គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 33:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯ​បណ្តា‌ជន​គេ​ឃើញ​បង្គោល​ពពក​សណ្ឋិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ក៏​ក្រោក​ឡើង​ថ្វាយ‌បង្គំ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រទល់​មុខ​នឹង​ម៉ូសេ ដូច​ជា​មនុស្ស​និយាយ​នឹង​សំឡាញ់​ខ្លួន រួច​លោក​ត្រឡប់​មក​ដល់​ទី​ដំឡើង​ត្រសាល​គេ​វិញ តែ​យ៉ូស្វេ​កូន​នុន ជា​ជំនួយ​ការ​របស់​លោក ដែល​នៅ​កំឡោះ​នៅ​ឡើយ មិន​បាន​ចេញ​ពី​ត្រសាល​ជំនុំ​មក​ទេ។

12. ម៉ូសេ​លោក​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទ្រង់​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​បណ្តា‌ជន​នេះ​ឡើង​ទៅ តែ​ទ្រង់​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង ជា​ទ្រង់​នឹង​ចាត់​អ្នក​ណា ឲ្យ​ទៅ​ជា​មួយ​សោះ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ឯង​ក៏​ប្រកប​ដោយ​គុណ​របស់​អញ​ផង

13. ដូច្នេះ បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត​មែន នោះ​សូម​សំដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​ទ្រង់ ហើយ​ឲ្យ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត រួច​សូម​ទ្រង់​នឹក​ចាំ​ពី​សាសន៍​នេះ​ថា​ជា​រាស្ត្រ​របស់​ទ្រង់​ផង

14. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា វិញ្ញាណ​អញ​នឹង​ទៅ​ជា​មួយ​នឹង​ឯង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​សំរាក

15. ម៉ូសេ​ក៏​ទូល​ថា បើ‌សិន​ណា​ជា​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​មិន​យាង​ទៅ​ជា​មួយ​ទេ នោះ​សូម​កុំ​នាំ​យើង​ខ្ញុំ​រាល់​គ្នា​ឡើង​ចេញ​ពី​ទី​នេះ​ទៅ​ឡើយ

16. ដ្បិត​តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ទូល‌បង្គំ ហើយ​នឹង​រាស្ត្រ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ទៅ​បាន តើ​មិន​មែន​ដោយ​ទ្រង់​យាង​ទៅ ជា​មួយ​នឹង​យើង​ខ្ញុំ​ទេ​ឬ​អី យ៉ាង​នោះ​ឯង យើង​ខ្ញុំ គឺ​ខ្លួន​ទូល‌បង្គំ និង​រាស្ត្រ​របស់​ផង​ទ្រង់​នឹង​បាន​ញែក​ចេញ​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត​ដែល​នៅ​ផែនដី​នេះ។

17. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ឯង​បាន​សូម​នេះ​ដែរ ដ្បិត​ឯង​ប្រកប​ដោយ​គុណ​នៃ​អញ ហើយ​អញ​ក៏​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ​ផង

18. លោក​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មេត្តា​បើក​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​ទ្រង់​ផង

សូមអានជំពូកពេញលេញ និក្ខមនំ 33