គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 22:17-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. តែ​បើ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ទៅ​អ្នក​នោះ​សោះ នោះ​ត្រូវ​តែ​សង​ថ្លៃ​តាម​បណ្តា‌ការ​របស់​ស្ត្រី​ក្រមុំ​វិញ។

18. កុំ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប‌ធ្មប់​នៅ​រស់​ឡើយ។

19. អ្នក​ណា​ដែល​រួម​សង្វាស​ជា​មួយ​នឹង​សត្វ នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន។

20. អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា ក្រៅ​ពី​ព្រះ‌យេហូវ៉ា​តែ​១ នោះ​នឹង​ត្រូវ​បំផ្លាញ​ចេញ​អស់​រលីង។

21. កុំ​ឲ្យ​ធ្វើ​បាប​ដល់​អ្នក​ប្រទេស​ក្រៅ ក៏​កុំ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ ដ្បិត​ឯង​រាល់​គ្នា​ក៏​បាន​នៅ​ស្រុក​អេស៊ីព្ទ​ជា​អ្នក​ប្រទេស​ក្រៅ​ដែរ។

22. កុំ​ឲ្យ​ធ្វើ​ទុក្ខ​ដល់​ស្ត្រី​មេម៉ាយ ឬ​កូន​កំព្រា​ណា​ឡើយ

23. បើ​ធ្វើ​ទុក្ខ​ដល់​គេ ហើយ​គេ​អំពាវ‌នាវ​រក​អញ នោះ​អញ​នឹង​ឮ​សំរែក​របស់​គេ​ជា​មិន​ខាន

24. ហើយ​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ក្តៅ​ឡើង អញ​នឹង​សំឡាប់​ឯង​រាល់​គ្នា​ដោយ​ដាវ នោះ​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​មេម៉ាយ ហើយ​កូន​ឯង​នឹង​ទៅ​ជា​កំព្រា​ដែរ។

25. បើ​ឲ្យ​រាស្ត្រ​អញ​ណា​មួយ ជា​អ្នក​ទ័ល‌ក្រ ដែល​នៅ​ជា​មួយ​នឹង​ឯង បាន​ខ្ចី​ប្រាក់ នោះ​មិន​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​ដូច​ជា​ម្ចាស់​បំណុល​ទេ ក៏​មិន​ត្រូវ​យក​ការ​ពី​គេ​ឡើយ។

26. បើ​ទទួល​បញ្ចាំ​សំលៀក‌បំពាក់​របស់​អ្នក​ជិត​ខាង នោះ​ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ថ្ងៃ​លិច

27. ដ្បិត​ជា​សំពត់​ដណ្តប់​តែ​១​របស់​អ្នក​នោះ ជា​សំលៀក‌បំពាក់​ខ្លួន​គេ តើ​គេ​នឹង​បាន​អ្វី​ដណ្តប់​ក្នុង​កាល​ដែល​ទៅ​ដេក បើ​គេ​អំពាវ‌នាវ​ដល់​អញ នោះ​អញ​នឹង​ឮ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​ដល់​គេ។

28. កុំ​ឲ្យ​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ ក៏​កុំ​ឲ្យ​ជេរ​ប្រទេច​ដល់​ចៅ‌ហ្វាយ​របស់​សាសន៍​ឯង​ឡើយ។

29. កុំ​ឲ្យ​បង្អង់​នឹង​ថ្វាយ​ផល​ផ្លែ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ដំបូង​របស់​ឯង​១​ចំណែក​មក​អញ​ឡើយ ឯ​កូន​ប្រុសៗ​របស់​ឯង​ដែល​កើត​ជា​ដំបូង នោះ​ក៏​ត្រូវ​ថ្វាយ​ដល់​អញ​ដែរ

30. ហើយ​ទាំង​កូន​គោ​កូន​ចៀម​ដែល​កើត​ដំបូង នោះ​ត្រូវ​នៅ​នឹង​មេ​វា​អស់​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ថ្វាយ​ដល់​អញ។

សូមអានជំពូកពេញលេញ និក្ខមនំ 22