1. បើអ្នកណាលួចគោ ឬចៀមគេ ហើយកាប់សំឡាប់ឬលក់ទៅ នោះត្រូវសងគោ៥ឲ្យធួននឹងគោ១ ហើយចៀម៤ឲ្យធួននឹងចៀម១
2. បើចោរកំពុងតែលួច ហើយគេបានទាន់វាយសំឡាប់ទៅ នោះគេគ្មានទោសនឹងឈាមវាទេ
3. តែបើថ្ងៃរះហើយ នោះត្រូវមានទោសវិញ ដ្បិតនឹងត្រូវចាប់ឲ្យសង បើចោរគ្មានអ្វីសោះ ត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលបានលួចយកនោះ
4. បើរបស់ដែលលួចនោះ ទោះគោ លា ឬចៀមក្តី ឃើញរស់នៅដៃវានៅឡើយ នោះត្រូវឲ្យសង១ជា២។
5. បើអ្នកណាធ្វើបំផ្លាញចំការ ឬដំណាំទំពាំងបាយជូររបស់គេ ដោយលែងសត្វខ្លួន ឲ្យលុកលុយស៊ីក្នុងដីគេ នោះត្រូវយកផលដំណាំយ៉ាងល្អបំផុតពីស្រែចំការរបស់ខ្លួនទៅសងគេវិញ។
6. បើកាលណាមានភ្លើងឆេះគុម្ពបន្លា ហើយខ្ទាតទៅឆេះដល់ស្នឹមស្រូវ ឬស្រូវមិនទាន់ច្រូត ឬវាលស្មៅក្តី នោះអ្នកណាដែលដុតភ្លើង ត្រូវតែសងគេជាមិនខាន។
7. បើអ្នកណាផ្ញើប្រាក់ ឬជារបស់អ្វី ទុកនឹងអ្នកជិតខាង ហើយមានចោរលួចពីផ្ទះអ្នកនោះទៅ បើសិនជាគេចាប់ចោរបាន នោះចោរត្រូវសង១ជា២
8. តែបើរកចោរមិនឃើញទេ នោះត្រូវនាំម្ចាស់ផ្ទះទៅឯចៅក្រម ដើម្បីនឹងពិចារណាមើល តើអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងឬទេ។
9. ក្នុងគ្រប់រឿងរំលងច្បាប់អ្វី ទោះពីគោ ពីលា ពីចៀម ពីខោអាវ ឬពីរបស់ណាបាត់ក៏ដោយ ដែលគេនឹងប្រកាន់ថា នេះជារបស់ខ្ញុំ នោះរឿងអ្នកទាំងសងខាងត្រូវនាំទៅឯចៅក្រម បើអ្នកណាដែលចៅក្រមបានកាត់ថាមានទោស អ្នកនោះត្រូវសងគេ១ជា២។
10. បើអ្នកណាផ្ញើលា គោ ចៀម ឬសត្វណាទុកនឹងគេ ហើយសត្វនោះស្លាប់ ឬបាក់ជើង ឬមានគេនាំទៅបាត់ ឥតអ្នកណាឃើញ
11. នោះអ្នកទាំង២ត្រូវស្បថនឹងគ្នាដោយនូវព្រះយេហូវ៉ា ដើម្បីឲ្យបានដឹងជាអ្នកនោះបានដាក់ដៃលើរបស់ទ្រព្យអ្នកជិតខាងខ្លួនឬទេ ហើយម្ចាស់សត្វនឹងត្រូវរងសម្បថនោះ រួចអ្នកនោះមិនត្រូវសងសំណងទេ
12. ប៉ុន្តែបើមានគេលួចសត្វនោះទៅវិញ នោះនឹងត្រូវសងសំណងទៅម្ចាស់ជាពិត