គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 20:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។

16. កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។

17. កុំ​ឲ្យ​លោភ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ក៏​កុំ​ឲ្យ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ​ក្តី ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។

18. កាល​បណ្តា‌ជន​ទាំង​អស់​គ្នា បាន​ឮ​ផ្គរ‌លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេក‌បន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ នោះ​ស្រាប់​តែ​គេ​ញ័រ​រន្ធត់ ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​ឆ្ងាយ​វិញ

19. គេ​និយាយ​នឹង​ម៉ូសេ​ថា សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​រាល់​គ្នា តែ​ខ្លួន​លោក​បាន​ហើយ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ​មាន​ព្រះ‌បន្ទូល​នឹង​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់

20. ម៉ូសេ​ក៏​តប​ថា កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​បាប​ឡើយ

21. ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។

22. ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បង្គាប់​ទៅ​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ខ្លួន​ឯង​រាល់​គ្នា​បាន​ឃើញ​ថា អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ពី​លើ​ស្ថាន‌សួគ៌​មក

23. ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សំរាប់​ខ្លួន​ឡើយ។

24. ត្រូវ​ឲ្យ​ឯង​យក​ដី​ស្អាង​អាស‌នា​ឲ្យ​អញ ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ជា​ចៀម ហើយ​នឹង​គោ​របស់​ឯង នៅ​លើ​អាស‌នា​នោះ ឯ​អញ​នឹង​មក​ឲ្យ​ពរ​ដល់​ឯង​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​អញ​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​អញ

25. បើ​ឯង​ស្អាង​អាស‌នា​ពី​ថ្ម ឲ្យ​អញ នោះ​កុំ​ឲ្យ​យក​ថ្ម​ដាប់​ឡើយ ដ្បិត​កាល​ណា​ឯង​យក​ពន្លាក​មក​ដាប់​ថ្ម នោះ​ឈ្មោះ​ថា​ឯង​បាន​ធ្វើ​ឲ្យ​ថ្ម​នោះ ទៅ​ជា​របស់​ដែល​មិន​ស្អាត​វិញ

26. ក៏​កុំ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ដើម្បី​ឡើង​ទៅ​ឯ​អាស‌នា​អញ​ឡើយ ក្រែង​គេ​ឃើញ​កេរខ្មាស​ឯង។

សូមអានជំពូកពេញលេញ និក្ខមនំ 20