូវ​ធ្វើ​ផង

16. គាត់​នឹង​និយាយ​ទៅ​បណ្តា‌ជន​ជំនួស​ឯង គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​ដូច​ជា​ព្រះ​ដល់​គាត់

17. ត្រូវ​ឲ្យ​ឯង​យក​ដំបង​នេះ​កាន់​នៅ​ដៃ សំរាប់​នឹង​ធ្វើ​ទី​សំគាល់​ចុះ។

18. នោះ​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ឯ​យេត្រូ ជា​ឪពុក​ក្មេក​ជំរាប​ថា សូម​អនុញ្ញាត ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​បង​ប្អូន​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​នឹង​មើល តើ​គេ​នៅ​រស់​ឬ​យ៉ាង​ណា យេត្រូ​តប​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ

19. រីឯ​នៅ​ស្រុក​ម៉ាឌាន នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​ពួក​អ្នក​ដែល​ចង់​សំឡាប់​ឯង គេ​ស្លាប់​អស់​ហើយ

20. ម៉ូសេ​ក៏​ប្រមូល​យក​ប្រពន្ធ​កូន បញ្ជិះ​លើ​សត្វ​លា វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ក៏​យក​ទាំង​ដំបង​របស់​ព្រះ​កាន់​នៅ​ដៃ​ផង

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា កាល​ណា​ឯង​ត្រឡប់​ទៅ​ដល់​ស្រុក​អេស៊ីព្ទ​ហើយ នោះ​កុំ​ឲ្យ​ខាន​នឹង​ធ្វើ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​បាន​ដាក់​នៅ​ដៃ​ឯង​នៅ​ចំពោះ​មុខ​ផារ៉ោន​ឡើយ តែ​អញ​នឹង​ធ្វើ​ឲ្យ​ផារ៉ោន​មាន​ចិត្ត​រឹង‌ទទឹង នោះ​ទ្រង់​មិន​ព្រម​បើក​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​ទេ

22. ឯង​ត្រូវ​ទូល​ទៅ​ផារ៉ោន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ៊ីស្រា‌អែល​ជា​កូន​អញ គឺ​ជា​កូន​ច្បង​របស់​អញ

23. ហើយ​អញ​ប្រាប់​ឯង​ថា ចូរ​បើក​ឲ្យ​កូន​អញ​ចេញ​ទៅ ដើម្បី​នឹង​ថ្វាយ‌បង្គំ​អញ បើ​ឯង​មិន​ព្រម​ទេ នោះ​មើល អញ​នឹង​សំឡាប់​កូន​ច្បង​របស់​ឯង​ចោល។

សូមអានជំពូកពេញលេញ និក្ខមនំ 4