គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 29:24-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ទៅ​ដាក់​បាត​ដៃ​អើរ៉ុន ហើយ​បាត​ដៃ​នៃ​កូន​លោក គ្រវី​នំ​ទាំង​នោះ​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

25. រួច​ត្រូវ​យក​ទាំង​អស់​ពី​ដៃ​គេ​ចេញ​ទៅ​ដុត​នៅ​លើ​ដង្វាយ ដែល​កំពុង​តែ​ថ្វាយ​នៅ​លើ​អាស‌នា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ហើយ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា

26. ត្រូវ​ឲ្យ​យក​ទ្រូង​ចៀម​១​នោះ ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន​ជា​សង្ឃ ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​ជា​ចំណែក​ដល់​ឯង

27. ឯ​ទ្រូង និង​ស្មា​របស់​ចៀម ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន និង​កូន​លោក​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង

28. នោះ​នឹង​បាន​ជា​របស់​ផង​អើរ៉ុន ហើយ​នឹង​កូន​លោក គឺ​ជា​ច្បាប់​សំរាប់​នៅ​អស់​កល្ប‌ជានិច្ច ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម ដ្បិត​នេះ​ឯង​ជា​ដង្វាយ​លើក​ចុះ​ឡើង ហើយ​ក្នុង​អស់​ទាំង​ដង្វាយ​មេត្រី​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ នោះ​ដង្វាយ​លើក​ចុះ​ឡើង​ជា​ដង្វាយ​សំរាប់​ព្រះ‌យេហូវ៉ា។

29. ឯ​អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ​របស់​អើរ៉ុន នឹង​ត្រូវ​ទុក​ឲ្យ​ពួក​កូន​ចៅ​លោក​ត​រៀង​ទៅ ឲ្យ​គេ​បាន​ស្លៀក‌ពាក់​ក្នុង​កាល​ដែល​បាន​ចាក់​ប្រេង​តាំង​គេ​ឡើង​ជា​សង្ឃ​ដែរ

30. កូន​លោក​ណា​មួយ​ដែល​ត្រូវ​ជំនួស​លោក​ក្នុង​ការ‌ងារ​ជា​សង្ឃ នោះ​ត្រូវ​ស្លៀក​សំលៀក‌បំពាក់​នោះ​គ្រប់​៧​ថ្ងៃ ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ។

31. រួច​ត្រូវ​ឲ្យ​យក​ចៀម​ឈ្មោល សំរាប់​បុណ្យ​តាំង​ជា​សង្ឃ ទៅ​ស្ងោរ​នៅ​កន្លែង​បរិសុទ្ធ

32. នោះ​អើរ៉ុន ព្រម​ទាំង​កូន​លោក និង​បរិភោគ​សាច់​ចៀម ហើយ​នឹង​នំបុ័ង​ក្នុង​កញ្ច្រែង​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

33. ត្រូវ​ឲ្យ​គេ​បរិភោគ​របស់​ទាំង​នោះ ដែល​បាន​ថ្វាយ​ឲ្យ​ធួន​នឹង​បាប ដើម្បី​នឹង​តាំង​គេ​ជា​សង្ឃ ហើយ​ញែក​ជា​បរិសុទ្ធ ឯ​អ្នក​ប្រទេស​ក្រៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​របស់​ទាំង​នោះ​ជា​របស់​បរិសុទ្ធ

34. បើ‌សិន​ជា​មាន​សាច់​ពី​បុណ្យ​នោះ ឬ​នំបុ័ង​បាន​សល់​នៅ​ដល់​ព្រឹក​ឡើង នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​នឹង​ភ្លើង​ទៅ មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​របស់​បរិសុទ្ធ។

35. ត្រូវ​ធ្វើ​បុណ្យ​នេះ​គ្រប់​៧​ថ្ងៃ ដើម្បី​នឹង​តាំង​អើរ៉ុន និង​ពួក​កូន​លោក​ឡើង​ធ្វើ​ជា​សង្ឃ តាម​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់

36. រាល់​តែ​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១​ជា​ដង្វាយ​លោះ​បាប​សំរាប់​ឲ្យ​ធួន​នឹង​បាប យ៉ាង​នោះ​នឹង​បាន​សំអាត​អាស‌នា ដោយ‌សារ​ដង្វាយ ដែល​សំរាប់​ឲ្យ​ធួន​នឹង​បាប រួច​ត្រូវ​ចាក់​ប្រេង​ញែក​អាស‌នា​ចេញ​ជា​បរិសុទ្ធ

37. ក្នុង​រវាង​៧​ថ្ងៃ​នោះ ត្រូវ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​អាស‌នា ព្រម​ទាំង​ញែក​ជា​បរិសុទ្ធ នោះ​អាស‌នា​នឹង​បាន​បរិសុទ្ធ​ជា​ទី​បំផុត ហើយ​របស់​អ្វី​ដែល​ប៉ះ​នឹង​អាស‌នា​ក៏​នឹង​បាន​ជា​បរិសុទ្ធ​ដែរ។

38. រីឯ​ដង្វាយ ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាស‌នា​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២ អាយុ​១​ខួប

39. កូន​ចៀម​១​ត្រូវ​ថ្វាយ​ក្នុង​ពេល​ព្រឹក ហើយ​១​ទៀត​ក្នុង​ពេល​ល្ងាច

សូមអានជំពូកពេញលេញ និក្ខមនំ 29