19. ក្នុងជួរទី៣ មានត្បូងលេសិម១ ត្បូងទទឹម១ និងត្បូងត្របែក១
20. ក្នុងជួរទី៤ មានត្បូងបេរីល១ ត្បូងអូនីក្ស១ និងមណីជោតិ១ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស
21. ត្រូវតែមានត្បូង១២ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា ឯគ្រប់តែត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះពូជអំបូរទាំង១២នោះ
22. ហើយត្រូវឲ្យធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង
23. ត្រូវធ្វើក្រវិលមាស២ ដាក់ភ្ជាប់នៅចុងសងខាងដែរ
24. ហើយត្រូវបញ្ចូលខ្សែមាស២ក្នុងក្រវិលដែលនៅជាប់ចុងសងខាងនៃប្រដាប់បាំងទ្រូង
25. ហើយចុងខ្សែទាំង២ ត្រូវឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ
26. ឯងត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ
27. ហើយត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា ហើយខាងលើខ្សែអេផូឌដែរ
28. ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ
29. ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច
30. ត្រូវដាក់យូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះអើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។
31. ឯអាវវែងផងអេផូឌ នោះត្រូវឲ្យធ្វើពីសំពត់ពណ៌ផ្ទៃមេឃទាំងអស់
32. នៅកណ្តាលអាវ នោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែកចេញ
33. នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស