គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:8-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. រួច​ត្រូវ​នាំ​កូន​លោក​ចូល​មក​បំពាក់​អាវ​ខ្លី​ឲ្យ

9. ព្រម​ទាំង​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​លោក​ផង រួច​ជួត​ឈ្នួត​ឲ្យ​គេ​ដែរ នោះ​ការ‌ងារ​ជា​សង្ឃ នឹង​បាន​ជា​របស់​ផង​គេ ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប‌ជានិច្ច គឺ​យ៉ាង​នោះ​ឯង​ដែល​ត្រូវ​តាំង​អើរ៉ុន ហើយ​នឹង​ពួក​កូន​លោក​ឡើង។

10. រួច​ត្រូវ​នាំ​គោ​ឈ្មោល​មក នៅ​មុខ​ត្រសាល​ជំនុំ ហើយ​អើរ៉ុន និង​កូន​លោក ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ

11. ត្រូវ​សំឡាប់​គោ​នោះ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

12. ហើយ​យក​ម្រាម​ដៃ​ជ្រលក់​ចុះ​ក្នុង​ឈាម​នោះ​ខ្លះ​ប្រឡាក់​នៅ​ស្នែង​អាស‌នា រួច​ត្រូវ​ចាក់​ឈាម​ទាំង​អស់​នៅ​ជើង​អាស‌នា

13. ត្រូវ​យក​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​រុំ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាស‌នា

14. តែ​សាច់ និង​ស្បែក ហើយ​នឹង​លា​មក​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ដុត​នៅ​ទី​នោះ​ទៅ នោះ​ហើយ​ជា​ដង្វាយ​លោះ​បាប។

15. ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល​១​មក ហើយ​អើរ៉ុន និង​កូន​លោក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ

16. ត្រូវ​សំឡាប់​ចៀម​នោះ យក​ឈាម​ទៅ​ប្រោះ​នៅ​គ្រប់​ជុំវិញ​លើ​អាស‌នា

17. រួច​ត្រូវ​កាប់​ជា​ដុំៗ ហើយ​លាង​អាការៈ​ខាង​ក្នុង​ទាំង​ប៉ុន្មាន និង​ផើង​ផង យក​ទៅ​ដាក់​លើ​ដុំ​សាច់​ហើយ​នឹង​ក្បាល

18. រួច​ដុត​ទាំង​អស់​នៅ​លើ​អាស‌នា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​ដង្វាយ​ដុត​នឹង​ភ្លើង​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

19. ត្រូវ​យក​ចៀម​១​ទៀត​នោះ​មក ហើយ​ត្រូវ​ឲ្យ​អើរ៉ុន និង​កូន​លោក​ដាក់​ដៃ​លើ​ក្បាល

20. រួច​សំឡាប់​យក​ឈាម​ខ្លះ​ទៅ​លាប​នៅ​លើ​ទង​ត្រចៀក​ស្តាំ​អើរ៉ុន ហើយ​លើ​ទង​ត្រចៀក​ស្តាំ​នៃ​ពួក​កូន​លោក​ដែរ លើ​មេ​ដៃ​ស្តាំ ហើយ​លើ​មេ​ជើង​ស្តាំ​ទាំង​អស់​គ្នា រួច​ប្រោះ​ឈាម​ទាំង​អស់​ទៅ​គ្រប់​លើ​អាស‌នា​ជុំវិញ

21. ត្រូវ​ឲ្យ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាស‌នា និង​ប្រេង​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​លោក លើ​ពួក​កូន​លោក និង​សំលៀក‌បំពាក់​ពួក​កូន​លោក​ផង នោះ​លោក​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សំលៀក‌បំពាក់ ហើយ​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​គេ​ដែរ

22. ត្រូវ​យក​ខ្លាញ់​ចៀម​នោះ ព្រម​ទាំង​កន្ទុយ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អាការៈ​ខាង​ក្នុង ហើយ​ដុំ​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​រុំ​នៅ​អង្គញ់​នោះ ហើយ​នឹង​ស្មា​ស្តាំ​ផង ដ្បិត​នេះ​ជា​ចៀម​សំរាប់​បុណ្យ​តាំង​ជា​សង្ឃ

23. ហើយ​ត្រូវ​យក​នំបុ័ង​១​ដុំ នំ​លាយ​ប្រេង​១ និង​នំ​ក្រៀប​១ ពី​នំ​ឥត​ដំបែ​ដែល​នៅ​ក្នុង​កញ្ច្រែង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

24. ទៅ​ដាក់​បាត​ដៃ​អើរ៉ុន ហើយ​បាត​ដៃ​នៃ​កូន​លោក គ្រវី​នំ​ទាំង​នោះ​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

25. រួច​ត្រូវ​យក​ទាំង​អស់​ពី​ដៃ​គេ​ចេញ​ទៅ​ដុត​នៅ​លើ​ដង្វាយ ដែល​កំពុង​តែ​ថ្វាយ​នៅ​លើ​អាស‌នា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា

26. ត្រូវ​ឲ្យ​យក​ទ្រូង​ចៀម​១​នោះ ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន​ជា​សង្ឃ ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ចំណែក​ដល់​ឯង

សូមអានជំពូកពេញលេញ និក្ខមនំ 29