គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 3:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​របស់​យេត្រូ ជា​ឪពុក​ក្មេក ដែល​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន នោះ​លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​ទី​រហោ‌ស្ថាន​រហូត​ដល់​ភ្នំ​ព្រះ គឺ​ជា​ភ្នំ​ហូរែប

2. នៅ​ទី​នោះ មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឯ​លោក​ក្នុង​អណ្តាត​ភ្លើង​នៅ​កណ្តាល​គុម្ព​បន្លា លោក​ក៏​មើល​ទៅ​ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​ឥត​បាន​សុស​ទេ

3. ម៉ូសេ​នឹក​ក្នុង​ចិត្ត​ថា អញ​នឹង​ងាក​ចេញ​ទៅ​មើល​ការ​ចំឡែក​នេះ តើ​ហេតុ​អ្វី​បាន​ជា​គុម្ព​បន្លា​នេះ​ឆេះ​មិន​សុស​ដូច្នេះ

4. កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​លោក​ងាក​បែរ​មក​មើល​ដូច្នេះ នោះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​ពី​ក្នុង​គុម្ព​បន្លា​ថា ម៉ូសេៗ​អើយ រួច​លោក​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់

5. ទ្រង់​ក៏​បង្គាប់​ថា កុំ​ឲ្យ​មក​ជិត​នេះ​ឡើយ ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​ឈរ​នោះ​ជា​ដី​បរិសុទ្ធ

6. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា អញ​ជា​ព្រះ​នៃ​អយ្យកោ​ឯង គឺ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប នោះ​ម៉ូសេ​ក៏​ខ្ទប់​មុខ ដ្បិត​មិន​ហ៊ាន​មើល​ចំ​ទៅ​ព្រះ​ទេ។

7. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ

8. ដូច្នេះ​អញ​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ អញ​នឹង​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​យ៉ាង​ល្អ​ដ៏​ធំ​ទូលាយ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ឃ្មុំ​ហូរ‌ហៀរ​វិញ ជា​ទី​កន្លែង​របស់​ផង​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស

9. ដូច្នេះ​មើល ឥឡូវ​នេះ ពាក្យ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​គេ​អំពាវ‌នាវ​ដល់​អញ នោះ​បាន​ឮ​ហើយ ១​ទៀត​អញ​បាន​ឃើញ​ការ​លំបាក ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​ដល់​គេ​ដែរ

10. ដូច្នេះ ចូរ​មក​ឥឡូវ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅ​ផារ៉ោន ដើម្បី​ឲ្យ​ឯង​បាន​នាំ​រាស្ត្រ​អញ គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។

11. នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូល‌បង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូល‌បង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

12. ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង​ជា​ប្រាកដ កាល​ណា​ឯង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឯង​រាល់​គ្នា​នឹង​មក​ថ្វាយ‌បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ នេះ​ហើយ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​ដឹង​ថា អញ​នេះ​បាន​ចាត់​ឯង​ទៅ

13. ម៉ូសេ​ក៏​ទូល​ទៅ​ព្រះ​ថា មើល កាល​ណា​ទូល‌បង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ព្រះ​នៃ​អយ្យកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល‌បង្គំ​ថា តើ​ព្រះ​ទ្រង់​ព្រះ‌នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច

14. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា

សូមអានជំពូកពេញលេញ និក្ខមនំ 3