6. ព្រះយេហូវ៉ាទ្រង់បង្គាប់ទៀតថា ចូរឯងដាក់ដៃចូលទៅលើទ្រូងឥឡូវចុះ លោកក៏ដាក់ដៃចូលទៅ រួចដកមកវិញឃើញមានកើតឃ្លង់សដូចហិមៈ
7. រួចទ្រង់ប្រាប់ថា ចូរដាក់ដៃចូលទៅលើទ្រូងម្តងទៀត លោកក៏ដាក់ចូលទៅ រួចដកចេញមក ហើយមើល ដៃបានត្រឡប់ទៅដូចជាធម្មតាដើមវិញ
8. ទ្រង់មានព្រះបន្ទូលថា បើគេមិនជឿឯង ហើយមិនស្តាប់តាមទីសំគាល់មុន នោះគេនឹងជឿដោយសារទីសំគាល់ក្រោយនេះដែរ
9. តែបើគេមិនជឿទីសំគាល់ទាំង២នេះទេ ហើយមិនព្រមស្តាប់តាមឯងផង នោះត្រូវឲ្យយកទឹកទន្លេមកចាក់លើដីគោក រួចទឹកដែលឯងយកពីទន្លេមក នោះនឹងត្រឡប់ទៅជាឈាមនៅលើដីវិញ។
10. ម៉ូសេទូលទៅព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវោហារទេ គឺតាំងតែពីដើមរៀងមក ហើយឥឡូវនេះដែលទ្រង់បានមានព្រះបន្ទូលនឹងទូលបង្គំជាអ្នកបំរើទ្រង់ នោះក៏នៅតែគ្មានដដែល ដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡាន់ផង
11. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា តើអ្នកណាបានបង្កើតមាត់មនុស្ស តើអ្នកណាដែលធ្វើឲ្យគ ឬឲ្យថ្លង់ ឲ្យភ្លឺ ឬឲ្យខ្វាក់នោះ បើមិនមែនអញជាព្រះយេហូវ៉ាប៉ុណ្ណោះទេ
12. ដូច្នេះចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង ព្រមទាំងបង្រៀនសេចក្ដីដែលឯងត្រូវនិយាយផង
13. នោះម៉ូសេទូលថា ឱព្រះអម្ចាស់អើយ សូមទ្រង់ចាត់អ្នកណាមួយតាមព្រះហឫទ័យទ្រង់ចុះ
14. នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងម៉ូសេ ទ្រង់មានព្រះបន្ទូលថា តើអើរ៉ុន ជាពួកលេវី មិនមែនជាបងឯងទេឬអី អញដឹងថា គាត់ចេះវោហារស្រួលណាស់ ហើយមើល គាត់ក៏ចេញមករកឯងដែរ កាលណាឃើញឯងហើយ នោះគាត់នឹងមានចិត្តអំណរអរ
15. ឯងត្រូវជំនុំនឹងគាត់ ហើយបញ្ចេះពាក្យសំដីឲ្យគាត់បាននិយាយ ឯអញៗនឹងនៅជាមួយនឹងមាត់ឯង ហើយនឹងមាត់គាត់ដែរ ព្រមទាំងបង្រៀនការដែលឯងត្រូវធ្វើផង
16. គាត់នឹងនិយាយទៅបណ្តាជនជំនួសឯង គាត់នឹងធ្វើជាមាត់ឲ្យឯង ហើយឯងនឹងបានដូចជាព្រះដល់គាត់
17. ត្រូវឲ្យឯងយកដំបងនេះកាន់នៅដៃ សំរាប់នឹងធ្វើទីសំគាល់ចុះ។