គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 30:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ត្រូវ​ឲ្យ​ធ្វើ​អាស‌នា​១​ពី​ឈើ​នាង‌នួន​សំរាប់​ដុត​គ្រឿង​ក្រអូប

2. ឲ្យ​មាន​បណ្តោយ​១​ហត្ថ ទទឹង​១​ហត្ថ ៤​ជ្រុង​ស្មើ ហើយ​កំពស់​២​ហត្ថ ឯ​ស្នែង​អាស‌នា​ក៏​ត្រូវ​ធ្វើ​ភ្ជាប់​នឹង​តួ​អាស‌នា

3. ត្រូវ​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​លើ ហើយ​នៅ​ចំហៀង​ជុំវិញ ព្រម​ទាំង​ស្នែង​ផង ហើយ​ត្រូវ​ធ្វើ​កែម​ដោយ​មាស​ព័ទ្ធ​ជុំវិញ​ដែរ

4. នៅ​ពី​ក្រោម​កែម​នោះ​ត្រូវ​ធ្វើ​កង​មាស​២​ដាក់​ភ្ជាប់​នៅ​សង​ខាង សំរាប់​នឹង​ព្រហក​ឈើ​ស្នែង​សែង​ទៅ

5. ឯ​ឈើ​ស្នែង​សោត ក៏​ត្រូវ​ធ្វើ​ពី​ឈើ​នាង‌នួន​ស្រោប​ដោយ​មាស​ដែរ

6. ត្រូវ​ដាក់​អាស‌នា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​បន្ទាល់​នោះ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង

7. អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ​រាល់​តែ​ព្រឹក នៅ​វេលា​ដែល​កំពុង​រៀប​ចង្កៀង

8. ហើយ​រាល់​តែ​ល្ងាច ក្នុង​កាល​តែ​លោក​អុជ​ចង្កៀង នោះ​ត្រូវ​ដុត​គ្រឿង​ក្រអូប​ទៀត នេះ​គឺ​ជា​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា សំរាប់​ថ្វាយ​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​ទាំង​ពូជ​ដំណ​ឯង​ត​ទៅ

9. មិន​ត្រូវ​ថ្វាយ​គ្រឿង​ក្រអូប​ដទៃ ឬ​យញ្ញ‌បូជា​ដុត ឬ​ដង្វាយ​ម្សៅ​ណា​នៅ​លើ​អាស‌នា​នេះ​ឡើយ ក៏​មិន​ត្រូវ​ច្រួច​ដង្វាយ​អ្វី​លើ​អាស‌នា​នេះ​ដែរ

10. ក្នុង​១​ឆ្នាំ​ម្តង អើរ៉ុន​ត្រូវ​យក​ឈាម​នៃ​ដង្វាយ​លោះ​បាប ដែល​ថ្វាយ​សំរាប់​ឲ្យ​ធួន​នឹង​បាប​មក​ប្រឡាក់​នៅ​ស្នែង ឲ្យ​ធួន​នឹង​អាស‌នា​នេះ​ផង គឺ​នៅ​គ្រប់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ធួន​នឹង​អាស‌នា​នេះ​ក្នុង​១​ឆ្នាំ​ម្តង​ជានិច្ច ដ្បិត​ជា​ការ​បរិសុទ្ធ​បំផុត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

11. រួច​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

12. កាល​ណា​រាប់​ចំនួន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​តាម​បញ្ជី​គេ នោះ​ត្រូវ​ឲ្យ​គេ​បង់​ប្រាក់ ជា​ថ្លៃ​លោះ​ខ្លួន ថ្វាយ​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​វេទនា​ណា​មួយ​នៅ​ក្នុង​ពួក​គេ ក្នុង​កាល​ដែល​កំពុង​តែ​រាប់​ចំនួន​គេ​នោះ​ឡើយ

13. ឯ​អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​ពួក​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ត្រូវ​បង់​ថ្លៃ​៥​កាក់​ម្នាក់​គ្រប់ៗ​គ្នា តាម​ប្រាក់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់ ឯ​៥​កាក់​នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា

14. ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​រាប់​ក្នុង​បញ្ជី តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ត្រូវ​បង់​ថ្លៃ​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា​គ្រប់ៗ​គ្នា

15. អ្នក​មាន​មិន​ត្រូវ​បង់​ឲ្យ​លើស​ទៅ ហើយ​អ្នក​ក្រ​ក៏​មិន​ត្រូវ​បង់​ឲ្យ​ខ្វះ​ពី​៥​កាក់ សំរាប់​ជា​ដង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​លោះ​ខ្លួន​នោះ​ដែរ

16. ត្រូវ​ឲ្យ​ទទួល​ប្រាក់​លោះ​ខ្លួន​នោះ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​បាន​ទុក​ជា​សេចក្ដី​រំឭក របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ជា​ដង្វាយ​លោះ​ខ្លួន។

សូមអានជំពូកពេញលេញ និក្ខមនំ 30