គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 28:3-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ត្រូវ​ប្រាប់​ដល់​អស់​អ្នក​ណា​ដែល​មាន​គំនិត​វាង‌វៃ ជា​មនុស្ស​ដែល​អញ​បាន​បំពេញ​ដោយ​ដំរិះ​សព្វ​គ្រប់ ឲ្យ​គេ​ធ្វើ​សំលៀក‌បំពាក់​ឲ្យ​អើរ៉ុន ដើម្បី​ញែក​លោក​ចេញ​ជា​បរិសុទ្ធ សំរាប់​នឹង​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

4. ឯ​សំលៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ នោះ​គឺ​ប្រដាប់​បាំង​ទ្រូង​១ អេផូឌ​១ អាវ​វែង​១ អាវ​ខ្លី​ប៉ាក់​១ មួក​១ ហើយ​នឹង​ខ្សែ​ក្រវាត់​១

5. ត្រូវ​ឲ្យ​យក​មាស សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ដើម្បី​ធ្វើ​សំលៀក‌បំពាក់​បរិសុទ្ធ​ទាំង​នោះ សំរាប់​អើរ៉ុន បង​ឯង និង​ឲ្យ​កូន​លោក​ផង ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ។

6. ត្រូវ​ឲ្យ​ធ្វើ​អេផូឌ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ទាំង​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ

7. ត្រូវ​មាន​ខ្សែ​ស្មា​២​ភ្ជាប់​នៅ​ចុង​អេផូឌ​ទាំង​មុខ​ទាំង​ក្រោយ ឲ្យ​បាន​ជាប់​ជា​មួយ​គ្នា

8. ឯ​ខ្សែ​ក្រវាត់​ដែល​ជាប់​នឹង​អេផូឌ ហើយ​សំរាប់​ចង​ភ្ជាប់​គ្នា នោះ​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​ធ្វើ​ពី​មាស ហើយ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

9. រួច​ត្រូវ​យក​ថ្ម​អូនីក្ស​២​ដុំ ធ្លាក់​ចុះ​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល

10. ត្រូវ​ឲ្យ​មាន​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ ហើយ​ឈ្មោះ​៦​នៅ​ថ្ម​១​ដុំ​ទៀត តាម​កំណើត​គេ​គ្រប់​គ្នា

11. ត្រូវ​ឆ្លាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​នៅ​ថ្ម​ទាំង​២​ដុំ​នោះ បែប​ដូច​ជា​ជាង​ចំឡាក់​គេ​ឆ្លាក់​ធ្វើ​ត្រា ហើយ​ដាំ​ចុះ​ក្នុង​គ្រោង​មាស

12. ត្រូវ​ដាក់​ថ្ម​ទាំង​២​ដុំ​នោះ​នៅ​លើ​ខ្សែ​ស្មា​អេផូឌ ទុក​ជា​សេចក្ដី​រំឭក​ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច្នេះ​អើរ៉ុន​នឹង​ពាក់​ឈ្មោះ​គេ​នៅ​លើ​ស្មា​ទាំង​២ ទុក​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

13. ត្រូវ​ឲ្យ​ធ្វើ​គ្រោង​មាស​សំរាប់​ដាំ​ថ្ម

14. ហើយ​ខ្សែ​មាស​សុទ្ធ​២ វេញ​ដូច​ជា​ខ្សែពួរ រួច​ភ្ជាប់​ខ្សែ​នឹង​គ្រោង​មាស​នោះ។

15. ត្រូវ​ធ្វើ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ ឲ្យ​ត្រូវ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ហើយ​តាម​របៀប​អេផូឌ​ដែរ គឺ​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

16. ត្រូវ​ឲ្យ​បាន​៤​ជ្រុង​ស្មើ បត់​ជា​២​ផ្នត់ បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម

17. ហើយ​ត្រូវ​ដាំ​ត្បូង​៤​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១

18. ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូង‌កណ្តៀង​១ និង​ពេជ្រ​១

19. ក្នុង​ជួរ​ទី​៣ មាន​ត្បូង​លេសិម​១ ត្បូង​ទទឹម​១ និង​ត្បូង​ត្របែក​១

20. ក្នុង​ជួរ​ទី​៤ មាន​ត្បូង​បេរីល​១ ត្បូង​អូនីក្ស​១ និង​មណី‌ជោតិ​១ ត្រូវ​ដាំ​ត្បូង​ទាំង​នេះ​ចុះ​ក្នុង​គ្រោង​មាស

21. ត្រូវ​តែ​មាន​ត្បូង​១២ តាម​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ហើយ​ត្រូវ​ឆ្លាក់​ទាំង​អស់​បែប​ដូច​ជា​ឆ្លាក់​ត្រា ឯ​គ្រប់​តែ​ត្បូង ត្រូវ​ចារឹក​ឈ្មោះ​មួយៗ ក្នុង​ឈ្មោះ​ពូជ​អំបូរ​ទាំង​១២​នោះ

សូមអានជំពូកពេញលេញ និក្ខមនំ 28