គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 33:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ទៅ​ចុះ ឲ្យ​ចេញ​ពី​ទី​នេះ​ឡើង​ទៅ ព្រម​ទាំង​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ផង ទៅ​ឯ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ដោយ​ពាក្យ​ថា នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ឯង​ត​ទៅ

2. អញ​នឹង​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ហើយ​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ

3. ឯង​នឹង​ឡើង​ទៅ​ឯ​ស្រុក​១​ដែល​មាន​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ តែ​អញ​មិន​ឡើង​ទៅ​កណ្តាល​ពួក​ឯង​ទេ ក្រែង​អញ​ធ្វើ​ឲ្យ​ឯង​វិនាស​តាម​ផ្លូវ ដ្បិត​ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង។

4. កាល​ពួក​ជន​ទាំង‌ឡាយ​បាន​ឮ​ដំណឹង​អាក្រក់​នោះ​ហើយ គេ​ក៏​មាន​ចិត្ត​ស្រងូត‌ស្រងាត់ ឥត​មាន​អ្នក​ណា​មួយ​ពាក់​គ្រឿង​លំអ​អ្វី​ឡើយ

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​មាន​ក្បាល​រឹង បើ​អញ​ឡើង​ទៅ​កណ្តាល​ឯង​រាល់​គ្នា​តែ​១​ភ្លែត នោះ​នឹង​ធ្វើ​ឲ្យ​វិនាស​អស់​ហើយ ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ដោះ​គ្រឿង​លំអ​ពី​ខ្លួន​ចេញ​ឥឡូវ ដើម្បី​ឲ្យ​អញ​ដឹង​ជា​ត្រូវ​ធ្វើ​ដល់​ឯង​រាល់​គ្នា​ជា​យ៉ាង​ណា

6. នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដោះ​គ្រឿង​លំអ​ទាំង​អស់​ពី​ខ្លួន​ចេញ ត្រង់​ភ្នំ​ហូរែប។

7. ម៉ូសេ​លោក​ក៏​យក​ត្រសាល​ទៅ​ដំឡើង​នៅ​ទី​ឆ្ងាយ​ក្រៅ​ពី​ទី​ដំឡើង​ត្រសាល​របស់​គេ ហើយ​ឲ្យ​មាន​ឈ្មោះ​ថា «ត្រសាល​ជំនុំ» ឯ​អស់​អ្នក​ណា​ដែល​រក​ព្រះ‌យេហូវ៉ា គេ​ក៏​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ ដែល​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​នោះ

8. កាល​ណា​ម៉ូសេ​ចេញ​ទៅ​ឯ​ត្រសាល​ជំនុំ បណ្តា‌ជន​ទាំង​អស់​ក៏​ក្រោក​ឡើង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​គេ​រៀង​ខ្លួន ទាំង​មើល​តាម​លោក​ទាល់​តែ​បាន​ចូល​ផុត​ក្នុង​ត្រសាល​ជំនុំ

9. គ្រា​ដែល​ម៉ូសេ​ចូល​ផុត​ទៅ​ហើយ នោះ​បង្គោល​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សន្ទនា​នឹង​ម៉ូសេ

សូមអានជំពូកពេញលេញ និក្ខមនំ 33