គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 19:11-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ហើយ​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣ ដ្បិត​នៅ​ថ្ងៃ​ទី​៣​នោះ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​គេ​ឃើញ

12. ត្រូវ​ឲ្យ​ឯង​ដាក់​កំណត់​គោល​ចារឹក​នៅ​ជុំវិញ ឲ្យ​បណ្តា‌ជន​គ្រប់​គ្នា ដោយ​ប្រាប់​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​ឡើយ កុំ​ឲ្យ​ទាំង​ជាន់​ដល់​ជើង​ភ្នំ​ផង ដ្បិត​អ្នក​ណា​ដែល​ជាន់​ដល់​ភ្នំ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន

13. នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ

14. ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​ឯ​ពួក​ជន​រាល់​គ្នា​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​ខោ​អាវ​គ្រប់​គ្នា

15. រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។

16. លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃលែង រួច​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា

17. នោះ​ម៉ូសេ​លោក​នាំ​គេ​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ទៅ​ជួប​នឹង​ព្រះ គេ​ឈរ​ដំរៀប​គ្នា​នៅ​ទី​ជើង​ភ្នំ

18. ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។

19. កាល​ឮ​សូរ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើង នោះ​ម៉ូសេ​ក៏​ទូល ហើយ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​មក​លោក

20. ព្រះ‌យេហូវ៉ា ទ្រង់​យាង​ចុះ​មក​លើ​កំពូល​ភ្នំ​ស៊ី‌ណាយ ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​ពី​លើ​កំពូល​ភ្នំ រួច​ម៉ូសេ​ក៏​ឡើង​ទៅ

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តា‌ជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់

22. ឯ​ពួក​សង្ឃ​ដែល​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​គេ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដែរ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ

23. ម៉ូសេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេហូវ៉ា​ថា បណ្តា‌ជន​ទាំង‌ឡាយ នឹង​ឡើង​មក​ដល់​ភ្នំ​ស៊ី‌ណាយ​ពុំ​បាន ដ្បិត​ទ្រង់​បាន​ហាម​ផ្តាច់​ហើយ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ដាក់​គោល​ចារឹក​នៅ​ជុំវិញ​ភ្នំ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ​ផង

24. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ថា ទៅៗ ចូរ​ឯង​ចុះ​ទៅ រួច​ឡើង​មក​វិញ នាំ​ទាំង​អើរ៉ុន​មក​ជា​មួយ​ផង តែ​កុំ​បើក​ឲ្យ​ពួក​សង្ឃ និង​ពួក​ជន ទំលាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា​ឡើយ ក្រែង​ទ្រង់​នឹង​ប្រហារ​គេ

25. ដូច្នេះ ម៉ូសេ​ក៏​ចុះ​ទៅ​ប្រាប់​ដល់​ពួក​ជន​ទាំង‌ឡាយ។

សូមអានជំពូកពេញលេញ និក្ខមនំ 19