គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 28:29-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ដូច្នេះ​កាល​ណា​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ នោះ​នឹង​ពាក់​អស់​ទាំង​ឈ្មោះ​នៃ​ពួក​កូន​អ៊ីស្រា‌អែល ដែល​ឆ្លាក់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​នោះ​នៅ​លើ​ទ្រូង សំរាប់​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច

30. ត្រូវ​ដាក់​យូរីម និង​ធូមីម ភ្ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ​ដែរ ដូច្នេះ​អើរ៉ុន​នឹង​ពាក់​លើ​ទ្រូង ក្នុង​កាល​ដែល​ចូល​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ការ​វិនិច្ឆ័យ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នឹង​នៅ​ជាប់​លើ​ទ្រូង​អើរ៉ុន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច។

31. ឯ​អាវ​វែង​ផង​អេផូឌ នោះ​ត្រូវ​ឲ្យ​ធ្វើ​ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ​ទាំង​អស់

32. នៅ​កណ្តាល​អាវ នោះ​ត្រូវ​វៀល​ជា​ក ហើយ​ត្រូវ​មាន​សំពត់​ចំ​នៅ​ជុំវិញ​ក​អាវ​នោះ បែប​ដូច​ជា​ក​នៃ​អាវ​សឹក ដើម្បី​កុំ​ឲ្យ​អាវ​នោះ​រហែក​ចេញ

33. នៅ​ជុំវិញ​ជាយ​អាវ​ខាង​ក្រោម នោះ​ត្រូវ​ធ្វើ​ផ្លែ​ទទឹម​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម លាយ​ឆ្លាស់​នឹង​ចង្ក្រង់​មាស

34. គឺ​ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ ចង្ក្រង់​មាស​១ ផ្លែ​ទទឹម​១ តាម​ជុំវិញ​ជាយ​អាវ​វែង​នោះ

35. អើរ៉ុន​ត្រូវ​ពាក់​អាវ​វែង​នោះ សំរាប់​ធ្វើ​ការ‌ងារ​របស់​ខ្លួន ដូច្នេះ​កាល​ណា​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចេញ​មក​វិញ​ក្តី នោះ​នឹង​ឮ​សូរ​ចង្ក្រង់ ហើយ​លោក​មិន​ត្រូវ​ស្លាប់​ទេ។

36. ត្រូវ​ធ្វើ​ស្លាក​មាស​សុទ្ធ​១ ហើយ​ឆ្លាក់​បែប​ដូច​ជា​ឆ្លាក់​ត្រា​ថា «បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា»

37. ត្រូវ​ចង​ស្លាក​នោះ​នឹង​ខ្សែ​ពណ៌​ខៀវ​ភ្ជាប់​នៅ​ត្រង់​មុខ​មួក នៅ​លើ​ថ្ងាស​អើរ៉ុន

38. នោះ​អើរ៉ុន​នឹង​ទទួល​អស់​ទាំង​ការ​កំហុស​ខាង​ឯ​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ ហើយ​ស្លាក​នោះ​នឹង​នៅ​លើ​ថ្ងាស​អើរ៉ុន ជា​ដរាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ទ្រង់​បាន​ទទួល​គេ។

39. ត្រូវ​ឲ្យ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​មួក​ពី​សំពត់​ខ្លូត‌ទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។

40. ឯ​ពួក​កូន​របស់​អើរ៉ុន នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អាវ​ខ្លី និង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សំរាប់​គេ​ដែរ ដើម្បី​ជា​កិត្តិយស និង​ជា​ភាព​លំអ​ដល់​គេ

41. ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​ឯង និង​កូន​លោក​ផង រួច​ត្រូវ​ចាក់​ប្រេង​តាំង​គេ​ឡើង ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ដល់​អញ

សូមអានជំពូកពេញលេញ និក្ខមនំ 28