គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 3:5-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ទ្រង់​ក៏​បង្គាប់​ថា កុំ​ឲ្យ​មក​ជិត​នេះ​ឡើយ ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ

6. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា អញ​ជា​ព្រះ​នៃ​អយ្យកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប នោះ​ម៉ូសេ​ក៏​ខ្ទប់​មុខ ដ្បិត​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។

7. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ

8. ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ឃ្មុំ​ហូរ‌ហៀរ​វិញ ជា​ទី​កន្លែង​របស់​ផង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស

9. ដូច្នេះ​មើល ឥឡូវ​នេះ ពាក្យ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គេ​អំពាវ‌នាវ​ដល់​អញ នោះ​បាន​ឮ​ហើយ ១​ទៀត​អញ​បាន​ឃើញ​ការ​លំបាក ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​ដល់​គេ​ដែរ

10. ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

11. នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូល‌បង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល‌បង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

12. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ

13. ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា មើល កាល​ណា​ទូល‌បង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល‌បង្គំ​ថា តើ​ព្រះ​ទ្រង់​ព្រះ‌នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច

14. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

15. ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ជា​ឈ្មោះ​អញ​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ក៏​សំរាប់​ជា​សេចក្ដី​រំឭក​ពី​អញ ដល់​គ្រប់​ទាំង​ដំណ​រៀង‌រាប​ត​ទៅ

16. ទៅ​ចុះ ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ទ្រង់​បាន​លេច​មក​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ថា អញ​បាន​មក​ប្រោស​ឯង​រាល់​គ្នា​ជា​ប្រាកដ​ហើយ ក៏​បាន​ឃើញ​ការ​ដែល​គេ​ធ្វើ​ដល់​ឯង​រាល់​គ្នា នៅ​ស្រុក​អេស៊ីព្ទ​ដែរ

17. ហើយ​អញ​បាន​សំរេច​ថា អញ​នឹង​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​សេចក្ដី​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​វិញ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

18. គេ​នឹង​ស្តាប់​តាម​ឯង ហើយ​ឯង និង​ពួក​ចាស់‌ទុំ​ជាតិ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​គាល់​ស្តេច​ស្រុក​អេស៊ីព្ទ​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​មក​ជួប​នឹង​យើង​ខ្ញុំ​រាល់​គ្នា​ហើយ ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ចំងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា

19. តែ​អញ​ដឹង​ថា ស្ដេច​ស្រុក​អេស៊ីព្ទ​នឹង​មិន​ព្រម​អនុញ្ញាត​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ទេ លើក​តែ​ដោយ​ដៃ​ខ្លាំង​ពូកែ​ប៉ុណ្ណោះ

20. អញ​នឹង​លើក​ដៃ​វាយ​ស្រុក​អេស៊ីព្ទ ដោយ​អស់​ទាំង​ការ​អស្ចារ្យ ដែល​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ស្រុក​នោះ ក្រោយ​នោះ​មក ស្តេច​នឹង​បើក​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ទៅ

សូមអានជំពូកពេញលេញ និក្ខមនំ 3