គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 22:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​អ្នក​ណា​លួច​គោ ឬ​ចៀម​គេ ហើយ​កាប់​សំឡាប់​ឬ​លក់​ទៅ នោះ​ត្រូវ​សង​គោ​៥​ឲ្យ​ធួន​នឹង​គោ​១ ហើយ​ចៀម​៤​ឲ្យ​ធួន​នឹង​ចៀម​១

2. បើ​ចោរ​កំពុង​តែ​លួច ហើយ​គេ​បាន​ទាន់​វាយ​សំឡាប់​ទៅ នោះ​គេ​គ្មាន​ទោស​នឹង​ឈាម​វា​ទេ

3. តែ​បើ​ថ្ងៃ​រះ​ហើយ នោះ​ត្រូវ​មាន​ទោស​វិញ ដ្បិត​នឹង​ត្រូវ​ចាប់​ឲ្យ​សង បើ​ចោរ​គ្មាន​អ្វី​សោះ ត្រូវ​លក់​ខ្លួន​វា​ឲ្យ​ធួន​នឹង​របស់​ដែល​បាន​លួច​យក​នោះ

4. បើ​របស់​ដែល​លួច​នោះ ទោះ​គោ លា ឬ​ចៀម​ក្តី ឃើញ​រស់​នៅ​ដៃ​វា​នៅ​ឡើយ នោះ​ត្រូវ​ឲ្យ​សង​១​ជា​២។

5. បើ​អ្នក​ណា​ធ្វើ​បំផ្លាញ​ចំការ ឬ​ដំណាំ​ទំពាំង‌បាយ‌ជូរ​របស់​គេ ដោយ​លែង​សត្វ​ខ្លួន ឲ្យ​លុក‌លុយ​ស៊ី​ក្នុង​ដី​គេ នោះ​ត្រូវ​យក​ផល​ដំណាំ​យ៉ាង​ល្អ​បំផុត​ពី​ស្រែ​ចំការ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។

6. បើ​កាល​ណា​មាន​ភ្លើង​ឆេះ​គុម្ព​បន្លា ហើយ​ខ្ទាត​ទៅ​ឆេះ​ដល់​ស្នឹម​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ណា​ដែល​ដុត​ភ្លើង ត្រូវ​តែ​សង​គេ​ជា​មិន​ខាន។

7. បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​ជា​របស់​អ្វី ទុក​នឹង​អ្នក​ជិត​ខាង ហើយ​មាន​ចោរ​លួច​ពី​ផ្ទះ​អ្នក​នោះ​ទៅ បើ‌សិន​ជា​គេ​ចាប់​ចោរ​បាន នោះ​ចោរ​ត្រូវ​សង​១​ជា​២

8. តែ​បើ​រក​ចោរ​មិន​ឃើញ​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ឯ​ចៅ‌ក្រម ដើម្បី​នឹង​ពិចារណា​មើល តើ​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ឬ​ទេ។

9. ក្នុង​គ្រប់​រឿង​រំលង​ច្បាប់​អ្វី ទោះ​ពី​គោ ពី​លា ពី​ចៀម ពី​ខោ​អាវ ឬ​ពី​របស់​ណា​បាត់​ក៏​ដោយ ដែល​គេ​នឹង​ប្រកាន់​ថា នេះ​ជា​របស់​ខ្ញុំ នោះ​រឿង​អ្នក​ទាំង​សង​ខាង​ត្រូវ​នាំ​ទៅ​ឯ​ចៅ‌ក្រម បើ​អ្នក​ណា​ដែល​ចៅ‌ក្រម​បាន​កាត់​ថា​មាន​ទោស អ្នក​នោះ​ត្រូវ​សង​គេ​១​ជា​២។

10. បើ​អ្នក​ណា​ផ្ញើ​លា គោ ចៀម ឬ​សត្វ​ណា​ទុក​នឹង​គេ ហើយ​សត្វ​នោះ​ស្លាប់ ឬ​បាក់​ជើង ឬ​មាន​គេ​នាំ​ទៅ​បាត់ ឥត​អ្នក​ណា​ឃើញ

11. នោះ​អ្នក​ទាំង​២​ត្រូវ​ស្បថ​នឹង​គ្នា​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ដឹង​ជា​អ្នក​នោះ​បាន​ដាក់​ដៃ​លើ​របស់​ទ្រព្យ​អ្នក​ជិត​ខាង​ខ្លួន​ឬ​ទេ ហើយ​ម្ចាស់​សត្វ​នឹង​ត្រូវ​រង​សម្បថ​នោះ រួច​អ្នក​នោះ​មិន​ត្រូវ​សង​សំណង​ទេ

12. ប៉ុន្តែ​បើ​មាន​គេ​លួច​សត្វ​នោះ​ទៅ​វិញ នោះ​នឹង​ត្រូវ​សង​សំណង​ទៅ​ម្ចាស់​ជា​ពិត

13. ឬ​បើ​ត្រូវ​សត្វ​ណា​ហែក​វា នោះ​ត្រូវ​យក​មក​ធ្វើ​ជា​ភស្តុ‌តាង ហើយ​មិន​ត្រូវ​សង​សំណង​ពី​សត្វ​ណា​ដែល​ត្រូវ​ហែក‌ហួរ​នោះ​ទេ។

14. បើ​អ្នក​ណា​ខ្ចី​សត្វ​របស់​គេ ហើយ​វា​បាក់​ជើង ឬ​ស្លាប់​ក្នុង​កាល​ដែល​ម្ចាស់​មិន​បាន​នៅ​ជា​មួយ នោះ​ត្រូវ​តែ​សង​សំណង​ជា​មិន​ខាន

15. បើ​ម្ចាស់​វា​នៅ​ជា​មួយ​ដែរ នោះ​មិន​ត្រូវ​សង​សំណង​ទេ បើ​ជា​សត្វ​ដែល​គេ​ជួល នោះ​ក៏​ល្មម​នឹង​ថ្លៃ​ឈ្នួល​ហើយ។

សូមអានជំពូកពេញលេញ និក្ខមនំ 22