គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 4:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តែ​ម៉ូសេ​ប្រកែក​ថា មើល គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លេច​មក​ឯ​អ្នក​ទេ

2. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា តើ​មាន​អ្វី​នៅ​ដៃ​ឯង​នោះ លោក​ទូល​ឆ្លើយ​ថា មាន​ដំបង

3. រួច​ទ្រង់​ប្រាប់​ថា ចូរ​បោះ​ទៅ​ដី​ទៅ លោក​ក៏​បោះ​ទៅ ហើយ​ដំបង​នោះ​ត្រឡប់​ទៅ​ជា​សត្វ​ពស់ ម៉ូសេ​ក៏​រត់​ចេញ​ពី​សត្វ​ពស់​នោះ

4. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ចូរ​លូក​ដៃ​ទៅ​ចាប់​ត្រង់​កន្ទុយ​វា លោក​ក៏​លូក​ដៃ​ទៅ​ចាប់ រួច​ពស់​នោះ​ត្រឡប់​ទៅ​ជា​ដំបង​នៅ​ដៃ​លោក​វិញ

5. នេះ​គឺ​ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​ពួក​អយ្យកោ ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប ទ្រង់​បាន​លេច​មក​ឯ​ឯង។

6. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ទៀត​ថា ចូរ​ឯង​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ឥឡូវ​ចុះ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួច​ដក​មក​វិញ​ឃើញ​មាន​កើត​ឃ្លង់​ស​ដូច​ហិមៈ

7. រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ

8. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​គេ​មិន​ជឿ​ឯង ហើយ​មិន​ស្តាប់​តាម​ទី​សំគាល់​មុន នោះ​គេ​នឹង​ជឿ​ដោយ‌សារ​ទី​សំគាល់​ក្រោយ​នេះ​ដែរ

9. តែ​បើ​គេ​មិន​ជឿ​ទី​សំគាល់​ទាំង​២​នេះ​ទេ ហើយ​មិន​ព្រម​ស្តាប់​តាម​ឯង​ផង នោះ​ត្រូវ​ឲ្យ​យក​ទឹក​ទន្លេ​មក​ចាក់​លើ​ដី​គោក រួច​ទឹក​ដែល​ឯង​យក​ពី​ទន្លេ​មក នោះ​នឹង​ត្រឡប់​ទៅ​ជា​ឈាម​នៅ​លើ​ដី​វិញ។

10. ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​អ្នក​មិន‌សូវ​មាន​វោហារ​ទេ គឺ​តាំង​តែ​ពី​ដើម​រៀង​មក ហើយ​ឥឡូវ​នេះ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ជា​អ្នក​បំរើ​ទ្រង់ នោះ​ក៏​នៅ​តែ​គ្មាន​ដដែល ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង

11. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ​ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ​ឲ្យ​ខ្វាក់​នោះ បើ​មិន​មែន​អញ​ជា​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ​ទេ

12. ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្ដី​ដែល​ឯង​ត្រូវ​និយាយ​ផង

13. នោះ​ម៉ូសេ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ចាត់​អ្នក​ណា​មួយ​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ

14. នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ទាស់​នឹង​ម៉ូសេ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អើរ៉ុន ជា​ពួក​លេវី មិន​មែន​ជា​បង​ឯង​ទេ​ឬ​អី អញ​ដឹង​ថា គាត់​ចេះ​វោហារ​ស្រួល​ណាស់ ហើយ​មើល គាត់​ក៏​ចេញ​មក​រក​ឯង​ដែរ កាល​ណា​ឃើញ​ឯង​ហើយ នោះ​គាត់​នឹង​មាន​ចិត្ត​អំណរ​អរ

15. ឯង​ត្រូវ​ជំនុំ​នឹង​គាត់ ហើយ​បញ្ចេះ​ពាក្យ​សំដី​ឲ្យ​គាត់​បាន​និយាយ ឯ​អញៗ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ហើយ​នឹង​មាត់​គាត់​ដែរ ព្រម​ទាំង​បង្រៀន​ការ​ដែល​ឯង​ត្រូវ​ធ្វើ​ផង

16. គាត់​នឹង​និយាយ​ទៅ​បណ្តា‌ជន​ជំនួស​ឯង គាត់​នឹង​ធ្វើ​ជា​មាត់​ឲ្យ​ឯង ហើយ​ឯង​នឹង​បាន​ដូច​ជា​ព្រះ​ដល់​គាត់

17. ត្រូវ​ឲ្យ​ឯង​យក​ដំបង​នេះ​កាន់​នៅ​ដៃ សំរាប់​នឹង​ធ្វើ​ទី​សំគាល់​ចុះ។

សូមអានជំពូកពេញលេញ និក្ខមនំ 4