គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 21:20-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. បើ​អ្នក​ណា​វាយ​បាវ​ប្រុស ឬ​បាវ​ស្រី​ខ្លួន ដោយ​ដំបង ហើយ​បាវ​នោះ​ស្លាប់​នៅ​ក្រោម​ដៃ​ខ្លួន​ភ្លាម នោះ​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ជា​មិន​ខាន

21. ប៉ុន្តែ​បើ​បាវ​នោះ​រស់​នៅ​បាន​២​ឬ​៣​ថ្ងៃ នោះ​មិន​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ទេ ដ្បិត​បាវ​នោះ​ជា​របស់​ទ្រព្យ​ផង​គេ​ហើយ។

22. បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ‌ក្រម​កាត់​សំរេច​ឲ្យ

23. ប៉ុន្តែ​បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​វិញ

24. ត្រូវ​សង​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង

25. រលាក​ឲ្យ​ធួន​នឹង​រលាក របួស​ឲ្យ​ធួន​នឹង​របួស ជាំ​ឲ្យ​ធួន​នឹង​ជាំ​ដែរ។

26. បើ​អ្នក​ណា​វាយ​ត្រូវ​ភ្នែក​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្លួន​ឲ្យ​ខ្វាក់ នោះ​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ ដោយ​ព្រោះ​ភ្នែក

27. ហើយ​បើ​វាយ​បំបាក់​ធ្មេញ​បាវ​ប្រុស​បាវ​ស្រី នោះ​ក៏​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ​ដែរ ដោយ​ព្រោះ​ធ្មេញ។

28. បើ​គោ​ណា​ជល់​មនុស្ស​ប្រុស ឬ​ស្រី ដល់​ស្លាប់ នោះ​ត្រូវ​ចោល​គោ​នោះ​សំឡាប់​នឹង​ថ្ម​ជា​មិន​ខាន ហើយ​មិន​ត្រូវ​ទាំង​ស៊ី​សាច់​វា​ផង ឯ​ម្ចាស់​វា​ត្រូវ​រួច​ខ្លួន​វិញ

29. ប៉ុន្តែ​បើ​ពី​ដើម​គោ​នោះ​ធ្លាប់​តែ​ជល់​គេ ក៏​មាន​គេ​បាន​ប្រាប់​ដល់​ម្ចាស់​ហើយ តែ​ម្ចាស់​មិន​បាន​ឃុំ‌ឃាំង​វា ហើយ​វា​ជល់​មនុស្ស​ប្រុស​ឬ​ស្រី​ឲ្យ​ស្លាប់​ទៅ នោះ​ឯ​រូប​គោ ត្រូវ​គេ​ចោល​សំឡាប់​នឹង​ថ្ម ឯ​ម្ចាស់​ក៏​ត្រូវ​ស្លាប់​ដែរ

30. តែ​បើ​គេ​ចាប់​ឲ្យ​សង​ថ្លៃ​ជំនួស​ជីវិត​វិញ នោះ​ក៏​ត្រូវ​ឲ្យ​ម្ចាស់​សង​គេ​តាម​ដែល​គេ​បង្គាប់​ទាំង​អស់​ចុះ

សូមអានជំពូកពេញលេញ និក្ខមនំ 21