គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 32:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​បណ្តា‌ជន​ទាំង‌ឡាយ​បាន​ឃើញ​ថា ម៉ូសេ​ក្រ​ចុះ​មក​ពី​លើ​ភ្នំ​វិញ​ដូច្នេះ នោះ​គេ​ប្រជុំ​គ្នា​ទៅ​ឯ​អើរ៉ុន​ជំរាប​ថា សូម​លោក​ធ្វើ​ព្រះ​សំរាប់​យើង​រាល់​គ្នា ឲ្យ​បាន​នាំ​មុខ​យើង​ផង ដ្បិត​ឯ​ម៉ូសេ ជា​អ្នក​ដែល​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ យើង​រាល់​គ្នា​មិន​ដឹង​ជា​លោក​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ

2. រួច​អើរ៉ុន​តប​ទៅ​គេ​ថា ដូច្នេះ ចូរ​ដោះ​ក្រវិល​មាស​ពី​ត្រចៀក​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​ឯង​រាល់​គ្នា​យក​មក​ឲ្យ​អញ

3. នោះ​គ្រប់​គ្នា​ក៏​ដោះ​យក​ទៅ​ប្រគល់​ឲ្យ

4. ហើយ​លោក​បាន​ទទួល​យក​ពី​ដៃ​គេ​ទៅ​ចាក់​ក្នុង​ពុម្ព សិត​ធ្វើ​ជា​រូប​កូន​គោ រួច​គេ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង ដែល​បាន​នាំ​ឯង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

5. កាល​អើរ៉ុន​បាន​ឃើញ​រូប​គោ​ហើយ នោះ​ក៏​សាង​អាស‌នា​១​នៅ​មុខ​រូប​នោះ រួច​ស្រែក​ប្រកាស​ថា នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​មាន​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា

6. លុះ​ដល់​ថ្ងៃ​ស្អែក​បណ្តា‌ជន​ទាំង‌ឡាយ ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ក៏​នាំ​គ្នា​អង្គុយ​ស៊ី​ផឹក រួច​ក្រោក​ឡើង​លេង​សប្បាយ។

7. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ទៅ ចូរ​ចុះ​ទៅ ដ្បិត​ពួក​ជន​នៃ​ឯង ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ

8. ក៏​រហ័ស​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ហើយ​បាន​សិត​ធ្វើ​រូប​កូន​គោ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា នែ ពួក​អ៊ីស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​នៃ​ឯង​ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

9. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា អញ​ឃើញ​បណ្តា‌ជន​នេះ ថា​ជា​ពួក​មនុស្ស​មាន​ក្បាល​រឹង

10. ដូច្នេះ​ទុក​ឲ្យ​អញ​ឥឡូវ​ចុះ ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ​បាន​ឆេះ​ក្តៅ​ឡើង​ទាស់​នឹង​គេ អញ​នឹង​បំផ្លាញ​គេ​ឲ្យ​សូន្យ​ទៅ ហើយ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង​វិញ។

11. នោះ​ម៉ូសេ​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​សេចក្ដី​ក្រោធ​ក្តៅ​ឡើង​ទាស់​នឹង​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ហើយ​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ

12. ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫ‌ទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ

13. សូម​ទ្រង់​នឹក​ចាំ​ពី​អ័ប្រា‌ហាំ អ៊ីសាក ហើយ​នឹង​អ៊ីស្រា‌អែល​ជា​អ្នក​បំរើ​ទ្រង់ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ្នក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា «អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​អញ​បាន​សន្យា​នឹង​ឯង​ថា នឹង​ឲ្យ​ដល់​ពូជ​ឯង ឲ្យ​គេ​បាន​ទទួល​ទុក​ជា​មរដក​ជា​រៀង‌រាប​ត​ទៅ»

14. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ លែង​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​ចេញ​ទៅ។

សូមអានជំពូកពេញលេញ និក្ខមនំ 32