គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:34-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

34. បើ‌សិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។

35. ត្រូវ​ធ្វើ​បុណ្យ​នេះ​គ្រប់​៧​ថ្ងៃ ដើម្បី​នឹង​តាំង​អើរ៉ុន និង​ពួក​កូន​លោក​ឡើង​ធ្វើ​ជា​សង្ឃ តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់

36. រាល់​តែ​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១​ជា​ដង្វាយ​លោះ​បាប​សំរាប់​ឲ្យ​ធួន​នឹង​បាប យ៉ាង​នោះ​នឹង​បាន​សំអាត​អាស‌នា ដោយ‌សារ​ដង្វាយ ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប រួច​ត្រូវ​ចាក់​ប្រេង​ញែក​អាស‌នា​ចេញ​ជា​បរិសុទ្ធ

37. ក្នុង​រវាង​៧​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត ហើយ​របស់​អ្វី​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​ជា​បរិសុទ្ធ​ដែរ។

38. រីឯ​ដង្វាយ ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាស‌នា​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២ អាយុ​១​ខួប

39. កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត​ក្នុង​ពេល​ល្ងាច

40. ហើយ​ដែល​ថ្វាយ​កូន​ចៀម​មុន​ដំបូង នោះ​ត្រូវ​ថ្វាយ​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ភាគ​ក្នុង​១០​ក្នុង​១​ថាំង លាយ​នឹង​ប្រេង​សំរាំង​១​កំប៉ុង និង​ដង្វាយ​ច្រួច​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​១​កំប៉ុង​ផង

41. លុះ​ដល់​ល្ងាច ត្រូវ​ឲ្យ​ឯង​ថ្វាយ​កូន​ចៀម​១​ទៀត ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ដូច​ថ្វាយ​ពី​ព្រឹក​ដែរ នេះ​គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

42. នេះ​ហើយ​ជា​ដង្វាយ​ដុត​ជានិច្ច ដែល​កូន​ចៅ​ឯង​ត​ទៅ​មុខ ត្រូវ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​អញ​នឹង​មក​ជួប​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​និយាយ​ជា​មួយ​នឹង​ឯង

43. អញ​នឹង​មក​ជួប​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ទី​នោះ ហើយ​កន្លែង​នោះ​នឹង​បាន​បរិសុទ្ធ ដោយ‌សារ​សិរី‌ល្អ​នៃ​អញ

44. អញ​នឹង​ញែក​ត្រសាល​ជំនុំ ហើយ​នឹង​អាស‌នា​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​អើរ៉ុន និង​ពួក​កូន​លោក​ដែរ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

45. យ៉ាង​នោះ​អញ​នឹង​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​នឹង​ធ្វើ​ជា​ព្រះ​ឲ្យ​គេ

46. ដូច្នេះ​គេ​នឹង​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ឲ្យ​បាន​នៅ​កណ្តាល​គេ គឺ​អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​គេ។

សូមអានជំពូកពេញលេញ និក្ខមនំ 29