គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 16:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. គេ​និយាយ​នឹង​លោក​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​សំឡ ហើយ​បាន​ទទួល​ទាន​បាយ​ឲ្យ​ឆ្អែត នោះ​ជា​ជាង ដ្បិត​ដែល​អ្នក​បាន​នាំ​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ នោះ​គឺ​ដើម្បី​តែ​សំឡាប់​ពួក​ជំនុំ​នេះ​ទាំង​អស់​ដោយ​អត់‌ឃ្លាន​ទេ។

4. បន្ទាប់​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​បណ្តា‌ជន​ចេញ​ទៅ​រើស​ឲ្យ​ល្មម​តែ​១​ថ្ងៃ​រាល់ៗ​ថ្ងៃ ដើម្បី​ឲ្យ​អញ​បាន​ល្បង‌ល​គេ​មើល តើ​គេ​នឹង​ដើរ​តាម​ច្បាប់​របស់​អញ​ឬ​ទេ

5. ដល់​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ឲ្យ​គេ​រើស​លើស​ជាង​ធម្មតា​១​ជា​២ យក​ទៅ​រៀប‌ចំ​ទុក។

6. ម៉ូសេ និង​អើរ៉ុន ក៏​ប្រកាស​ប្រាប់ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នៅ​ល្ងាច​នេះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

7. ហើយ​ដល់​ព្រឹក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​យើង​ដូច្នេះ

8. ម៉ូសេ​ក៏​ប្រាប់​ថា ល្ងាច​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់ ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ដល់​ព្រឹក​ឡើង​នឹង​ប្រទាន​នំបុ័ង​ឲ្យ​ចំអែត ដ្បិត​ទ្រង់​បាន​ឮ​ពាក្យ​ដំអូញ ដែល​អ្នក​រាល់​គ្នា​ត្អូញ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​ដូច្នេះ នោះ​មិន​មែន​ត្អូញ‌ត្អែរ​ទាស់​នឹង​យើង​ទេ គឺ​នឹង​ព្រះ‌យេហូវ៉ា​វិញ។

9. រួច​ម៉ូសេ លោក​ប្រាប់​អើរ៉ុន​ឲ្យ​បង្គាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដំអូញ​របស់​អ្នក​រាល់​គ្នា​ហើយ

10. កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក

11. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា

12. អញ​បាន​ឮ​សេចក្ដី​ត្អូញ‌ត្អែរ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា នៅ​ល្ងាច​នេះ ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​សាច់ លុះ​ដល់​ព្រឹក​ឡើង នោះ​នឹង​ចំអែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ពិត។

13. លុះ​ដល់​វេលា​ល្ងាច នោះ​ក៏​មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ទី​ដំឡើង​ត្រសាល ហើយ​ដល់​ព្រឹក​ឡើង ក៏​មាន​ទឹក​សន្សើម​នៅ​ជុំវិញ

14. កាល​ទឹក​សន្សើម​ស្ងួត​ទៅ​ហើយ នោះ​ឃើញ​នៅ​ពេញ​ទាំង​ទី​រហោ‌ស្ថាន សឹង​ដ៏​មាន​គ្រាប់​ល្អិតៗ ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី

សូមអានជំពូកពេញលេញ និក្ខមនំ 16