គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 16:12-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. អញ​បាន​ឮ​សេចក្ដី​ត្អូញ‌ត្អែរ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា នៅ​ល្ងាច​នេះ ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​សាច់ លុះ​ដល់​ព្រឹក​ឡើង នោះ​នឹង​ចំអែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ពិត។

13. លុះ​ដល់​វេលា​ល្ងាច នោះ​ក៏​មាន​សត្វ​ក្រួច​ហើរ​មក​គ្រប​នៅ​លើ​ទី​ដំឡើង​ត្រសាល ហើយ​ដល់​ព្រឹក​ឡើង ក៏​មាន​ទឹក​សន្សើម​នៅ​ជុំវិញ

14. កាល​ទឹក​សន្សើម​ស្ងួត​ទៅ​ហើយ នោះ​ឃើញ​នៅ​ពេញ​ទាំង​ទី​រហោ‌ស្ថាន សឹង​ដ៏​មាន​គ្រាប់​ល្អិតៗ ដែល​មើល​ទៅ​បែប​ដូច​ទឹក​សន្សើម​កក ឡើង​ស‌ស្គុស​នៅ​លើ​ដី

15. កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​អ្វី​ហ្ន ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ រួច​ម៉ូសេ​ប្រាប់​ថា នេះ​គឺ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុក​ជា​អាហារ​ហើយ

16. នេះ​ហើយ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​អ្នក​រាល់​គ្នា​រើស​យក​ល្មម​តែ​នឹង​បរិភោគ​ឆ្អែត​គ្រប់​គ្នា​ចុះ គឺ​ជា​១​ខ្ញឹង​ម្នាក់ តាម​ចំនួន​ពួក​អ្នក​រាល់​គ្នា គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​ដល់​ពួក​អ្នក​ដែល​នៅ​ត្រសាល​របស់​ខ្លួន

17. ពួក​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ខ្លះ​រើស​បាន​ច្រើន​ខ្លះ​បាន​តិច

18. តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ

19. រួច​ម៉ូសេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ណា​ទុក​ឲ្យ​សល់​ដល់​ព្រឹក​ឡើយ

20. តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​ដល់​ព្រឹក នោះ​ក៏​កើត​មាន​ដង្កូវ​មាន​ក្លិន​ស្អុយ ម៉ូសេ​ក៏​ខឹង​នឹង​គេ

21. គេ​ក៏​តែង‌តែ​រើស​រាល់​តែ​ព្រឹក​ឲ្យ​ល្មម​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា លុះ​ដល់​ថ្ងៃ​ក្តៅ នំ​នោះ​ក៏​រលាយ​ទៅ។

22. លុះ​ដល់​ថ្ងៃ​ទី​៦ គេ​ក៏​រើស​នំ​នោះ​បាន​ចំនួន​២​ភាគ គឺ​២​ខ្ញឹង​គ្រប់​គ្នា រួច​អស់​ទាំង​មេ​លើ​ពួក​ជំនុំ​ក៏​មក​ប្តឹង​ដល់​ម៉ូសេ

23. តែ​លោក​ឆ្លើយ​ថា នោះ​គឺ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ទេ ដ្បិត​ថ្ងៃ​ស្អែក​ជា​ថ្ងៃ​សំរាក គឺ​ជា​ថ្ងៃ​ឈប់​សំរាក​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា អាហារ​ណា​ដែល​ត្រូវ​ដុត នោះ​ឲ្យ​ដុត​ចុះ ហើយ​អាហារ​ណា​ដែល​ត្រូវ​ស្ងោរ ក៏​ឲ្យ​ស្ងោរ​ទៅ ឯ​អាហារ​ដែល​សល់ នោះ​ត្រូវ​ទុក​ដល់​ព្រឹក​ឡើង​សំរាប់​អ្នក​រាល់​គ្នា

24. គេ​ក៏​ទុក​ដល់​ព្រឹក​តាម​បង្គាប់​ម៉ូសេ តែ​នំ​នោះ​ឥត​មាន​ធុំ​ក្លិន​ស្អុយ​អ្វី​ទេ ដង្កូវ​ក៏​មិន​បាន​កើត​ដែរ

25. រួច​ម៉ូសេ​ប្រាប់​ថា ត្រូវ​បរិភោគ​សំណល់​នោះ​នៅ​ថ្ងៃ​នេះ ដ្បិត​ជា​ថ្ងៃ​ឈប់​សំរាក​ថ្វាយ​ព្រះ‌យេហូវ៉ា ថ្ងៃ​នេះ​អ្នក​រាល់​គ្នា​នឹង​រក​នៅ​ឯ​វាល​ទៀត​គ្មាន​ទេ

26. អ្នក​រាល់​គ្នា​នឹង​រើស​នំ​នេះ​បាន​តែ​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​គ្មាន​ទេ ព្រោះ​ជា​ថ្ងៃ​ឈប់​សំរាក។

27. នៅ​ថ្ងៃ​ទី​៧ ក៏​មាន​អ្នក​ខ្លះ​ចេញ​ទៅ​រើស​នំ​នោះ​ដែរ តែ​រក​គ្មាន​សោះ

28. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា តើ​ឯង​រាល់​គ្នា​មិន​ព្រម​ធ្វើ​តាម​បញ្ញត្ត ហើយ​នឹង​ច្បាប់​អញ​ដល់​កាល​ណា​ទៀត

29. មើល ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​ថ្ងៃ​ឈប់​សំរាក នោះ​បាន​ជា​ក្នុង​ថ្ងៃ​ទី​៦ ទ្រង់​ក៏​ប្រទាន​នំ​ឲ្យ​ល្មម​គ្រាន់​ដល់​២​ថ្ងៃ ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ក្នុង​កន្លែង​ឯង​ចុះ កុំ​ឲ្យ​អ្នក​ណា​ចេញ​ទៅ​ក្រៅ​នៅ​ថ្ងៃ​ទី​៧​ឡើយ

30. ហេតុ​នោះ​បណ្តា‌ជន​គ្រប់​គ្នា​ក៏​សំរាក​នៅ​ថ្ងៃ​ទី​៧​នោះ

សូមអានជំពូកពេញលេញ និក្ខមនំ 16