គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:8-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. បើ​នាង​មិន​ជា​ទី​ពេញ​ចិត្ត ដល់​ចៅ‌ហ្វាយ​ដែល​បាន​យក​នាង​ហើយ នោះ​គាត់​នឹង​បើក​ឲ្យ​គេ​លោះ​នាង​ចេញ​បាន តែ​គ្មាន​ច្បាប់​នឹង​លក់​នាង​ឲ្យ​ទៅ​អ្នក​ប្រទេស​ក្រៅ​ណា ក្រោយ​ដែល​បាន​បញ្ឆោត​នាង​ហើយ​នោះ​ទេ

9. តែ​បើ​គាត់​បាន​យក​មក​បំរុង​ទុក​ឲ្យ​កូន​ប្រុស​វិញ នោះ​ត្រូវ​ប្រព្រឹត្ត​នឹង​នាង​តាម​ធម្មតា​ច្បាប់​ជា​កូន​ស្រី

10. បើ​បាន​យក​សំរាប់​ខ្លួន​ឯង រួច​ទៅ​យក​ប្រពន្ធ​១​ទៀត នោះ​មិន​ត្រូវ​បន្ថយ​អាហារ ឬ​សំលៀក‌បំពាក់ ឬ​ច្បាប់​ជា​ប្ដី​ចេញ​ពី​ប្រពន្ធ​ដើម​សោះ​ឡើយ

11. តែ​បើ‌សិន​ជា​គាត់​មិន​ធ្វើ​តាម​សេចក្ដី​ទាំង​៣​ប្រការ​នេះ​ដល់​នាង​ទេ នោះ​នាង​នឹង​ត្រូវ​ចេញ​បាន​ទទេ ឥត​សង​ប្រាក់​អ្វី​ឡើយ។

12. អ្នក​ណា​ដែល​វាយ​មនុស្ស​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សំឡាប់​ចេញ​ជា​មិន​ខាន

13. តែ​បើ​មិន​បាន​លប​វាយ​ទេ គឺ​ដោយ​ព្រះ​បាន​ឲ្យ​គេ​ស្លាប់ ដោយ‌សារ​ដៃ​អ្នក​នោះ​វិញ នោះ​អញ​នឹង​តាំង​ឲ្យ​មាន​កន្លែង​១ ដែល​អ្នក​នោះ​នឹង​រត់​ទៅ​ទី​ពឹង​បាន

14. ប៉ុន្តែ​បើ‌សិន​ជា​អ្នក​ណា​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន​ចំពោះ​អ្នក​ជិត​ខាង ទាំង​សំឡាប់​ដោយ​ឧបាយ‌កល នោះ​ទោះ​បើ​បាន​ចូល​ទៅ​ទី​ពឹង​ដល់​អាស‌នា​អញ​ក៏​ដោយ គង់​តែ​ត្រូវ​ចាប់​នាំ​ចេញ​ទៅ​សំឡាប់​ដែរ។

15. ឯ​អ្នក​ណា​ដែល​វាយ​ឪពុក ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន

16. ហើយ​អ្នក​ណា​ដែល​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទាន់​ឃើញ​កំពុង​នៅ​ក្នុង​ដៃ​នៅ​ឡើយ នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន

17. ឯ​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ដល់​ឪពុក​ឬ​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ចេញ​ជា​មិន​ខាន​ដែរ។

18. បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​អ្នក​១​បាន​យក​ថ្ម​ទៅ​គប់​អ្នក​១ ឬ​ដាល់​តប់​គេ តែ​មិន​បាន​ស្លាប់​ទេ គ្រាន់​តែ​ឈឺ​ដល់​ដេក​នៅ​គ្រែ​ប៉ុណ្ណោះ

19. បើ‌សិន​ជា​អ្នក​រង​គ្រោះ​នោះ​ក្រោក​កាន់​ឈើ​ច្រត់​ដើរ​ទៅ​ក្រៅ​បាន នោះ​អ្នក​ដែល​បាន​វាយ​នឹង​បាន​រួច តែ​ត្រូវ​សង​បំពេញ​ការ​គេ ហើយ​ត្រូវ​មើល​គេ ទាល់​តែ​បាន​ជា​ស្រឡះ​ដែរ។

20. បើ​អ្នក​ណា​វាយ​បាវ​ប្រុស ឬ​បាវ​ស្រី​ខ្លួន ដោយ​ដំបង ហើយ​បាវ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​ខ្លួន​ភ្លាម នោះ​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ជា​មិន​ខាន

សូមអានជំពូកពេញលេញ និក្ខមនំ 21