គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 22:8-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. តែ​បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ឯ​ចៅ‌ក្រម ដើម្បី​នឹង​ពិចារណា​មើល តើ​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ឬ​ទេ។

9. ក្នុង​គ្រប់​រឿង​រំលង​ច្បាប់​អ្វី ទោះ​ពី​គោ ពី​លា ពី​ចៀម ពី​ខោ​អាវ ឬ​ពី​របស់​ណា​បាត់​ក៏​ដោយ ដែល​គេ​នឹង​ប្រកាន់​ថា នេះ​ជា​របស់​ខ្ញុំ នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​នាំ​ទៅ​ឯ​ចៅ‌ក្រម បើ​អ្នក​ណា​ដែល​ចៅ‌ក្រម​បាន​កាត់​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​១​ជា​២។

10. បើ​អ្នក​ណា​ផ្ញើ​លា គោ ចៀម ឬ​សត្វ​ណា​ទុក​នឹង​គេ ហើយ​សត្វ​នោះ​ស្លាប់ ឬ​បាក់​ជើង ឬ​មាន​គេ​នាំ​ទៅ​បាត់ ឥត​អ្នក​ណា​ឃើញ

11. នោះ​អ្នក​ទាំង​២​ត្រូវ​ស្បថ​នឹង​គ្នា​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ដឹង​ជា​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ខ្លួន​ឬ​ទេ ហើយ​ម្ចាស់​សត្វ​នឹង​ត្រូវ​រង​សម្បថ​នោះ រួច​អ្នក​នោះ​មិន​ត្រូវ​សង​សំណង​ទេ

12. ប៉ុន្តែ​បើ​មាន​គេ​លួច​សត្វ​នោះ​ទៅ​វិញ នោះ​នឹង​ត្រូវ​សង​សំណង​ទៅ​ម្ចាស់​ជា​ពិត

13. ឬ​បើ​ត្រូវ​សត្វ​ណា​ហែក​វា នោះ​ត្រូវ​យក​មក​ធ្វើ​ជា​ភស្តុ‌តាង ហើយ​មិន​ត្រូវ​សង​សំណង​ពី​សត្វ​ណា​ដែល​ត្រូវ​ហែក‌ហួរ​នោះ​ទេ។

14. បើ​អ្នក​ណា​ខ្ចី​សត្វ​របស់​គេ ហើយ​វា​បាក់​ជើង ឬ​ស្លាប់​ក្នុង​កាល​ដែល​ម្ចាស់​មិន​បាន​នៅ​ជា​មួយ នោះ​ត្រូវ​តែ​សង​សំណង​ជា​មិន​ខាន

15. បើ​ម្ចាស់​វា​នៅ​ជា​មួយ​ដែរ នោះ​មិន​ត្រូវ​សង​សំណង​ទេ បើ​ជា​សត្វ​ដែល​គេ​ជួល នោះ​ក៏​ល្មម​នឹង​ថ្លៃ​ឈ្នួល​ហើយ។

16. បើ​អ្នក​ណា​ល្បួង​លួង‌លោម​ស្ត្រី​ក្រមុំ ដែល​មិន​ទាន់​មាន​អ្នក​ណា​ដណ្តឹង​នៅ​ឡើយ ហើយ​បាន​ដេក​នៅ​ជា​មួយ​នឹង​នាង នោះ​ត្រូវ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ទៅ ព្រម​ទាំង​ចេញ​បណ្តា‌ការ​ឲ្យ​ផង

17. តែ​បើ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ទៅ​អ្នក​នោះ​សោះ នោះ​ត្រូវ​តែ​សង​ថ្លៃ​តាម​បណ្តា‌ការ​របស់​ស្ត្រី​ក្រមុំ​វិញ។

18. កុំ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប‌ធ្មប់​នៅ​រស់​ឡើយ។

19. អ្នក​ណា​ដែល​រួម​សង្វាស​ជា​មួយ​នឹង​សត្វ នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន។

20. អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។

21. កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

22. កុំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ

សូមអានជំពូកពេញលេញ និក្ខមនំ 22